ភ្នំពេញ ៖ ថ្នាក់ដឹកនាំសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association-CREA) លើកឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា រាជរដ្ឋាភិបាល បានបិទសិទ្ធិសេរីភាព ការជួបជុំរបស់សមាគម ឬក្រុមអង្គការសង្គមស៊ីវិលណា ដែលបង្កបញ្ហាអសន្តិសុខ ដល់សង្គមជាតិប៉ុណ្ណោះ ។
លោក ឃាង ពុទ្ធី ប្រធាន CREA បានចាប់អារម្មណ៍ថា ជាទូទៅរាជរដ្ឋាភិបាល បានបើកចំហដល់សមាគម ឬសង្គមស៊ីវិលណា ដែលបានជួបជុំពិភាក្សាគ្នា ផ្តល់ផលប្រយោជន៍ ដល់សង្គមជាតិ និងសេដ្ឋកិច្ច។
ការលើកឡើងរបស់ថ្នាក់ដឹកនាំ CREA នេះក្រោយពីសហភាពអឺរ៉ុប(EU) អះអាងថា សិទ្ធិសេរីភាព សមាគមនិងប្រជុំ បានរួមតូច ក្រោយពីមានការជួបជុំគ្នា ដើម្បីប្រារព្ធខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ ។
ជាមួយគ្នានេះ សហភាពអឺរ៉ុបបានវាយតម្លៃថា លំហរសេរីភាពសមាគម និងការជួបជុំរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល កាន់តែរួមតូច និងបិទសិទ្ធិសេរីភាព។
លោក ពុទ្ធី ថ្លែងថា “ជាការកត់សម្គាល់ ជាទូទៅថា រាជរដ្ឋាភិបាល បានដកចេញពីប្រតិទិន ឈប់សម្រាកប្រចាំឆ្នាំរបស់កម្ពុជា ថ្ងៃ១០ ធ្នូ ទិវាសិទ្ធិមនុស្ស ចាប់ពីឆ្នាំ២០២០តទៅ ក្រោយពីរាជរដ្ឋាភិបាល កាត់បន្ថយថ្ងៃឈប់សម្រាក ដើម្បីត្រៀមប្រឈមទៅនឹងការព្យួរ រឺកាត់ប្រព័ន្ធអនុគ្រោះពន្ធរបស់EU (EBA) ជាហេតុធ្វើឱ្យអង្គការសិទ្ធិមនុស្សក្នុងស្រុក នៅក្រៅស្រុកមួយចំនួន ប្រតិកម្ម និងចោទរាជរដ្ឋាភិបាល បិទសិទ្ធិសេរីភាព”។
យ៉ាងណាក៏ដោយ ការប្រារព្វទិវាសិទ្ធិមនុស្ស នឹងបន្តធ្វើជាធម្មតា នៅឆ្នាំបន្តបន្ទាប់ បើទោះជាមិនមាននៅក្នុងប្រតិទិនឈប់សម្រាកផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក្តី។ តួយ៉ាងដូចទិវាប្រយុទ្ធជំងឺគ្រុនស្វិតដៃជើង ទិវាជនពិការ ទិវាប្រឆាំងជំងឺរបេងហង់សិន។ល។
ប្រធានសមាគមរូបនេះ បន្ថែមថា ប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយសភានិយម និងសេរីពហុបក្ស នៅក្នុងរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទិ្ធសេរីភាពពេញលេញ ជូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសគណបក្ស សិទ្ធិសេរីភាពបញ្ចេញមតិ។ល។ “គ្មានទេការបំបិទសិទ្ធិសេរីភាព ចំពោះពលរដ្ឋ លើកលែងពាក់ព័ន្ធសកម្មភាពណា ដែលផ្ទុយនឹងច្បាប់កំណត់តែប៉ុណ្ណោះ ហើយកម្ពុជា ក៏គ្មានកាតព្វកិច្ចណា ដែលត្រូវតែគោរពការសម្រេចចិត្តរបស់ប្រទេសណាមួយនោះដែរ ដរាបស្ថាប័ននីតិបញ្ញត្តិ និងព្រះមហាក្សត្រ មិនអនុម័តយល់ព្រម ស្របតាមរដ្ឋធម្មនុញ្ញនោះ”។