ព័ត៌មានជាតិ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី ប្ដេជ្ញាដោះស្រាយទំនាស់ដីធ្លី-បង្ក្រាបក្រុមជនទំនើង និងគ្រឿងញៀន

ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី ដែលផ្ទេរមកពីខេត្តពោធិ៍សាត់ បានប្ដេជ្ញាចិត្តបង្ក្រាបសកម្មភាព ល្មើសច្បាប់នានា ដូចជាក្រុមជនទំនើង ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងមូលដ្ឋានខេត្ត។

ការប្រកាសរបស់លោកនេះ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តកំពតថ្មីរបស់លោក ធ្វើឡើងក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

លោក ម៉ៅ ធនិន បានថ្លែងថា «សូមប្តេជ្ញាពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ ក្រុមជនទំនើង និង យកចិត្តទុកដាក់ អនុវត្តយុទ្ធនាការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងការ គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងខិតខំដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានលទ្ធផលល្អ»។

លោកបន្ដថា នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៃគណៈអភិបាលក្រុមប្រឹក្សា និងមន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលខេត្ត និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជា វិស័យឯកជន ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋានខេត្ត ឲ្យកាន់តែរីកចម្រើន ថែមទៀត ។

ជាងនេះទៅទៀត លោកអភិបាលខេត្តកំពតថ្មី ក៏បានប្តេជ្ញាអនុវត្តឲ្យបានម៉ឹងម៉ាត់នូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) តាមរយៈការចាត់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ថា សម្តេច ស ខេង ធ្លាប់បានកោតសរសើរលោកម៉ៅ ធនិនថា ជាអភិបាលខេត្ត មានសមត្ថភាពដោះស្រាយទំនាស់នានា កាលពីជាអភិបាល ខេត្តពោធិ៍សាត់ ។ ក្រៅពីការសសើរហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់អភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសឲ្យរៀនដកស្រង់បទពិសោធន៍ និងចំណេះដឹងដោះស្រាយបញ្ហាទំនាស់នានាពីលោក ម៉ៅ ធនិន ផងដែរ ដើម្បីយកមកដោះស្រាយ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក ម៉ៅ ធនិន កាលពីជាអភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចពលរដ្ឋ ស្ទើរតែពេញប្រទេសចាត់ទុកថា ជាប៉ាវចិនស្រុកខ្មែរ ដោយលោកបានចំណាយពេលវេលា ចូលរួមដោះស្រាយ និងសម្របសម្រួលបញ្ហានានា របស់ពលរដ្ឋទាំងរឿងតូចៗ និងធំៗខ្លះ ក្រៅប្រព័ន្ធតុលាការ ដោយជោគជ័យ។ លោកបានរៀបចំជាវេទិកា ជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅសាលាខេត្តរៀង រាល់២ថ្ងៃម្តង ក្នុង១សប្តាហ៍ ដើម្បីដោះស្រាយបញ្ហា និងជម្លោះផ្សេងៗរបស់ប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ៕

To Top