សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុងសំណុំរឿង អនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុល បានលើកដៃសំពះសុំឲ្យ លោក កើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និង មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ផ្អាកការអនុវត្តនិង បន្តដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមចំណាររបស់លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌នាពេលកន្លងមក។
ការដៃសំពះសុំឲ្យឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ជួយធ្វើកិច្ចអន្តរាគមន៍នេះបានកើតឡើង ក្រោយពេលអាជ្ញាសាលាបានកំណត់អោយរុះរើ លំនៅដ្ឋានដែលនាងបានរស់នៅរយះពេល៣៦ឆ្នាំចេញ ក្នុងគ្រាដែលនាង មិនមានលំនៅដ្ឋានណាផ្សេងពីនេះដើម្បីស្នាក់នៅទេ ពិសេសក្នុងបរិបទជម្ងឺកូវីដ១៩កំពុងរីករាលដាល ក្នុងខេត្តសៀមរាប ។ដូច្នេះតើឲ្យនាងនិងក្រុមគ្រួសារ៤នាក់ទៀតទៅរស់នៅទីណា? ។
ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានអះអាងថានាងមិនប្រឆាំងនឹងការសម្រេចរបស់តុលាការទេប៉ុន្តែដោយសារនាងរស់នៅលើផ្ទះទំនាស់នេះរយៈពេល៣៦ឆ្នាំ បង្កើតជាគ្រួសារមួយមានសមាជិកចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិតសុំអន្តរាគមន៍ស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធ៍មនោះលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌បានចេញលិខិតលេខ២០០កយ អកអ១៧ ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅដោយជំរាបមកលោកប្រធាននិងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបពិនិត្យដោះស្រាយជាសមត្ថកិច្ច។ដោយគ្មានដំណោះស្រាយទើបនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ឯកឧត្តម អង្គ វង្សវឌ្ឍនាបានចារលើលិខិតរដ្ឋបាលលេខ២៦១ដោយចាត់ឲ្យលោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍មទទួលបន្ទុកអាជ្ញាសាលាពិនិត្យនិងចាត់ចែងលើការស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធ៍មរបស់ស្ត្រីឈ្មោះ សាម ចាន់នេះបន្តទៀតតែមិនមានដំណោះស្រាយដដែលបែរជាលេចចេញនូវការកំណត់ឲ្យរុះរើផ្ទះចេញទៅវិញធ្វើឲ្យនាងតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។
ក្នុងលិខិតចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១ឈ្មោះសាម ចាន់ បានជំរាបជូនឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍មេត្តាជ្រាបថា កាលពីអាយុ៦ឆ្នាំនាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹមនិងរស់នៅជាមួយក្នុងនាមជាកូនចៅលើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេលដែលទាហានខ្មែរក្រហមឧស្សាហ៍ចេញចូលអុកឡុកក្នុងភូមិមកម៉្លេះដោយមានចាស់ទុំនិងអាជ្ញាធរមូលដ្ឋានធ្វើជាសាក្សី។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុលនិងកូនៗរបស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាលពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះសុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួនគឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។
លិខិតដដែលបានអះអាងប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី បានដាក់ពាក្យ បណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះដោយយោងលើលិខិតគ្រប់គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខាដោយលោកមេឃុំសំរោង តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល។ ចុងក្រោយតុលាការកំពូលបានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់រស់នៅក្រៅពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយតាមគោលការណ៍មនុស្សធម៌ជាច្រើនលើកច្រើនសារតាមរយៈឯកឧត្តម អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ថ្មីនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ផ្អាកការអនុវត្តដើម្បីបន្តដោះស្រាយគោលនយោបាយមនុស្សធម៍ឲ្យនាងដោយក្តីអនុគ្រោះ៕