ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PHNOM PENH) បានរៀបចំនូវកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ENTREPRENEUR SQUARE លើកទី៣ តាមរយៈ សន្និសិទសហគ្រិនកសិកម្មកម្ពុជា ក្រោមប្រធានបទ “គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព” កាលពីព្រឹក ថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ZOOM CONFERENCE។
កម្មវិធីនេះមានការចូលរួមសហការណ៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំង ទទួលបានការគាំទ្រដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អគ្គនាយកដ្ឋានកសិកម្ម សហគ្រិនខ្មែរ (KHMER ENTERPRISE) , FEED THE FUTURE, USAID, AUSTRALIAN AID និង CAMBODIA-AUSTRALIA AGRICULTURAL VALUE CHAIN PROGRAM (CAVAC)។
កម្មវិធីមួយនេះទទួលបានលទ្ធផលយ៉ាងជោគជ័យ គួរជាទីចាប់អារម្មណ៍ ដោយមានវាគ្មិនជំនាញមកពីវិស័យកសិកម្ម បណ្តាសមាគម និងដៃគូពាក់ព័ន្ធ ក្នុងការមកបកស្រាយ និងធ្វើរបាយការណ៍សំខាន់ៗ ទាក់ទិននឹង បញ្ហាប្រឈម គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣០ និងយុទ្ធសាស្រ្ត និន្នាការនៃទីផ្សារ ក៏ដូចជាឱកាស ដើម្បីគាំទ្រកម្មវិធីនានា ទាំងរដ្ឋ និងឯកជន រួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្មផងដែរ។
សន្និសិទនេះ ក៏បានឆ្លើយតបទៅនឹងបេសកកម្មរបស់ Junior Chamber International ហៅកាត់ថា JCI ក្រោមយុទ្ធនាការ JCI RISE ក្នុងការចូលរួមលើកស្ទួយ និងស្តារឡើងវិញនៃអាជីវកម្មនានា ក្នុងកំឡុងពេលនៃវិបត្តកូវីត១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជម្រុញអាជីវកម្មរបស់សមាជិករបស់ខ្លួន និងសហគ្រិនទូទៅ ដើម្បីបន្តឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយចីរភាព។
គួរជម្រាបផងដែរថា សន្និសិទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉ាក ចន្ទលីណូ ប្រធានថ្នាក់ជាតិ JCI CAMBODIA ឆ្នាំ ២០២១ កញ្ញា សែ សម្ផស្ស ប្រធានសាខា JCI PHNOM PENH ឆ្នាំ ២០២១ វាគ្មិនកិត្តិយស ឯកឧត្តម ស្រី វុទ្ធី អគ្គលេខាធិការ ក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងវាគ្មិនកិត្តិយសជាច្រើនរូបទៀតផងដែរ។
អ្វីដែលកាន់តែពិសេស នៅក្នុងសន្និសិទសហគ្រិនកសិកម្មកម្ពុជា បានប្រព្រឹត្តទៅ យ៉ាងរលូន ដែលមានការបានបែងចែកជា ៤វគ្គ ដែលវគ្គនីមួយៗ មានការចូលរួមបកស្រាយពីវាគ្មិន ដូចខាងក្រោម ៖
វគ្គទី១ លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ នៃអគ្គនាយកដ្ឋានគោលនយោបាយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកស្រី ជឺ ពន្លឺ ប្រធាន AGRICULTURAL COMPETITIVENESS, CAVAC បានឡើងមកបកស្រាយពីដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា។
វគ្គទី២ មានការបកស្រាយពីសំណាក់ ឯកឧត្តម ស្រី វុទ្ធី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដែលបានបកស្រាយ អំពី គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២១-២០៣០ ដើម្បីជាទិសដៅសម្រាប់ដៃគូ និងគម្រោងអភិវឌ្ឍន៍ ជាពិសេសសហគ្រិនកសិកម្ម ក្នុងការរៀបចំគម្រោងអោយសមស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញកសិផលទៅក្រៅប្រទេស។
វគ្គទី៣ មានការចូលរួមបកស្រាយ ពីលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក មៀវ សុខទ្រី ប្រធានសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា បានបកស្រាយអំពីករណីផ្សេងៗរបស់ធុរៈកិច្ច កសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះទៅមុខក្នុងវិស័យកសិកម្ម។
ចំណែកវគ្គចុងក្រោយ មានវាគ្មិន៣រូប គឺ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ (Khmer Enterprise) លោក ដួង សារ៉ាក់ ប្រធាន Agribusiness of IFC-Asia Pacific និងអ្នកស្រី អ៊ិត កល្យាណ ដែលជាអនុប្រធានគម្រោង Harvest II, USAID ដែលបានបកស្រាយ អំពីកញ្ចប់ជំនួយគាំទ្រទាំងកញ្ចប់ថវិកា និងបច្ចេកទេស ដល់សហគ្រិនកសិកម្មកម្ពុជា ពីគម្រោងគាំទ្រ របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
វគ្គទាំង៤ នៃសន្និសិទសហគ្រិនកសិកម្មកម្ពុជា បានញ៉ាំងអោយកម្មវិធីមួយនេះកាន់តែមានការចាប់អារម្មណ៍ និងមានការចូលរួមឆ្លើយឆ្លងនូវចម្ងល់ផ្សេងៗ រវាងវាគ្មិនកិត្តិយស និងអ្នកចូលរួមយ៉ាងសកម្មផងដែរ។
ក្រុមការងារ ENTREPRENEUR SQUARE នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PHNOM PENH) មានសេចក្តីសោមនស្សរីករាយ និងសូមធ្វើការថ្លែងអំណរគុណ ដល់អធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់វាគ្មិនកិត្តិយស ដៃគូសហការណ៍ បណ្តាអ្នកគាំទ្រ ដៃគូពាក់ព័ន្ធ អ្នកឧបត្ថម្ភនានា ដៃគូផ្សព្វផ្សាយ និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមចំណែក ក្នុងសន្និសិទសហគ្រិនកសិកម្មកម្ពុជា ប្រកបដោយផ្លែផ្កា។
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១