ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

កុមារតូចៗ មិនត្រូវបានអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។

ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

លោកបន្តថា កុមារតូចៗ ត្រូវបានលើកទឹកចិត្តឲ្យមកព្យាបាលនៅតាមបណ្ឌលព្យាបាលដែលរៀបចំដោយក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ ។

លោក ង៉ូវ កាង បានលើកឡើងថា “កុមារតូចដែលមានហានិភ័យដល់គ្រោះថ្នាក់អាយុជីវិត ក៏យើងមិនអនុញ្ញាតដែរ (មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះ ។ ជាទូទៅក្នុងការអនុវត្តជាក់ស្តែង កន្លងមកនេះ យើងជួប កុមារតូចគឺក្រុមគ្រួសារគឺគាត់បារម្ភជាងយើងជាអ្នកផ្តល់សេវាទៀត ហើយគាត់តែងតែទាក់ទងទីតាំងដាក់ព្យាបាលពួកគាត់ ជាពិសេសទៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា ។ កុមារធំ ៥ ឬ៦ឆ្នាំ និយាយស្តាប់គ្នាបាន ងាយស្រួលក្នុងការថែទាំគាត់ គ្មានហានិភ័យ គឺអាចមាន ហើយយើងក៏អនុញ្ញាតដែរ” ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ឲ្យដឹងទៀតថា ចាស់ជរាដែលមានជំងឺប្រចាំកាយ ក៏មិនត្រូវបានអនុញ្ញាតឲ្យព្យាបាល ដោយខ្លួនឯងតាមផ្ទះនោះដែរ ។

ចំពោះការថែទាំ និងព្យាបាលកូវីដ១៩ នៅតាមផ្ទះ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ១០៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ២៦៨នាក់ ពោលអ្នកកំពុងបន្តព្យាបាលតាមផ្ទះ ចំនួន ៧៦៥នាក់ ។ អ្នកទាំងអស់នេះ ត្រូវបានសាកល្បង និងស្ម័គ្រចិត្ត យកការព្យាបាលដោយខ្លួនឯងតាមផ្ទះចាប់តាំងពីដើមខែឧសភា ។ នេះបើតាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ៕

លោកស្រី ឱ វណ្ណឌីន ៖ ពលរដ្ឋ ត្រូវអនុវត្តវិធានការ សុខាភិបាល បន្ទាប់ពី WHO ថា កម្ពុជាកំពុងឈានឆ្ពោះ ទៅរកការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ (Video)

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការ សុខាភិបាល ធ្វើយ៉ាងណាកុំឲ្យកម្ពុជា ដើរហួសបន្ទាត់ក្រហម ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប នាំគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ទាំងអស់គ្នា ។

ថ្មីៗនេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបង្ហាញក្ដីកង្វល់ថា កម្ពុជាកំពុងឈាន ឆ្ពោះទៅរកការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលធ្វើឲ្យមូលដ្ឋាន សុខាភិបាលសាធារណៈ មិនអាចទ្រទ្រង់បាន ។ កត្តាទាំងនេះនឹងធ្វើឲ្យអត្រាមរណៈកាន់តែកើនឡើង ហេតុដូច្នេះហើយ បុគ្គលគ្រប់រូប ត្រូវតែចូលរួមអនុវត្ត ជាបន្ទាន់នូវវិធានការសុខាភិបាល ប្រកបដោយការទទួលខុសត្រូវ និងម៉ត់ចត់ ជាទីបំផុត ។

លោកស្រី ឱ វណ្ណឌីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា «ខ្ញុំតែងតែអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋយើង ឲ្យលោកយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការ ការពារខ្លួន ដោយការចូលរួមរបស់បុគ្គលគឺសំខាន់ ណាស់ ក្នុងដំណាក់កាលនេះ ។ ប្រសិនបើយើង ទាំងអស់គ្នា មិនរួមសាមគ្គីគ្នា មិនធ្វើសកម្មភាពអ្វីទេ ការឆ្លងរាលត្បាតនេះ វានឹងអាចហួសបន្ទាត់ក្រហម ខ្ញុំបាននិយាយហើយ យើងបច្ចុប្បន្នស្ថិតនៅបន្ទាត់ក្រហម»

លោកស្រីបន្ដថា បើមិនចង់ឲ្យកម្ពុជា ហួសបន្ទាត់ក្រហមទេ ប្រជាពលរដ្ឋទាំងអស់ ត្រូវលិខិត អនុវត្តវិធានសុខាភិបាល ដើម្បីចូលរួមចំណែក បន្ថយល្បឿន នៃការចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយ ។ លោកស្រី សង្កេតឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួន នៅតែជួបជុំ និងរៀបចំពិធីផ្សេងៗ ។ ការបន្តសកម្មភាពនេះ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ។

លោកស្រីបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវរួបរួមគ្នា ក្នុងការអនុវត្តវិធានការ សុខាភិបាល ដោយត្រូវទ្រាំ លំបាកនាពេលនេះ ដើម្បីកាត់ផ្ដាច់ការ ចម្លងជំងឺកូវីដ១៩ ពីបុគ្គលមួយ ទៅបុគ្គលមួយ ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា «ប្រសិនបើយើងមិនចង់ឆ្លងកាត់នូវ ដំណាក់កាលលំបាកទេ យើងត្រូវតែហ៊ានលំបាក ក្នុងដំណាក់កាលនេះ ដើម្បីយើងឈានទៅបង្ក្រាបការចម្លង ដែលកំពុងតែរាតត្បាត នាពេលបច្ចុប្បន្ននេះ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២,៧០០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៥៤,៤៨៩នាក់ និងស្លាប់ចំនួន៩៥៣នាក់៕

ផ្លូវការហើយ! កម្ពុជា នឹងរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកានេះ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការហើយ គឺនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ និងទី៩ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងការបរទេស នៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា «ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើង នៃវីរុសបំលែងថ្មីៗ បានបង្កើតឲ្យមានរលក នៃការឆ្លងថ្មី នៅបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ» ។

សេចក្តីសម្រេចនេះ ធ្វើឡើងស្រប តាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថាការរៀបចំ កិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់ បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺ រាតត្បាតនេះបាននិងកំពុង បន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តា ប្រទេសជាច្រើន លើសកលលោកបានដាក់ចេញ នូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។

កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិត លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយ ក្នុងចំណោមឯកសារលទ្ធផល ដ៏សំខាន់ចំនួនពីរ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

សេចក្ដីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នា របស់ថ្នាក់ ដឹកនាំ ASEM ទាំងអស់ក្នុង ការធានា ឲ្យបាននូវការស្ដារឡើងវិញ ក្រោយការរាត ត្បាតជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ។ ឧត្តមមន្ត្រី ASEM បានឯកភាពឲ្យមានការ ជួបពិភាក្សាគ្នាម្ដងទៀត នៅក្នុងខែនេះ ដើម្បីសម្រេចជាស្ថាពរ នូវសេចក្ដីថ្លែងការណ៍នេះ ។

កិច្ចប្រជុំបានស្វាគមន៍ និងសារទរដល់ប្រទេសស្លូវេនី ទទួលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី ASEM មួយទៀត នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាសេចក្ដីថ្លែងការណ៍ ប្រធានអង្គប្រជុំ ASEM13 ៕

រាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកការធ្វើដំណើរចេញ-ចូល កម្ពុជា-វៀតណាម រយៈពេល១ខែ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យផ្អាកជា បណ្តោះអាសន្ន ក្នុងការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់ ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពី វៀតណាម ចូលប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ ក្រសួងការបរទេសខ្មែរ និងសហប្រតិបត្តិការអន្ដរជាតិ ថ្មីៗនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៨-១៩ ចម្លងចូល មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ»។

លោក បញ្ជាក់ថា លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែល បានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេស ពីរាជរដ្ឋាភិបាល។

លោក បន្ដថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នក ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការ ចេញ-ចូល បណ្តោះអាសន្ននេះ។

លោករដ្ឋលេខាធិការប្រចាំការ ក៏បានស្នើ ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម ត្រូវសហការជាមួយ អាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ៕

លោក សយ សុភាព៖ អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ (Video)

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។ ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific ជាយុទ្ធសាស្រ្តសេរីបើកចំហរ) ។

លោក សយ សុភាពតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា នេះបានលើកឡើងថា “ចោទគេចោទឯង សុទ្ធតែចាក់វ៉ាក់សាំងចិន ចុះអាមេរិកឲ្យទៅយួន ២លានដូសម៉េចដែរ? ។ នេះគេហៅថា វ៉ាក់សាំងនយោបាយ (វ៉ាក់សាំងBRI និង Indo-pacific)” ។

លោកថា អាមេរិកមិនដែលខ្វល់ពីខ្មែរទេ គេនៅតែចាត់ទុកយួន គឺជាបងធំនៅតំបន់ក្នុងតំបន់នេះ។ ដូច្នេះ កម្ពុជា-ចិន ជាបងប្អូនដែលមិនអាចអត់គ្នាបាន។ សន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាឆ្នាំ១៩៥៤ ចិនបានការពារកម្ពុជាមិនឲ្យ ធ្លាក់ទៅក្រោមបក្សកុម្មុយនីស្តឥណ្ឌូចិនដឹកនាំដោយយួន ហើយការពារ មិនឲ្យយួនយកខ្សែស្រប១៣ ឬ១៤ សម្រាប់បែងចែកវៀតណាមនៅពេលនោះ (មានន័យថា ខ្មែរបាត់ខេត្តស្ទឹងត្រែង) ៕

លោក សុខ ឥសាន ៖ បក្សប្រជាជន នៅតែរឹងមាំសាមគ្គីផ្ទៃក្នុងដដែល គ្មានប្រេះបែកជាពីរ រវាងសម្តេចតេជោ និងសម្តេច ស ខេង

ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា គណបក្សគ្មានការបែកបាក់អ្វីឡើយនៅតែរឹងមាំដដែល មិនដូចមនុស្សចំនួនបានលើកឡើងនោះទេ។ ការលើកឡើងរបស់លោកនេះ ក្រោយពេល ចលនានិស្សិតនៅក្រៅប្រទេសនិយាយថា “សម្តេចតេជោ ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំៗដែលនាំឲ្យគណបក្សកាន់អំណាចប្រេះបែកជាពីរ” ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dailly នាថ្ងៃ១៤ កក្កដា។

ក្នុងនោះក៏មានការលើកឡើងថា បើសិន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បែកចេញពីសម្តេចតេជោ ទៅបង្កើតបក្សមួយទៀតនឹងទទួលបានការគាំទ្រច្រើន ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ កក្កដា ថា ការលឺសូរថាគណបក្សប្រជាជនកម្ពុជាបែកបាក់នេះ មិនមែនត្រឹមលឺពេលនេះទេ បានលឺតាំងពីជាង៤០ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបានអះអាងថា គណបក្សគ្មានថ្ងៃបែកបាក់ ឬប្រេះបែកជាពីរតាមការចង់បានរបស់មនុស្សខ្លះទេ ។

លោកថា “គណបក្សប្រជាជនកម្ពុជានៅតែរឹងមាំដដែល។ ចឹងនៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនគឺថា សាមគ្គីឯកភាពផ្ទៃក្នុងគឺជាអាយុជីវិតរបស់គណបក្ស ។ រហូតមកទល់ពេលនេះដែលខ្ញុំនៅនេះតាំងឆ្នាំ១៩៧៩ មិនដែលឃើញបែកបាក់ទេ ព្រោះលក្ខខណ្ឌការងាររបស់គណបក្សប្រជាជនកម្ពុជា គេធ្វើមានលក្ខណៈបែបបទត្រឹមត្រូវ” ។

លោក សុខ ឥសាន ឲ្យដឹងទៀតថា មន្រ្តីគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់កំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានអនុវត្តទៅតាមលក្ខខណ្ឌកន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់បក្ស ។

ក្រុមចលនានិស្សិតនៅក្រៅប្រទេសតាមរយៈសេចក្តីថ្លែងការណ៍នាថ្ងៃ១៤ កក្កដា បន្តថា ការនាំប្រេះបែកជាពីររបស់គណបក្សកាន់អំណាច ដោយសារមូលហេតុ៣យ៉ាង ៖ ទី១-ទំនាក់ទំនងការបរទេសមិនបានល្អ ទី២-បញ្ហាបែកបាក់ផ្ទៃក្នុងជាតិ និងទី៣-បញ្ហាបែកបាក់ផ្ទៃក្នុងបក្ស។

ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយ វិញតាមរយៈកិច្ចសំភាសន៍ជាមួយ The Cambodia Dailly ដែរនោះក៏បានឲ្យដឹងថា ការឈានដល់ការបែកបាក់នេះ ក៏អាចមកពីសម្តេច ស ខេង ដែលបង្ហាញសេណារីយ៉ូពីការដឹកនាំតាមប្រទេសស្វីស ដឹកនាំគណៈរដ្ឋមន្រ្តីមានតែ៧រូបទេ ដោយការសម្រេចអ្វីមួយត្រូវធ្វើឡើងដោយមនុស្ស៧រូប អត់មានចេះតែនិយាយអ្វីដោយមនុស្សម្នាក់ឡើយ ។ លោកថា “ចំណុចនេះ អាចបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងមានភាពរង្គោះរង្គើ” ។

ជាមួយគ្នានេះ លោក គឹម សុខ សង្កត់ធ្ងន់ថា បើក្នុងករណីសម្តេច ស ខេង បែកពីសម្តេចតេជោ ហ៊ុន សែន ហើយទៅបង្កើតគណបក្សនយោបាយថ្មីមែននោះ សម្តេច ស ខេង នឹងទទួលជោគជ័យក្នុងលក្ខខណ្ឌប្រជាធិបតេយ្យ ដោយសារសម្តេច ស ខេង មានហិរញ្ញវត្ថុ និងកំលាំងប្រដាប់អាវុធគ្រប់គ្រាន់ ។

តបទៅលោក គឹម សុខ ថា បើមានការបែកគ្នាមែន ហើយសម្តេច ស ខេង ទៅបង្កើតបក្សមួយទៀតដោយសម្តេច ស ខេង នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា គ្មានថ្ងៃដូចលោកគឹម សុខនិយាយទេ ព្រោះសម្តេច ស ខេង បានធ្វើអ្វីៗ ដោយមានការពិភាក្សា និងឆ្លងកាត់សម្តេចតេជោជានិច្ច ។

លោក ខៀវ សុភ័គក៏បានហៅលោក គឹម សុខថា “ជាមនុស្សសសៃប្រសាទ និងឆ្កួត” ។
លោកបន្ថែមថា ដូចលើកមុនដែលលោក គឹម សុខនិយាយថា នឹងមានការលក់ក្រសួងមហាផ្ទៃ តែជាក់ស្តែងអត់មានទេ ហើយជាពិសេសក្រសួងក៏បានមានគម្រោងធ្វើថ្មី នៅលើទីតាំងចាស់ផងដែរ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “គឹម សុខ ជាអ្នកវិភាគ មានរោគសសៃប្រសាទ ពូមិនតបជាមួយទេ កន្លងមកថា ក្រសួងមហាផ្ទៃលក់អីណាណី ។ ពោលសម្តេចក្រឡាហោមគោរពសម្តេចតេជោណាស់ ដោយសូមយោបល់រាល់ពេល រាល់វេលា ក្នុងពេលធ្វើការងារ” ។

ចំពោះលោកបណ្ឌិត មាស នី អ្នកវិភាគសង្គម ក្នុងកិច្ចសំភាសន៍ជាមួយ The Cambodia Dailly ក៏បានថ្លែងក្នុងន័យការពារគណបក្សកាន់អំណាច ដូចទៅនឹងលោក សុខ ឥសានដែរថា មនុស្សជាច្រើនបានដាក់ការរំពឹងថា គណបក្សប្រជាជនកម្ពុជាបែកបាក់គ្នានោះ គឺត្រូវគេរំពឹងជាង៣០ឆ្នាំមកហើយ តែគណបក្សនេះ នៅតែមិនអាចមានសញ្ញាណាមួយបែកបាក់គ្នាបានឡើយ ៕

ឪពុកក្មេកអភិបាលខេត្តកែប ឃុបឃិតជាមួយសមាជិក ក្រុមប្រឹក្សាឃុំរំលោភយកដីរដ្ឋ ដោយគ្មានញញេីតច្បាប់

ភ្នំពេញ៖យោងតាមប្រភពព័ត៌មានដែល គួរឲ្យទុកចិត្តពីខេត្តកែប បានឱ្យដឹងថា ឪពុកក្មេក អភិបាលខេត្ត កែបបានឃុបឃិតគ្នាជាមួយបុគ្គលឈ្មោះគង់ យ័ន ជាសមាជិកក្រុមប្រឹក្សាឃុំបាន រំលោភយកដីរដ្ឋជា​ បន្តបន្ទាប់ដោយគ្មានញញេីតច្បាប់ឡេីយព្រោះ អាងមានកូនប្រសារជាអភិបាលខេត្តខណៈមកដល់ពេលនេះ ក្រុមឡានដឹកដីចំនួន១២ឡាន បាននិងកំពុងយកអាចម៍ទៅចាក់លេីទីតាំងដីរដ្ឋនោះ។

សេចក្ដីរាយការណ៍ពីខេត្តកែប បានឱ្យដឹងថា ដីរដ្ឋជាង១ហិកតាដែលត្រូវបានរំលោភស្ថិត នៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្ត កែប ៕

លោក សយ សុភាព ៖ សម រង្ស៊ី-កឹម សុខា ត្រូវអាមេរិកបោក បច្ចុប្បន្នអាមេរិក យក កឹម សុខា មកលេងនយោបាយ ជំនួស សម រង្ស៊ី

ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវរដ្ឋាភិបាលអាមេរិក បោកប្រាស់ ដើម្បីបម្រើផលប្រយោជន៍ ឲ្យមហាអំណាចនេះ ប៉ុន្តែឥឡូវដោយសារលោក សម រង្ស៊ី អស់ផលប្រយោជន៍ បែរមករកលោក កឹម សុខា ជំនួសលោក សម រង្ស៊ី វិញ ដើម្បីលេងល្បែងនយោបាយ ជាមួយអ្នកកាន់អំណាចកម្ពុជា សព្វថ្ងៃនេះ ។

ការលើកឡើងរបស់លោកនេះ ក្រោយពីលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បាននិយាយកាលពីថ្ងៃ៩ កក្កដា ថា ទ្រឹស្តីមនុស្សពីរនាក់ ជាមនុស្សតែមួយ គួរឲ្យខ្ពើមរអើម និងជាពាក្យកុហករបស់លោក សម រង្ស៊ី។ លោកបន្តថា មនុស្សម្នាក់ដើរចេញ ពីគោលការណ៍រួម ក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូ ស្មោះត្រង់ ឬជាមនុស្សតែមួយ គឺគេមានចេតនា បំផ្លាញមនុស្សម្នាក់ទៀត (ដៃគូខ្លួន) តាមរយៈការអូសទាញ ឲ្យមកគាំទ្រនិងការពារ អំពើល្មើសច្បាប់របស់គេ និងមានទោសជាមួយគេ ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស គោលការណ៍និត្យានុកូលភាព គឺអ្នកណាបំពានច្បាប់ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៦ កក្កដា ថ្លែងថា “ហេតុអីទើបដឹងពេលនេះ។ ខ្ញុំបានដឹងយូរហើយ។ ពួកគាត់ធ្លាប់និយាយបែបនេះឆ្លើយទៅនឹងសំណួររបស់លោក ជុន ចាន់បុត្រ របស់វិទ្យុអាស៊ីសេរីថា ពួកគាត់ទាំង២បែកគ្នាស្លាប់ មិនអាចបែកបានទេ ។ តែឥឡូវបែកហើយ” ។

លោកបន្តថា ពួកគាត់ធ្វើនយោបាយតាមអាមេរិកប្រឆាំងចិនដូច្នេះ អាមេរិក ត្រូវបោកអ្នកទាំង២នាក់ សិន។ បច្ចុប្បន្នអាមេរិកធិប សម រង្ស៊ីដោះដូរ ជាមួយអ្នកកាន់អំណាចយក លោក កឹម សុខា មកលេង នយោបាយ (មិនរំលោភផ្លូវច្បាប់ទេ សុំទោសទុកជាមុន) តែមិនគួរនៅឆ្នាំ២០២២ទេ គួរពន្យារហូតដល់ឆ្នាំ២០២៣” ។

លោក សយ សុភាពអះអាងថា ភូមិសាស្ត្រនយោបាយមិនអំណោយផល សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តទៀតទេ ដូច្នេះចិនដណ្តើម បានឧត្តមភាពនៅអាស៊ីហើយ។

លោកសង្កត់ធ្ងន់ថា “ខ្ញុំមើលឃើញថា ក្រុមអស់លោកនឹងឈ្លោះគ្នាដណ្តើមអំណាច តាមហ្វេសប៊ុកកាន់តែខ្លាំង ហើយនឹងពោលពាក្យថា ចាញ់បោកនយោបាយ អាមេរិក ម្តងទៀតហើយ(CIA) ។ ខ្ញុំបញ្ជាក់ជូនអ្នកនយោបាយដើរតាមអាមេរិកថា ចិននិងមហាមិត្តរបស់ចិន នឹងមិនអនុញ្ញាតឲ្យអាមេរិក និងសម្ព័ន្ធមិត្តក្រឡុកពិភពលោកទៀតទេ ទោះក្នុងរូបភាពណាក៏ដោយ” ។

លោកបន្ថែមថា ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ វាយបក និងវាយកម្ទេចតែម្តង ប្រសិនបើពួកគេបំផ្លាញសន្តិសុខជាតិ និងស្ថេរភាពប្រទេស។ គាំទ្រពេញទំហឹង នូវទស្សនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ការពារសន្តិភាពដើម្បីកសាងប្រទេសឲ្យរីកចម្រើនរុងរឿង។ ត្រូវថែរក្សាឲ្យបាននូវមហាសមិទ្ធផល «២៩ ធ្នូ ១៩៩៨» ដែលជារបស់ខ្មែរពិតប្រាកដ៕

កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី (Female Genital Mutilation)នោះទេ ប៉ុន្ដែការលើកកម្ពស់យេនឌ័រ មានការរីកចម្រើន។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ដែលបានដកស្រង់ ក្នុងបទអន្តរាគមន៍បង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស នាសម័យប្រជុំលើកទី៤៧ នៅUN កាលពីថ្ងៃ១៤ កក្កដា ។

តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បានលើកឡើងថា ជារដ្ឋភាគី នៃអនុសញ្ញាស្តីពី «ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងស្ត្រីភេទ» (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជា ការផ្តល់ជូនសេវា សុខភាពផ្លូវភេទ និងបន្តពូជ នៅតាមកន្លែងជាច្រើនដល់ស្ត្រី។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា «កម្ពុជាពុំធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ ភេទស្រ្តី (Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រទេស ក៏មានការរីកចម្រើនគួរ ឲ្យកត់សម្គាល់ ផងដែរ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បន្ដថា ដើម្បីសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជា ផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ ការលុបបំបាត់រាល់អំពើហិង្សាលើស្រ្តី និងកុមារី រួមទាំង ការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាច្រើន ដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួមមាន ៖ ការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូនក្នុងគោលដៅការពារ និងឆ្លើយតបឲ្យមានប្រសិទ្ធភាពចំពោះបទឧក្រិដ្ឋនេះ។

ឆ្លៀតឱកាសនោះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ក៏បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែល ដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញឡើយ ៕

កម្ពុជា ជំរុញ​អាមេរិក ផ្ដោតលើសារសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្ដោតលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។

សូមរំលឹកថា សហរដ្ឋអាមេរិក បានប្រកាសថា​ខ្លួននឹងចែករំលែក​ជា​ចំណែកៗនៃ​វ៉ាក់សាំង​សរុប ១៦លានដូស ដល់បណ្ដាប្រទេស នៅអាស៊ីទក្សិណនិងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិក នៅ​ភ្នំពេញមិន​ទាន់អាចបញ្ជាក់​នៅ​ឡើយ​ទេ​ថា​កម្ពុជា​នឹងទទួលបានប៉ុន្មា​នដូស។ ហើយជាក់ស្ដែង ឥឡូវនេះ​ឃើញថា ប្រទេសចំនួន​៣ នៅ​អាស៊ីអាគ្នេយ៍​ចាប់ផ្ដើមទទួលបានវ៉ាក់សាំង​របស់សហរដ្ឋអាមេរិក គឺវ៉ាក់សាំង Moderna។ ប្រទេស​៣ នេះរួមមាន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយសហប្រធាន លោក Saleumxay Kommasith រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកប្រាក់ សុខុន បានលើកទឹកចិត្ត សហរដ្ឋអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព ។

លោក ឧបនាយករដ្ឋមន្រ្តី បានចែករំលែកការព្រួយបារម្ភ ជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើង នូវភាពស្មុគស្មាញ នៃបញ្ហាប្រឈមនានា ដែលកំពុងកើតចេញ ពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ។

ប្រមុខការទូតកម្ពូជា ក៏បានចូលរួមពិភាក្សា អំពីបញ្ហាបន្ទាន់នៅក្នុងតំបន់ និងបានបង្ហាញនូវភាពជឿជាក់ថា ការលើកកម្ពស់ភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក នឹងផ្តល់នូវផលប្រយោជន៍ យ៉ាងសំខាន់ដល់ការកសាង សហគមន៍អាស៊ាន៕

ឪពុកក្មេក អភិបាលខេត្តកែប បញ្ឈប់សកម្មភាព រំលោភដីរដ្ឋហើយ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ដែលគួរឲ្យទុកចិត្ត ពីខេត្តកែប បានឱ្យដឹងថា ឪពុកក្មេកអភិបាលខេត្តកែប បានឃុបឃិតគ្នាជាមួយបុគ្គលឈ្មោះ យ៉ន ជាសមាជិកក្រុមប្រឹក្សាឃុំ បាន រំលោភយកដីរដ្ឋនោះត្រូវបានបញ្ឈប់ សកម្មភាពហើយ ក្រោយមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានចុះផ្សាយជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋសម្ដែងការ អបអរសាទរយ៉ាងខ្លាំង ក្រោយមានការបញ្ឈប់សកម្មភាពនេះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរត្រូវ ចាត់វិធានការ ធ្វើយ៉ាងណាឲ្យជនទុច្ចរិតទាំងនោះ កាយដីចេញវិញជាបន្ទាន់ផងដែរ។

សេចក្ដីរាយការណ៍ ពីខេត្តកែប បានឱ្យដឹងថា ដីរដ្ឋជាង ១ហិកតា ដែលត្រូវបានរំលោភស្ថិត នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ៕

ទូតជប៉ុន ជឿជាក់ថា ក្រោយគម្រោង រំដោះទឹកក្បែរវត្តភ្នំរួចរាល់ នឹងធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរបស់ប្រជាជន

ភ្នំពេញ៖ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ក្រោយគម្រោងប្រព័ន្ធរំដោះទឹក ក្បែរតំបន់វត្តភ្នំសាង់សងរួចរាល់នោះ នឹងចូលរួមចំណែក ដោះស្រាយបញ្ហាទឹកជំនន់ ជាពិសេស នឹងធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាជន ក្នុងរាជធានីភ្នំពេញ។

តាមរយៈវិដេអូជិត២នាទី របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បានឲ្យដឹងថា នាពេលថ្មីៗនេះ លោកបានទស្សនកិច្ច ក្នុងការដ្ឋានសាងសង់ ដើម្បីធ្វើឲ្យប្រសើរឡើង ប្រព័ន្ធរំដោះទឹកក្បែរតំបន់វត្តភ្នំ។ លោកថា គម្រោងនេះ គឺជាគម្រោងគាំទ្រដោយជំនួយ ឥតសំណាងរបស់រដ្ឋាភិបាលជប៉ុន។

លោកបានរំលឹកថា ការងារធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធរំដោះទឹកក្បែរតំបន់វត្តភ្នំ ចាប់ផ្ដើមសាងសង់ កាលពីខែមករា ឆ្នាំ២០១៩ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ផងដែរ។ លោកថា ក្នុងរយៈពេលនៃការសាងសង់ ២ឆ្នាំមកកន្លងនេះ អាចមានការលំបាក ចំពោះប្រជាពលរដ្ឋដំណើរ ដោយមានការកកសន្ទះចរាចរណ៍ ជាដើម។

លោកទូត មានប្រសាសន៍ថា «ខ្ញុំប្រាកដថា នៅពេលដែលក្នុងគម្រោងនេះ ត្រូវបានបញ្ចប់ វានឹងចូលរួមចំណែកដោះស្រា យបញ្ហាទឹកជំនន់ ដែលអូសបន្លាយជាយូរហើយ នៅតំបន់នេះ (ក្បែរវត្តភ្នំ)។ ខ្ញុំសង្ឃឹមថា ជំនួយរបស់ជប៉ុន នឹងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជននៅភ្នំពេញ»៕

លោក ពេជ្រ ស្រស់ ៖ការឡើងថ្លៃមុខទំនិញ និងសាំងពេល កូវីដ១៩ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព ពលរដ្ឋខ្មែរ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋខ្មែរយើងក្នុងកាលៈទេសៈនេះ។

ដោយនៅក្នុងសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្មទាក់ទងប្រេងសាំង ដែលមានតម្លៃ4100រៀល ក្នុងមួយលីតនេះគឺជាសញ្ញាបញ្ជាក់ថា ទំនិញឡើងថ្លៃខ្ពស់ គឺផ្ទុយពីពលរដ្ឋខ្មែរ រកប្រាក់ចំណូលបានទាបនៅក្នុងកាលៈទេសៈនេះ ហើយនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាព របស់ប្រជាពលរដ្ឋខ្មែរតែម្តង”៕

លោក ស៊ុន ចាន់ថុល បញ្ជាមន្ទីរសាធារណការរាជធានី- ខេត្ត រក្សាយានយន្តចាប់ឃាត់ទុក១ឆ្នាំ ឲ្យត្រឹមត្រូវ និងមិនដោះលែងជាដាច់ខាត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ថែរក្សាយានយន្តដែលចាប់ឃាត់ទុករយៈពេល ១ឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុស ត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។

លោកបានណែនាំឲ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និងមន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តការចេញប័ណ្ណបើកបរឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា «សំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយសហការជាមួយ ក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេស ក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានសំណូមពរ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សាយានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេល មួយឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់»

លោកបន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តវិធានការនេះឲ្យដូចភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរ ឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយមាត្រា ៦០ ដែលចែងថា ៖ ឡានដឹកលើស២០%ត្រូវ ឃាត់ទុកមួយឆ្នាំ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់ អំពីមាត្រាច្បាប់និងការដាក់ទោសទណ្ឌឲ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា «ធ្វើផ្លូវជាប់រហូត»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យមន្ត្រីទទួលបន្ទុក ប្ដេជ្ញាចិត្តធ្វើការងារតាមលក្ខណៈបច្ចេកទេសសាងសង់ផ្លូវឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវ ធ្វើការងារឲ្យរួចពីដៃ ធ្វើម្ដងធ្វើឲ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ ៕

រាជរដ្ឋាភិបាល ណែនាំស្ថាប័នរដ្ឋ និងឯកជន ធ្វើតេស្ដរហ័ស ជាប្រចាំយ៉ាងតិច១ដង ចន្លោះ១-២សប្ដាហ៍

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ទៅលើមន្រ្តី និងបុគ្គលិករបស់ខ្លួន ជាប្រចាំយ៉ាងតិច១ដង ក្នុងចន្លោះ ១ទៅ ២សប្ដាហ៍ ដើម្បីចូលរួមចំណែក ទប់ស្កាតការរីករាលកូវីដ-១៩ នៅកម្ពុជា។

យោងតាមគោលការណ៍ ណែនាំទូទៅ ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ-១៩ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ដោយសារការធ្វើតេស្តរហ័ស ចំណាយរយៈពេលខ្លី និងប្រើប្រាស់ថវិកាតិច ឧបករណ៍តេស្តរហ័សនេះ នឹងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងសហគមន៍ និង ការរុករកករណីលាក់បាំង (ដូចជាករណីដែលមិនមានរោគសញ្ញា) ដើម្បីរក្សានិរន្តរភាពការងារ នៅតាមទីតាំងមួយចំនួន ។

រាជរដ្ឋាភិបាលបន្ដថា ការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកវត្តមាន នៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំង ទាំងនោះ ។ ក្នុងន័យនេះ ដើម្បីពង្រឹងយន្តការកាត់ បន្ថយហានិភ័យ នៃវត្តមាន របស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងខាងលើ គោលការណ៍ណែ នាំប្រតិបត្តិ សម្រាប់ការធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ នៅតាមស្ថាប័នរដ្ឋ ឬឯកជននានា ត្រូវមានការរៀបចំឡើងជាលម្អិត។

រាជរដ្ឋាភិបាល បញ្ជាក់ថា «រៀបចំផែនការធ្វើតេស្តរហ័ស តាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត (Periodic) និងសមស្របនឹងហានិភ័យស្ថាប័ន ឬអង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើបុគ្គលិក ចំនួនយ៉ាងតិច ៥-១០% នៃបុគ្គលិកក្នុងស្ថាប័ន ឬអង្គភាព (ដោយក្នុងសំណាកនីមួយៗត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា) ។ ផែនការនេះគួរធានាថា បុគ្គលិកទាំងអស់ ដែលមានវត្តមានលើបរិវេណស្ថាប័ន ឬអង្គភាព ទទួលបានការ ធ្វើតែស្តរហ័សជាប្រចាំ (យ៉ាងតិច ១ ដង ក្នុងចន្លោះ ១ ទៅ ២ សប្តាហ៍)។ ស្ថាប័ន ឬអង្គភាពនីមួយៗ ត្រូវផ្សព្វផ្សាយឲ្យបានច្បាស់លាស់ និងទូលំទូលាយអំពីផែនការ នៃការធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន»។

រាជរដ្ឋាភិបាល បន្ថែមថា ត្រូវកំណត់បុគ្គលិក ដែលមានហានិភ័យខ្ពស់ ដូចជាបុគ្គលិក ដែលមានការប្រាស្រ័យទាក់ទង ជាមួយបុគ្គលិកផ្សេងទៀត ឬមនុស្សក្រៅស្ថាប័ន ឬអង្គភាពច្រើន រួចធ្វើតេស្តរហ័ស ឲ្យញឹកញាប់លើបុគ្គលិកទាំងនោះ ។

ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថាន សុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែន សុខាភិបាល, បណ្តាច្រកទ្វារចេញ- ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និង សម្រាប់បុគ្គលឯកជន របស់ក្រសួងសុខាភិបាល ៕

សម្តេចតេជោ៖ កម្ពុជាត្រូវការ​ ជាចាំបាច់ ចាក់វ៉ាក់សាំង កូវីដ១៩ ឲ្យក្រុមមនុស្សអាយុ ១២-១៧ឆ្នាំ ក្នុងចំនួន ១,៩លាននាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នត្រូវការជាចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យក្រុមយុវ័យ និងកុមារអាយុ១២ ទៅ១៧ឆ្នាំ ដែលមានចំនួន ប្រមាណ ១ លាន៩សែននាក់ ។

ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោមានប្រសាសន៍ថា “យើងត្រូវមានការចាំបាច់ ចាក់វ៉ាក់សាំងកូវីដ១៩ឲ្យយុវ័យ និងកុមារអាយុ ១២ទៅ១៧ឆ្នាំ ខណៈបច្ចុប្បន្នកម្ពុជា បានចាក់ឲ្យក្រុមមនុស្ស អាយុ១៨ឆ្នាំឡើង ទៅបានជាង ៥លាននាក់ហើយ” ។

សម្តេចបន្តថា កុមារអាយុពី១២-១៧ មានប្រមាណ ១លាន៩សែននាក់ ក្នុងចំណោម២លាននាក់ ដែលត្រូវការវ៉ាក់សាំង ៤លានដូស។ សម្តេចថា មកទល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំង ទាំងការទិញ និងការផ្តល់ជំនួយ មានជាង ៣១លានដូសហើយ ៕

នាយករដ្ឋមន្រ្តីកម្ពុជា ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី ១២-១៧ឆ្នាំរួច អាចឈានបើក សង្គម សេដ្ឋកិច្ច និងសាលាវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។

ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។

សម្តេចតេជោបន្តថា “ការធ្វើបែបនេះ (ចាក់វ៉ាក់សាំង) យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ជាពិសេសសាលារៀនដែលយើងបានផ្អាក បានបិទសាលាហើយឲ្យរៀនពីចំងាយ តាមរយៈប្រព័ន្ធអនឡាញ” ។

សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យយ៉ាងហោចណាស់ ក៏អាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅដែលកុមារ និងយុវវ័យពី១២ឆ្នាំឡើងទៅ ពួកគេអាចស្ថិតនៅក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេមានលទ្ធភាពដើម្បីរក្សាគំលាតក្នុងសង្គម គំលាតក្នុងថ្នាក់ ខុសប្លែកពីកុមាររៀនបឋមដែលមិនចេះពាក់ម៉ាស់ និងមិនចេះការពារខ្លួនតាមរបៀបរក្សាគំលាត” ។

សម្តេចតេជោ ក៏បានអំពាវនាវទៅដល់អាណាព្យាបាល ឬឪពុក-ម្តាយត្រៀមខ្លួនបញ្ជូនកូនៗទៅចាក់វ៉ាក់សាំង ក្នុងគ្រាដែលនឹងមកដល់នាពេលខាងមុខ ។

សម្តេចតេជោបន្ថែមថា អ្នកបានចាក់វ៉ាក់សាំងរួចហើយបានជួយទប់ស្កាត់ នៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងមែន ក៏មិនធ្វើឲ្យមានជំងឺធ្ងន់ធ្ងរ ឬឈានទៅដល់ការស្លាប់នោះទេ ។

ជាមួយគ្នានេះ សម្តេចក៏បានឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុពី១២-១៧ក្នុងពេលដំណាលគ្នា ជាមួយក្រុមមមនុស្សអាយុពី១៨ឆ្នាំឡើងទៅដោយចាប់ផ្តើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល បន្ទាប់មកខេត្តព្រះសីហនុ ធ្វើដូចករណីដែលបានធ្វើកន្លងមក ។ សម្តេចក៏បានផ្តល់ជម្រើសមួយទៀត ដោយអាចចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុ១៨ឡើងទៅរួចហើយ ត្រូវចាប់ផ្តើមចាក់ឲ្យកុមារអាយុពី១២-១៧ឆ្នាំ ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានឲ្យក្រុមគ្រូពេទ្យដែលចាក់រួចរាល់ឲ្យពលរដ្ឋចាប់ពី១៨ឆ្នាំឡើងដែលមានដូចជាខេត្តកណ្តាល និងភ្នំពេញជាដើមនោះ បន្តការងារនេះ ចាក់ឲ្យក្មេងៗពី១២-១៧ឆ្នាំតែម្តងដោយមិនចាំបាច់មានកិច្ចអន្តរាគមន៍ពីក្រុមកងទ័ពទេ ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្តាល ក៏ដូចជាខេត្តព្រះសីហនុត្រៀមចាក់វ៉ាក់សាំងឲ្យកុមារនិងយុវវ័យអាយុពី១២-១៧ឆ្នាំ ក្នុងនោះក៏ត្រូវត្រៀមបំរុងទុកជាមុនផងដែរ នូវវ៉ាក់សាំងសម្រាប់ឲ្យកុមារអាយុជាង១១ឆ្នាំដែលនឹងឈានចូល១២ឆ្នាំ ៕

ឆមាសទី១ គយប្រមូលពន្ធ ចូលជាតិជាង១ពាន់លានដុល្លារ

ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ ចំនួន៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបការងារ គយ និងរដ្ឋាករ ប្រចាំឆមាសទី ឆ្នាំ២០២១ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អគរ មានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករ លើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៨% នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប៕

សម្តេចតេជោ ដកលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ក្រោយបង្ហោះសារ ផ្ជាញ់ផ្ចាលដល់លោក ហុង ថែម ដែលទទួលមរណភាព

ភ្នំពេញ ៖ ភ្លាមៗក្រោយបានដឹងថា លោក ឌុច សុវណ្ណារី ជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហោះសារផ្ជាញ់ផ្ចាល ដល់អ្នកស្លាប់ ដែលជាមន្រ្តីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដកតំណែងចេញពីតួនាទី ។

ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារីនេះ ក្រោយពីលោកបានបង្ហោះសារ ក្នុងហ្វេសប៊ុក ក្នុងន័យផ្ជាញ់ផ្ចាលទៅលោក ហុង ថែម ដែលបានស្លាប់។ លោក ហុង ថែម ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានទទួលមរណៈដោយសារជំងឺ កាលពីប៉ុន្មានថ្ងៃមកនេះ ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៦ កក្កដា នេះ សម្តេចតេជោបានចូលរួមរំលែកទុក្ខ តាមរយៈលោកស្រី ម៉ែន សំអន ចំពោះមរណៈភាព លោក ហុង ថែម ដែលជាមន្ត្រីមួយរូប បានរួមចំណែកកសាងប្រទេស តាំងពីបាតដៃទទេ នាឆ្នាំ១៩៧៩ ។

សម្តេចបន្តថា សូម្បីតែលោកស្រី ម៉ែន សំអន ឲ្យលោក ឌុច សុវណ្ណារី ដកចេញសារក្នុងន័យផ្ជាញ់ផ្ចាល់នេះ ក៏លោកមិនព្រមដកដែរ ។

សម្តេចតេជោបន្តថា “ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំឲ្យដកចេញក៏មិនព្រមដកដែរ ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឲ្យនៅជារដ្ឋលេខាធិការ ក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យ ជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌” 

To Top