ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា នឹងបញ្ជូនអ្នកបច្ចេកទេស មកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០ គីឡូម៉ែត្រ ព្រមទាំង ជំរុញការសាងសង់ ផ្លូវជាតិលេខ៧១C ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ។
ក្នុងជំនួបសន្ទនាគ្នា និងរៀបចំអាហារការងារ ពេលព្រឹកជូនលោក វ៉ាង យី ទីប្រឹក្សារដ្ឋ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើង ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់ផ្លូវជាតិ លេខ៧១C គម្រោងពង្រីក និងលើកកម្រិត ផ្លូវជាតិលេខ៤១ លេខ៣៣ លេខ៣១ និងផ្លូវជាតិលេខ៣។ ជាងនេះទៅទៀត គម្រោង ប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំង ការកសាងខ្សែកាប្លិ៍ អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធ អ៊ីនធឺណេតនៅកម្ពុជា ។
ជាការឆ្លើយតប លោក វ៉ាង យី បានជំរុញការសាងសង់ផ្លូវជាតិលេខ៧១C ហើយលោកអះអាងថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាត ប្រវែង២០គីឡូម៉ែត្រ ។ ជាមួយគ្នានេះ លោកបានយកចិត្តទុកដាក់ និង ជំរុញបន្ថែមទៀត លើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបាន ចំនួន ៦១៥.៦១២តោន, ចេក ចំនួន២៧២.០២៣តោន និងស្វាយ ចំនួន២១១តោន រយៈពេល៨ ខែកន្លងមក ដែលជាការរួមចំណែក ដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេស រួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករ ដែលត្រលប់មកពីប្រទេសថៃ បានប្រកបការងារកសិកម្ម ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យចិនជួយទិញ កសិផលកម្ពុជាបន្ថែមទៀត ជាពិសេស ផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម៕