ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីពេលថ្មីៗនេះ បានរៀបចំសន្និសីទ សារព័ត៌មាន អំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិស.អ. តំណាងដ៏ខ្ពង់ខ្ពស់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប.ទ. និងជាប្រធាន ក្រុមប្រឹក្សាមូលនិធិ ស.អ. អមដោយ លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការ អនុវត្តគម្រោង ស.អ. និងលោក ជី សីលា នាយកក្រុមហ៊ុន Sabay ដែលជាដៃគូសហការ រៀបចំព្រឹត្តិការណ៍ ។
ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍, គាំទ្រដោយក្រសួងចំនួន ៦រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការ ឧបត្ថម្ភដោយ មូលនិធិ ស.អ. ដែលក្នុងនោះ ចំណែកវិភាគទានធំពី ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Viettel (Cambodia) និង ICT Division ។
ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំ ដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន COMPASS Advertising។ ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ ឈានមុខប្រចាំឆ្នាំលើកទី២ របស់ព្រះរាជាណាចក្រកម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលមានគោលបំណង បង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញ សម្រាប់ការវិនិយោគ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាព នៃការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធ នឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន,
៣. បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាន នៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើង នៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារ និងផលិតភាព និងពង្រឹងភាពប្រកួតប្រជែង សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជា លើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិ និងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់ អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានា លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ, ៥. ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្ម រវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម ។
គួរបញ្ជាក់ផងដែរថា កម្មវិធីធំៗក្នុងព្រឹត្តិការណ៍ Digital Cambodia 2020 មានដូចជា៖ 1. វេទិកាថ្នាក់រដ្ឋមន្ត្រី ទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន និងកិច្ចសន្ទនា រវាងរដ្ឋមន្ត្រីទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អាស៊ាន ជាមួយនឹងវិស័យឯកជន មកពីថ្នាក់តំបន់ និងពិភពលោក, 2. វេទិកាសម្រាប់ Tech Startup, 3. វេទិកាសម្រាប់ អ្នកអភិវឌ្ឍ វិស័យបច្ចេកវិទ្យាឌីជីថល, 4. សន្និសីទ និងសិក្ខាសាលា សម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃ បច្ចេកវិទ្យាឌីជីថល, 5. ពិព័រណ៍ឌីជីថល ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់, 6. ការប្រគល់ពានរង្វាន់ Cambodia ICT Awards, Women in Tech Awards, USO and CBRD Funds Awards, and Young Entrepreneur Awards និង 7. សម្រាប់ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 នេះ គឺជាលើកទី២ហើយ ដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធាន វិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវ លើវិស័យបច្ចេកវិទ្យាឌីជីថល និងជំនាញ ដល់យុវជន ។ លោកក៏មានជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយ ដែលប្រមូលផ្តុំយុវជន ឱ្យមកចាប់អារម្មណ៍ លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នង សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការ កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៩ និង២០២០ ដែលបានដាក់ចេញ ដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ពោលគឺដើម្បី ១. ជំរុញការអភិវឌ្ឍ ធនធានមនុស្ស ខាងផ្នែកបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ២. ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ ខាងផ្នែក ប.គ.ព. និង៣. ជំរុញការអភិវឌ្ឍ Tech Startup Ecosystem ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 ថា “Digital Cambodia 2020 គឺជាសរសរស្តម្ភមួយ ដើម្បីសម្រេចបាន គោលនយោបាយ ដែលរាជរដ្ឋាភិបាល កំពុងរៀបចំ ពោលគឺគោលនយោបាយ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ លោកជឿជាក់ថា ការអភិវឌ្ឍយុវជន ប្រកបដោយ ទេពកោសល្យ នឹងចូលរួមចំណែក សម្រេចបាននូវយុទ្ធសាស្ត្រ-ចតុកោណ តំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ ជាពិសេសដើម្បីត្រៀមខ្លួន ចាប់យកសេដ្ឋកិច្ចឌីជីថល និងនិងបដិវត្តន៍ ឧស្សាហកម្មទី៤ ។
គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួម ពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន និងវាគ្មិនដែលបានចូលរួម ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ប្រមាណ ១២០ រូប។ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌ ប្រមាណ ១៧០ ស្តង់ និងសង្ឈឹមថា នឹងមានអ្នកចូលរួម លើសពី ៣០, ០០០ នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិ រួមមាន ស្ថាប័នរាជរដ្ឋាភិបាល ទូត ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវា កម្មបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ អាជីវកម្មបង្កើតថ្មី (Tech Startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍៕