ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តអះអាងថា បញ្ហាកង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង បណ្ដាលឱ្យការនាំចេញអង្ករ មានការថយចុះចំនួន -២៣,៣៧% ។
យោងតាមលទ្ធផល នៃការនាំចេញកសិផលក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន។
នៅលើគេហទំព័រហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា បរិមាណអង្ករនាំចេញមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៨ខែឆ្នាំ២០២០ ដែលមានចំនួន ៤៤៨ ២០៣តោន។
លោកបន្តថា ការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន ៣៣ ៥៨២តោន កើនឡើងចំនួន ១១ ៤៥២តោន (៥១,៧៥%) បើធៀបនឹងខែសីហា ឆ្នាំ២០២០ ដែលមានចំនួន ២២ ១៣០តោន។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៤២ ៤៣២តោន ស្មើនឹង ៧០,៥៩% អង្ករសគ្រប់ប្រភេទមានចំនួន ៩៤ ៤៤១តោន ស្មើនឹង ២៧,៥០% និងអង្ករចំហុយមានចំនួន ៦ ៥៧៤តោន ស្មើនឹង ១,៩១% បរិមាណអង្ករបាននាំចេញ ទៅកាន់ទិសដៅ សហភាពអឺរ៉ុប ចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ៨៨ ២៧១តោន (ថយចុះចំនួន ៦១ ៥៧៧តោន ស្មើនឹង -៤១,០៩%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១៦៥ ៦១២តោន (កើនឡើងចំនួន ៦ ៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៥៥៣តោន(ថយចុះចំនួន ២៥ ៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១តោន (ថយចុះចំនួន ២៤ ១៥៨តោន ស្មើនឹង -៣០,៩០%)
ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៤៧ ៩០៣ តោន (៧២,១៨%) និងក្រុមហ៊ុន៤៩ដទៃទៀត បាននាំចេញត្រឹមតែ ៩៥ ៥៤៤តោន (២៧,៨២%)។
លោក វេង សាខុន គួសបញ្ជាក់ថា ការនាំចេញកសិផល សរុបក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករ មានការថយចុះចំនួន -២៣,៣៧% ដោយសារ កង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕