កំពង់ចាម ៖ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបា លនៅវិទ្យាល័យសីហនុ នឹងត្រូវផ្ទេរយកទៅព្យាបាល នៅមន្ទីរពេទ្យថ្មី ស្ថិតក្នុងស្រុកកំពង់សៀម នាពេលបុណ្យភ្ជុំបិណ្ឌរួច ។
លោក ឃុន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ខណៈពេលអមដំណើរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ ចុះពិនិត្យការរៀបចំមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ១៩ កម្រិតស្រាល ស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ។
លោកនាយករដ្ឋបាល បានបញ្ជាក់ទៀតថា ឃ្លាំងពាណិជ្ជកម្មចំនួន ៣ ដែលកំពុងរៀបចំធ្វើមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មកដល់ពេលនេះ ជាទ្ធផលបានស្ទើរតែ ១០០% ហើយ ចំណែកកិច្ចការសេសសល់ គឺខាងជាងកំពុងតែរៀបចំបង្ហើយ នឹងត្រូវផ្ទេរអ្នកជំងឺ ពីវិទ្យាល័យសីហនុ មកព្យាបាលនៅមន្ទីរពេទ្យនេះវិញ ក្រោយបុណ្យភ្ជុំបិណ្ឌខាងមុខផងដែរ ចំណែកវិទ្យាល័យសីហនុ នឹងត្រូវរៀបចំបាញ់ថ្នាំសម្លាប់មេរោគ ប្រគល់ឱ្យសិស្សចូលរៀនវិញ ។
គួររំលឹកផងដែរថា កន្លងទៅនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំងពាណិជ្ជកម្ម ៣ ទីតាំងសម្រាប់ធ្វើជាកន្លែងចត្រាឡីស័ក និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ដោយទីតាំង ទី១ ឃ្លាំង នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ ។ ទីតាំងទី ២ ឃ្លាំងនៅក្នុងស្រុកកងមាស ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ផងដែរ ។ ទីតាំងទី៣ គឺឃ្លាំងចំនួន៣ ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់៕