កាលពីពេលថ្មីៗកន្លងទៅនេះ ពេលអញ្ជើញចូលរួម ការជជែកពិភាក្សាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ចិនគឺ «ការអភិវឌ្ឍជាសកល» ។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍគឺជាគន្លឹះនៃការ សម្រេចបាននូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ យើងត្រូវរួមគ្នាជំរុញការ អភិវឌ្ឍជាសកលឱ្យឡើងដល់កម្រិតកាន់តែខ្ពស់កាន់តែថ្មី ដែលប្រកបដោយតុល្យភាព កិច្ចសម្របសម្រួលនិងបរិយាប័ន្ន ។
លោកបានលើកគំនិតផ្តួចផ្តើម ៦ ចំណុចស្តីពីការអភិវឌ្ឍជាសកលមានជាអាទិ៍៖
ទី១. ប្រកាន់ខ្ជាប់ការតម្កល់ទុក ការអភិវឌ្ឍជាអាទិភាព
ទី២. ប្រកាន់ខ្ជាប់ការតម្កល់ទុក ប្រជាជនជាស្នូល
ទី៣. ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ ទូទៅនិងប្រកបដោយបរិយាប័ន្ន
ទី៤. ប្រកាន់ខ្ជាប់ការច្នៃប្រឌិត ថ្មីនូវកម្លាំងចលករ
ទី៥. ប្រកាន់ខ្ជាប់ការរួមរស់នៅ ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ
ទី៦. ប្រកាន់ខ្ជាប់ការចង្អុលបង្ហាញ ទិសដៅប្រតិបត្តិ
តាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ យើងឃើញថានេះជាការសង្កត់ធ្ងន់ថែមទៀតទៅលើគោលជំហរ ពហុភាគីនិយម និងការបើកចំហរបស់ចិនដែលបានប្រកាន់ ខ្ជាប់តាំងពីដើមមក ហើយក៏ជាការបញ្ចេញសារមួយទៅកាន់ពិភពលោកផងដែរថា ប្រទេសចិនមិនត្រឹមតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍរបស់សកល លោកតាមរយៈការផ្តល់ទីផ្សារ ដែលប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មីៗ ក៏ដូចជាជំនួយឧបត្ថម្ភជាបន្តបន្ទាប់ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងពិភពលោក ។
ជាក់ស្តែងយើងឃើញថា កន្លងមកតាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» សន្ធិសញ្ញានិងអនុសញ្ញាផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀង ភាពជាដៃគូផ្សេងៗ ព្រមទាំងយន្តការសហប្រតិបត្តិឡានឆាង-មេគង្គជាដើម ប្រទេសចិនបានរួមចំណែកដែលមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ ចំពោះការអភិវឌ្ឍជាសកល ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលធ្លាប់លើកឡើងថា ៖ ប្រទេសចិនជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចពិភពលោក និងគាំពារសុខសន្តិភាព របស់ពិភពលោក ។
ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់ យើងឃើញថាប្រទេសចិនតែងគូសបញ្ជាក់ម្តងហើយម្តងទៀតថា ពេលប្រឈមនឹងបញ្ហាសកលឬបញ្ហាប្រឈមរួម ដំណោះស្រាយដែល មានប្រសិទ្ធភាពបំផុតគឺការសាមគ្គីនិងរួមសហការគ្នា ។ អាស្រ័យហេតុនេះ យើងឃើញថា មិនថាបញ្ហាជំងឺកូវីដ-១៩ ឬបញ្ហាភេរវកម្ម បម្រែបម្រួលអាកាសធាតុ សិទ្ធិមនុស្ស គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ រក្សាសន្តិភាពនិងអភិបាលកិច្ចសកលជាដើម សុទ្ធតែមានវត្តមានរបស់ចិនដែលបានរួមចំណែកយ៉ាងសកម្មនូវ «ផែនការ កម្លាំងនិងតម្រិះប្រាជ្ញាចិន»សម្រាប់បញ្ជាក់ពីជំហរ គាំទ្រពហុភាគីនិយម ដោយឥតងាករេ និងដើម្បីឧត្តមប្រយោជន៍រួម របស់ប្រជាជនចិន និងប្រជាជនពិភពលោក ។
«ពិភពលោកជាមហាគ្រួសារមួយ មនុស្សជាតិជាសហគមន៍រួមជោគវាសនាតែមួយ» នេះជាការលើកឡើងរបស់ មេដឹកនាំកំពូលនៃប្រទេសចិន ។ ជាការពិតណាស់ រាល់ការ អភិវឌ្ឍទាំងឡាយគឺសុទ្ធតែដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម របស់មនុស្សជាតិ ពីព្រោះមិនថាពិភពលោកបានអភិវឌ្ឍដល់កម្រិតណាក្តី ក៏ត្រូវតែតម្កល់ទុកមនុស្សជាអាទិភាពបំផុតជាដរាប ។
ប្រទេសចិនមិនត្រឹមតែ ត្រូវសម្រេចសុបិនចិន ស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរួមចំណែកដល់ការជំរុញឱ្យ សម្រេចបាននូវសុបិនពិភពលោកស្តីពីសុខសន្តិភាពយូរអង្វែង និងវិបុលភាពរួមផងដែរ ពោលគឺផ្សារភ្ជាប់សុបិនចិនជាមួយសុបិនពិភពលោក ។ ប្រទេសចិនបានគូសបញ្ជាក់បែបនេះម្តងហើយម្តងទៀត ដែលជាការសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះពិភពលោកផង ហើយក៏ជាការប្រកាសប្រាប់ ពិភពលោកផងដែរថា ប្រទេសចិននឹងឈរនៅ ជាមួយពិភពលោកជានិច្ច ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺការអភិវឌ្ឍរបស់ចិន គឺជាការអភិវឌ្ឍរបស់ពិភពលោក កាលានុវត្តភាពរបស់ចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក ។
និយាយជាសរុបទៅ ល្គឹកណាដែលប្រទេសនានា លើពិភពលោកខិតខំស្វែងរកគំនិតឯកភាពរួម រក្សាទុកការខ្វែងគំនិតគ្នានៅមួយអន្លើ តម្កល់ទុកផលប្រយោជន៍ប្រជាជនជាធំ បោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ទស្សនៈផលបូកសូន្យ អញនិយមឬអនុត្តរភាពនិយម ហើយងាកមកតភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ទៅវិញទៅមកដើម្បីផលប្រយោជន៍រួម លើកតម្កើងពហុភាគីនិយម ឱ្យតម្លៃនិងថែរក្សាសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ល្គឹកនោះយើងនឹងឈានដល់ការកសាងសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិនិងការអភិវឌ្ឍជាសលដែល ជាបំណងប្រាថ្នារួម របស់ប្រជាជនលើពិភពលោក ៕
( ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃ វិទ្យុមិត្តភាពកម្ពុជា-ចិន )