ព័ត៌មានជាតិ

លោក សយ សុភាព ផ្ដាំក្រុមប្រឆាំង កុំដើរជាន់ដាន ប្រវត្តិសាស្ត្រ ចោទគេបែរជាខ្លួន ឯងលក់ឧត្តមគតិ

ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដានពីស្ថានការណ៍នយោបាយ ក្នុងនិងក្រៅតំបន់ បានផ្ដាំទៅកាន់ក្រុមអតីតបក្សប្រឆាំងថា ​«កុំដើរជាន់ដាន ប្រវត្តិសាស្ត្រ ចោទគេបែរជាខ្លួន ឯងលក់ឧត្តមគតិខ្លួនឯង»។

សូមរំលឹកថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅកម្ពុជា ដោយយកតាមគំរូ ប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រគល់អំណាចជូនពលរដ្ឋ ។

ក្នុងព្រឹត្តិការណ៍នេះ កាសែត The Cambodia Daily Khmer បានចុះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «ក្រុមអ្នកតស៊ូមតិ សម្ដែងការព្រួយបារម្ភថា ប្រទេសវៀតណាម អាចនឹងបន្តព្យាយាម លេងល្បែង​នយោបាយ​ឈ្លានពានកម្ពុជា បន្តទៀត​តាមរូបភាពបង្កើតឲ្យមាន​គណបក្សប្រឆាំងមួយនៅ​កម្ពុជា ​ដើម្បីឲ្យពួកគេ​អាច​កាច់ចង្កូត​របស់កម្ពុជាបានទាំងស្រុង និងកាន់តែ​រឹងមាំ នៅពេលអនាគត​»។

ជាការឆ្លើយតមនឹងដាស់តឿន ទៅកាន់ក្រុមអតីតបក្សប្រឆាំង តាម​រយៈ​បណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «សូមដាក់ការពិចារណា?​អតីតមេបក្សប្រឆាំងខ្មែរ បានជួប ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាបរទេសវៀតណាម លោក ង្វៀន វ៉ាន់កឹម នៅទីក្រុងហានូយ ឆ្នាំ២០០៥ ដែលតាមធម្មតាវៀតណាម មិនធ្វើបែបនោះទេព្រោះ មេបក្សសម័យនោះជាមេបក្សប្រឆាំង។ ការជួបនេះធ្វើឡើងដោយសម្ងាត់។ ក្រោយមកមានការជួបគ្នា ច្រើនដង នៅដាក់ណាង ក្នុងពេលបក្សប្រឆាំង ប្រឆាំងបក្សកាន់អំណាច ថាជាអាយ៉ងវៀតណាម»។

លោក សយ សុភាព បញ្ជាក់ថា «កុំដើរជាន់ដាន ប្រវត្តិសាស្ត្រ ចោទគេបែរជាខ្លួន ឯងលក់ឧត្តមគតិខ្លួនឯង។ សូមបងប្អូនអតីតសកម្មជន ពិចារណាកុំឱ្យចាញ់ឧបាយកល»៕

To Top