ភ្នំពេញ ៖ លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-សិង្ហបុរី ជាពិសេស សិង្ហបុរីក៏នឹងជួយគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក Gan Kim Yong បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២។
សម្រាប់លោក ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរគួរផ្តោតលើការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ៖ ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។
លោកបន្ដថា វឌ្ឍនភាពរៀបចំការងារសំខាន់ៗ និងទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេស ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺការចងក្រងឯកសារគន្លឹះ ស្តីពី សមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗ ៕