ព័ត៌មានជាតិ

កម្ពុជា-វៀតណាម​ ដោះស្រាយ បញ្ហាប្រឈមកក ស្ទះចរាចរណ៍ ក្នុងវិស័យដឹកជញ្ជូន នៅច្រកព្រំដែន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោក Nguyen Van The រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនវៀតណាម នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រជុំពិភាក្សាទ្វេភាគី ស្តីពី ការដោះស្រាយបញ្ហា ប្រឈមការកកស្ទះចរាចរណ៍ នៃរថយន្តដឹកជញ្ជូនទំនិញ នៅច្រកទ្វារព្រំដែន អន្តរជាតិបាវិតកម្ពុជា-វៀតណាម ។

កិច្ចប្រជុំនេះ មានការចូលរួមពី ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ អាជ្ញាធរខេត្តស្វាយរៀង និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះពិនិត្យមូលហេតុ ដែលបណ្តាលឲ្យមានការកកស្ទះ រថយន្តដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម (បាវិត-ម៉ុកបៃ) និងរកដំណោះស្រាយ និងវិធានការជាក់ស្តែង ដើម្បីធ្វើឲ្យប្រសើរឡើងការចរាចរទំនិញ និងទេសចរ ក្នុងរយៈពេលខ្លី-មធ្យម-វែង។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានឯកភាពគ្នា លើការរីកចម្រីនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដែលបានជំរុញឲ្យមានកំណើន ទំហំពាណិជ្ជកម្មទ្វេ ភាគីនាពេលកន្លងមក ។

ភាគីទាំងពីរក៏បានប្តេជ្ញាចិត្ត ដោះស្រាយរាល់បញ្ហាប្រឈម ដើម្បីសម្រួលពាណិជ្ជកម្ម និងបន្តជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើងបន្ថែមទៀត នាពេលខាងមុខនេះ។

លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពរួមគ្នា លើដំណោះស្រាយមួយចំនួន រួមមាន៖ ធ្វើការសិក្សាលំអិតអំពីការ បង្កើតតំបន់ត្រួតពិនិត្យរួមគ្នា CCA (Common Control Area) , ការពង្រីកគម្លងចរាចរណ៍ និងលំហូររថយន្តឆ្លងកាត់ នៅច្រកទ្វារព្រំដែន បាវិត-ម៉ុកបៃ ដែលនឹងត្រូវស្នើសុំការឯកភាព ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អាជ្ញាធរមាន សមត្ថកិច្ចនៅច្រកព្រំដែន នៃប្រទេសទាំងពីរ នឹងពិនិត្យលទ្ធភាពក្នុងការបង្កើន ម៉ោងធ្វើការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១0យប់ ដើម្បីសម្រួលចរាចរណ៍ រថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន ។

ក្នុងនោះពិនិត្យលទ្ធភាពបង្កើន ចំនួនកូតា រថយន្តឆ្លងកាត់ប្រទេស ទាំងពីរ ពី ៥០០ទៅ៨០០ , ការសម្រួល ដល់ភាគីកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការបង្កើត សាខាតំណាងក្រុមហ៊ុន ដឹកជញ្ជូននៅវៀតណាម , បញ្ហាធានារ៉ាប់រង ក្នុងការដឹកជញ្ជូន និងការយកកម្រៃសេវា ដឹកជញ្ជូនឆ្លងកាត់វៀតណាម ។ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមន្រ្តី ក្រសួងសាធារណការកម្ពុជា អំពីការអភិវឌ្ឍប្រព័ន្ធផ្លូវក្រោមដី (Subway) នៅទីក្រុងហូជីមិញ។

អ្វីដែលកាន់ពិសេសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរពត៌មាន និងទស្សនវិស័យ ក្នុងការរៀបចំតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញផងដែរ៕ ដោយ៖ធី លីថូ

To Top