ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្ដល់ជំនួយហិរញ្ញប្បទាន ប្រមាណ៩០លានដុល្លារអូស្ដ្រាលី ស្មើនឹង ជាង៦០លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ភាពធន់ វិស័យសេដ្ឋកិច្ចនៅកម្ពុជា រយៈពេល៥ឆ្នាំ ដែលនឹងចាប់ផ្ដើមចាប់ពីឆ្នាំ២០២២ តទៅ ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក Andreas Zurbrugg អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានបញ្ជាក់ ពីការគាំទ្ររបស់អូស្ដ្រាលី ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ប្រមាណ ៦៦លានដុល្លារអូស្ដ្រាលី សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ ដែលផ្ដោតលើវិស័យសន្ដិសុខសុ ខាភិបាល, ភាពធន់សេដ្ឋកិច្ច, កសិកម្ម និងអប់រំ។
លោកបន្ដថា «ការរៀបចំគម្រោងទ្វេភាគីថ្មី ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច (Resilience Economic Development) មានទំហំហិរញ្ញប្បទាន ប្រមាណ៩០លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល៥ឆ្នាំ ដែលនឹងត្រូវចាប់ផ្ដើមចាប់ពីឆ្នាំ២០២២ នេះ រួមជាមួយលទ្ធភាពពន្យា៣ឆ្នាំបន្ថែម ទៀតផងដែរ។ គម្រោងនេះ នឹងផ្ដោត លើវិស័យអាទិភាព៤ រួមមាន ៖ទី១-វិស័យពាណិជ្ជកម្ម និងវិនិយោគ ,ទី២-កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ,ទី៣-ហេដ្ឋា រចនាសម្ព័ន្ធ និងទី៤-បរិយាប័ន្នសង្គម និងយេនឌ័រ»។
លោក Andreas ក៏បញ្ជាក់ពីការគាំទ្រ ហិរញ្ញប្បទានបន្ថែម របស់អូស្ដ្រាលីប្រមាណ ៣៥លានដុល្លារអូស្ដ្រាលី សម្រាប់គាំទ្រ ដល់ការបញ្ជាទិញវ៉ាក់សាំង កូវីដ-១៩ ចំនួនប្រមាណ៣លានដូស តាមរយៈអង្គការ UNICEF និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាជន ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ភាគីអូស្ដ្រាលី ក៏បានបញ្ជាក់ពីការបន្ដគាំទ្រ ហិរញ្ញប្បទានបន្ថែម លើកម្មវិធី ចំនួន២ផ្សេងទៀត គឺ កម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល ដំណាក់កាលទី២ (H-EQIP II) ប្រមាណ៣០លានដុល្លារអូស្ដ្រាលី និងគម្រោង Social Accountability Framework Projectដំណាក់កាលទី ២ (ISAF II) ប្រមាណ ១៥ លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ ៕