ភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប(EIB) បានទទួលជំនួយឥតសំណង ក្នុងទឹកប្រាក់ ចំនួន១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ កម្មកសិកម្ម ហៅកាត់ថា(SAAMBAT) នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ សហភាពអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា គម្រោង SAAMBAT ត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវផ្លូវជនបទ ការតភ្ជាប់ទំនាក់ទំនង ទូទាំងប្រទេស ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិ និងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀងតាមរដូវ។
គម្រោងនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទចំនួនប្រមាណ ២00.000 គ្រួសារ បង្កើតការងារ ៤៥០0 កន្លែង ជាពិសេសំរាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន ៥០០ នៅទូទាំងប្រទេសកម្ពុជា។
ធនាគារវិនិយោគអឺរ៉ុបដែលជាធនាគាររបស់សហភាពអឺរ៉ុប បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បី ទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ ជំនួយឥតសំណងនេះ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន ១,៥ លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោង ដែលមានសារៈសំខាន់ សម្រាប់ការអនុវត្តគម្រោង SAAMBAT អោយបានលឿនជាងមុន។
គម្រោង SAAMBAT គឺជាការវិនិយោគ ក្នុងភាពជាដៃគូ ក្នុងទឹកប្រាក់ចំនួន ១០៥ លានអឺរ៉ូ ពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាពជីវិត និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅជនបទប្រមាណ ២00.000 គ្រួសារ តាមរយៈការផ្តល់ឱ្យពួកគេនូវបណ្តាញផ្លូវថ្នល់ដែលអាចប្រើប្រាស់ពេញមួយឆ្នាំដោយកាន់តែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធជនបទប្រសើរជាងមុន និងការផ្គត់ផ្គង់ស្បៀងអាហារដែលអាចជឿជាក់បាន។
លោក Kris Peeters អនុប្រធានធនាគារ EIB និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅ កម្ពុជា មានប្រសាសន៍ថា «ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប គឺជាជំហានមួយទៀត ដើម្បីធ្វើឱ្យសហភាពអឺរ៉ុប និងកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាដៃគូ ហើយអ្វីដែលរឹតតែសំខាន់ទៅទៀត គឺជាជំហានដែលនឹងផ្តល់ផលផ្ទាល់ដល់គុណភាពនៃជីវរភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅកម្ពុជា»
លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា «ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ ១០៥ លានអឺរ៉ូ នៅកម្ពុជា គម្រោង SAAMBAT នឹងជួយកសិករ ក៏ដូចជាប្រជាពលរដ្ឋ ជនបទ ឱ្យអាចទទួលបានទីផ្សារកាន់តែប្រសើរ និងគាំទ្រដល់ការរីកចំរើនរបស់សហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងវិស័យកសិកម្ម»។
ដោយឡែក លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់គំរោង SAAMBAT នេះ»។
លោក បានចាត់ទុក ជំនួយឥតសំណងនេះ គឺជាការរួមចំណែកដ៏សំខាន់ដល់ការពន្លឿនការអភិវឌ្ឍដោយចីរភាពនៃសហគមន៍ជនបទនៅកម្ពុជា និងការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ប្រកបដោយភាពបៃតង៕