ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តី នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា ឆ្នាំ២០២០ និងឆ្នាំ២០២១ កំណើនតម្រូវការ ថាមពលអគ្គិសនី របស់កម្ពុជា បានធ្លាក់ចុះ ដោយសារឥទ្ធិពល នៃជំងឺ-១៩ ហើយរំពឹងថា តម្រូវការថាមពលអគ្គិសនី នឹងកើនឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្នុងវេទិកាធុរកិច្ច ថាមពលអាស៊ាន (ASEAN Energy Business Forum) ក្រោមមូលបទ «ផែនទីបង្ហាញផ្លូវរបស់កម្ពុជា ស្តីពីអន្តរកាលថាមពល និងកាលានុវត្តភាព ថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធថាមពល» នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ស៊ុយ សែម បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបញ្ជូលប្រភពថាមពលកកើតឡើងវិញ ទៅតាមល្បាយ នៃប្រភពថាមពលរបស់ខ្លួន។
លោក បានបន្ដថា ជាក់ស្តែងនៅឆ្នាំ២០២០កន្លងទៅនេះ ក្នុងល្បាយ នៃប្រភពថាមពល នៃកម្ពុជា មានថាមពល៦០ % ដែលបានមកពីប្រភព ឥណទានផូស៊ីល ដែលមានធ្យូងថ្ម និងប្រេង និងថាមពល៤០%ទៀត បានមកពីប្រភព ថាមពលកកើតឡើងវិញ ដែលមាន វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស ។
លោក បានបញ្ជាក់ថា «មុនឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំដែលបាន ធ្វើឲ្យកំណើនតម្រូវការ ថាមពលអគ្គិសនីមានជាមធ្យម២០% ក្នុងមួយឆ្នាំ ។ ទោះបីជាក្នុងឆ្នាំ២០២០ នឹងបន្តចូលមកឆ្នាំ២០២១នេះ កំណើនតម្រូវការ ថាមពលអគ្គិសនី របស់កម្ពុជាបានធ្លាក់ ដោយសារឥទ្ធិពល នៃជំងឺរាតត្បាតកូវីដ-១៩យ៉ាងក្តី ប៉ុន្តែមូលដ្ឋាន នៃការព្យាករណ៍របស់ មូលធិរូបិយវត្ថុពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញលឿន ក្រោយកូវីដ-១៩ ថមថយ កម្ពុជារំពឹងថា នឹងតម្រូវការថាមពលរបស់កម្ពុជា នឹងកើនឡើងខ្ពស់ សារជាថ្មីម្តងទៀត»។
លោក បានបន្ថែមថា ក្នុងបរិការណ៍នេះ ទោះបីជាកម្ពុជា មានកាតព្វកិច្ចត្រូវធានា ឲ្យសង្គម និងសេដ្ឋកិច្ចកម្ពុជា ទទួលបាននូវការផ្គត់ផ្គង់ ថាមពលមួយដែលគ្រប់គ្រាន់ មាននិរន្តភាព ស្ថេរភាព និងក្នុងតម្លៃសមរម្យ ក៏ដោយ ក៏កម្ពុជាមិនភ្លេច ក្នុងការបង្កើនល្បឿនអន្តរកាល ថាមពលកម្ពុជាឆ្ពោះទៅរកការកាត់បន្ថយ ការបញ្ចេញកាបូន និងអព្យាក្រឹត្យភាពកា បូននៅពេលអនាគតផងដែរ។
លោក បានអះអាងថា ក្រសួងបានសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការសិក្សារៀបចំផែនការ មេនូវវិស័យថាមព លអគ្គិសនីនៅកម្ពុជា រហូតដល់ឆ្នាំ២០៤០ ៕