ភ្នំពេញ ៖ កម្ពុជាយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង គួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព និងសេរីភាព នៃធ្វើនាវាចរណ៍ និងការហោះហើរ ។ នេះជាលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន លើកទី៣ នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាព លើការពង្រឹងឯកភាព អាស៊ានតួនាទីស្នូលរបស់អាស៊ាន និងធានារក្សាឲ្យបាននូវ សន្តិភាព និងស្ថេរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបនកម្មតំបន់អាស៊ាន។
លោកសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេចបាន «ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)» ដើម្បីជៀសវាងជម្លោះ នៅសមុទ្រចិនខាងត្បូង។ លោកថា ក្នុងឱកាសកិច្ចប្រជុំកំពូលនេះដែរ អាស៊ានអាចនឹងចេញ សេចក្ដីរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំនៃ «សេចក្ដីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ របស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC)»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជា សមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេសដែលទាមទារ អធិបតេយ្យភាព ក្នុងសមុទ្រចិនខាងត្បូង គួរតែដោះស្រាយបញ្ហាទាមទារ អធិបតេយ្យភាពដោយសន្ដិភាពស្រប តាមច្បាប់អន្ដរជាតិ»។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតអូស្រា្តលី បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូង ឲ្យគ្រប់ភាគីជម្លោះទាំងអស់ ដោះស្រាយតាមច្បាប់អន្ដរជាតិ UNCLOS។
អំពីបញ្ហានាវាមុជទឹក លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នៅពេលអនាគតឆាប់ខាងមុខ អូស្ត្រាលី នឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្ដែមិនបំពាក់អាវុធនុយក្លេអ៊ែរទេ។
ទាក់ទងនឹងបញ្ហានាវាមុជទឹក នុយក្លេអ៊ែរ នៅអូស្រ្ដាលី (AUKUS)ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសង្ឃឹមថា នឹងមិនបណ្ដាលឲ្យមាន ការរត់ប្រណាំង អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីទេ៕