ព័ត៌មានជាតិ

ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣២៨៧ ករណី និងស្លាប់ ៦១នាក់គិតត្រឹមថ្ងៃទី២០ ខែកក្កដា នេះ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃ២០ កក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣២៨៧ ករណី និងស្លាប់ ៦១នាក់ ។

លោក អ៊ុន ចាន់ដា បានលើកឡើង ដូច្នេះនាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំបូកសរុបការងារ របស់គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ជំងឺកូវីដ១៩ ចាប់ផ្ដើមឆ្លង លើប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ដំបូងចេញពីកម្មករកម្មការិនីរោងចក្រ បន្ទាប់មកឆ្លងដល់អាជីវករ តាមបណ្ដាផ្សារ បន្ទាប់មកទៀតឆ្លង ដល់មន្ត្រីរាជការ អ្នកផ្ដល់សេវាតែម្ដង ។ ដូច្នេះរលក នៃការឆ្លងជំងឺនេះ រដ្ឋបាលខេត្តកំពង់ចាម ត្រូវតែមានវិធានការ បន្ថែមទៀត ដើម្បីអន្តរាគមន៍ ទប់ស្កាត់កុំឱ្យមានការឆ្លង ក្នុងកម្រិតទ្រង់ទ្រាយធំ និងទប់ស្កាត់អត្រាបាត់បង់ជីវិត ដោយសារជំងឺនេះ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កិច្ចការបន្ត របស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ បានរៀបចំក្រុមការងារ ទំនាក់ទំនង និងសហការ ជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ហើយក្រុមការងារ និងឆ្លើយតបបន្ទាន់ ទៅនឹងការរាតត្បាត ជំងឺនៅគ្រប់លំដាប់ថ្នាក់ ដូចជា មណ្ឌលត្រួតពិនិត្យសុខភាព ថ្នាក់ស្រុកប្រតិបត្តិ គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្ត សណ្ឋាគារមេគង្គ និងមន្ទីរពេទ្យខេត្ត ។ ការបង្កើតក្រុមគ្រូពេទ្យជួរ មុខសំរាប់ព្យាបាលជំងឺកូវីដ១៩ បានបណ្តុះបណ្តាល បង្កើតក្រុមតាមដាន និងចុះជាប្រចាំ ស្រង់យករាល់សំណាក ដែលសង្ស័យ ក្រុមការងារបែងចែក ធនធានថវិកា និងផ្គត់ផ្គង់សំភារៈ ឆ្លើយតបរាល់សកម្មភាព ក្រុមការងារ អចិន្ត្រៃយ៍ គ្រប់គ្រងរាល់ពត៌មាន របាយការណ៍ទំនាក់ ទំនងផ្សេងៗ ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបណ្តុះ បណ្តាល ដល់គ្រប់មន្ត្រីសុខាភិបាល និងនិស្សិតពេទ្យ ទាំងវិធានការការពារ ការចម្លងរោគ និងរៀបចំនូវយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំរួចរាល់ នូវមន្ទីរព្យាបាលជម្ងឺ កូវីដ១៩ មាននៅសណ្ឋាគារមេគង្គ មានចំនួន ៤០៥គ្រែ, វិទ្យាល័យ ព្រះស៊ីហនុ ចំនួន ១២១៥ គ្រែ , សាលាបថមសិក្សាដីដុះ ត្រៀម ៣០០គ្រែ និង វិទ្យាល័យសំបួរមាស ត្រៀម ៤៥០ គ្រែ ។ ក្រុមគ្រូពេទ្យព្យាបាល គឺមានចំនួន១២ក្រុមបានបណ្តុះបណ្តាលរួច (វេជ្ជបណ្ឌិត៣,គិលា.៤ , ឆ្មប ៣. អ្នកអនាម័យ ៤. អ្នកបើកបរ ១ ជាសរុប ១៥នាក់)។

To Top