ព័ត៌មានជាតិ

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេស ជូនរដ្ឋបាលខេត្តកណ្តាល

ភ្នំពេញ៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀល និងត្រីខកំប៉ុង ១,០០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩។

ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ខេត្តកណ្តាល ក៏ជាខេត្តមួយដែលបានរងការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ចេញវិធានការចាំបាច់ជាច្រើនដើម្បីទប់ស្កាត់ការរាលដាលជំងឺ។ ទន្ទឹមនឹងការដាក់ចេញវិធានការទប់ស្កាត់នេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋដោយសារការរាតត្បាតនៃជំងឺនេះផងដែរ។

រដ្ឋបាលខេត្តកណ្តាលតែងផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពលរដ្ឋដែលខ្វះខាតក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

លោក គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្ត។

សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់ពួកគេ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕

To Top