ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិតសភា កម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ ខាងប្រវត្តិសាស្ត្រនិងនយោបាយ តែមិនអាចប្រើវា ជាបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជា។
ការលើកឡើង របស់លោក គិន ភា បែបនេះ ស្របពេលដែល ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនេះ នឹងឈានមកដល់នាពេលខាងមុខ ហើយត្រូវបានអ្នកវិភាគ និងអ្នកនយោបាយ គ្រប់ស្រទាប់ជាន់ថ្នាក់ យកមកវែកញែក សារជាថ្មី ដើម្បីទាញ ប្រជាប្រិយភាព រៀងៗខ្លួន ។
នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ លោក គិន ភា បានលើកឡើងថា គិតមកដល់ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ នយោបាយរួមមួយ នៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» មានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកបន្តថា ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋាននយោបាយ និងសង្គមជាតិទាំងមូល កំពុងមានសេចក្ដីសង្ឃឹម និងបានមើលឃើញសន្ដិភាព និងការកសាងជាតិឡើងវិញ ប្រកបដោយមោទនភាព ផ្ដើមចេញពីសុឆន្ទៈនិងភាព ជាអ្នកដឹកនាំកាន់តែចាស់ទុំ របស់ថ្នាក់ដឹកនាំប្រទេស និងគ្រប់ភាគីនយោបាយពាក់ព័ន្ធ។
លោក គិន ភា បញ្ជាក់ថា «ជារួម ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្ដរភាព ពិតជាពុំអាចខ្វះបាន នូវឆន្ទៈស្មារតីទទួលខុសត្រូវ និងការប្ដេជ្ញាចិត្ដ រួមរបស់កម្ពុជាខ្លួនឯងផ្ទាល់ ផ្ដល់ចំពោះបុព្វហេតុសន្ដិភាព និងការបង្រួបបង្រួមជាតិ បានឡើយ។ ទន្ទឹមនឹងនោះ សហគមន៍អន្ដរជាតិ ក៏មានចំណែកដ៏សក្ដិសម ក្នុងការបង្កភាពអនុគ្រោះ ចំពោះដំណើរការនេះ ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបន្ថែមថា សមិទ្ធផលដែលសម្រេចបាន ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងឆ្លើយតបជាវិជ្ជមាន ទៅនឹងចរន្តនៃដំណើរវិវត្ត ទស្សនទាន ស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដោយផ្អែក ជាមូលដ្ឋានលើតម្លៃ ជាសាកលក្នុងការគោរពសិទ្ធិ រស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់ឱនឱ្យគ្នាទៅវិញទៅមក សិទ្ធិមនុស្ស ភាតរៈភាព សមភាព និងការលើកតម្កើងជីវភាព របស់ប្រជាពលរដ្ឋ។
លោក គិន ភា សង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃខាងផ្នែក សីលធម៌និងជាមរតក ប្រវត្តិសាស្ត្រនិងនយោបាយ ដ៏សំខាន់ ប៉ុន្តែគេមិនអាចប្រើវា ជាបករណ៍ដើម្បីអូសទាញ ឱ្យសហគមន៍អន្តរជាតិ មកចូលពាក់ព័ន្ធដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យនោះទេ។ បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា។ សហគមន៍អន្តរជាតិ មិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនោះទេ»។
លោក បន្តថា តែទោះជាបែបបនេះក្តី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែជាកម្មវត្ថុនិងរបៀបវារៈនយោបាយ ដែលត្រូវបានពិភាក្សា យ៉ាងក្តៅគគុកស្ទើរតែរៀងរាល់ឆ្នាំ ជាពិសេស នៅពេលស្ថានការណ៍នយោបាយផ្ទៃក្នុង មិនសូវល្អ និងរាល់ពេលខួប នៃកិច្ចព្រមព្រៀងនេះ ក្នុងចំណោមអ្នកនយោបាយខ្មែរមួយចំនួន និងបរទេសខ្លះផង។
ចំពោះប្រធានបទមួយនេះ លោក គិន ភា បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom៕