ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ខ្លាលឿងមាស ជាប្រភេទសត្វកម្រនៅលើពិភពលោក មានវត្តមាន ក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា តាមរយៈទិន្នន័យរូបភាពបាន ពីម៉ាស៊ីនថតស្វ័យប្រវត្តិ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថានបាន បានថ្លែងថា «យោងតាមទិន្នន័យរូបភាព ដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនៈគិរី មានវត្តមាន សត្វខ្លាលឿងមាស ដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES»។
លោកបន្ដថា យោងតាមទិន្នន័យរូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យ ដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះ ក្នុងនោះ ប្រភេទសត្វព្រៃជាច្រើនដែល ជាប្រភេទសត្វកម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិ ដីគោកខាងកើតទន្លេមេគង្ក នៃក្រសួងបរិស្ថាន បានដាក់រយៈពេល ៣ ខែ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១។
លោករដ្ឋលេខាធិការបន្ថែមថា តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិមាន៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ ហើយការកំណត់បែងចែកតំបន់ គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ឱ្យបាន ច្បាស់លាស់អំពីក្របខ័ណ្ឌគតិយុត្ត ការងារគ្រប់គ្រង បច្ចេកទេស និងផ្អែកលើបទពិសោធន៍ និងការអនុវត្តល្អៗពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទាំងនេះសំដៅធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងនិងអភិរក្សប្រព័ន្ធ តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ បង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋាន កាត់បន្ថយការពឹងផ្អែកអាស្រ័យលើផលព្រៃឈើ និងធានាបាននូវតុល្យភាពរវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើ៕