ព័ត៌មានអន្តរជាតិ

វិភាគ៖ ប្រទេសចិន ឆ្លងកាត់ការលំបាកវេទនាយ៉ាងខ្លាំង ទាំងជាតិនិងអន្តរជាតិ និងមិនដែលកែប្រែគោលបំណងដើម របស់ខ្លួន ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ៖ រំលឹកខួបទី៥០ នៃការរៀបចំឡើងវិញ នូវអាសនៈស្របច្បាប់ របស់ប្រទេសចិនថ្មី នៅ អង្គការសហប្រជាជាតិ

កាលពីយប់ថៃ្ងទី២៥ ខែតុលា ឆ្នាំ១៩៧១ តាមម៉ោងក្នុងតំបន់ នៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិ ក្រុងញូវយ៉កនេះ គឺជាខណៈពេលដ៏សំខាន់ដែលបានចារឹត ក្នុងប្រវតិ្តសាស្ត្រការទូត របស់ប្រទេសចិនថ្មី ។

មហាសន្និបាត អង្គការសហប្រជាជាតិលើកទី២៦ បានអនុម័តដោយសំឡេងឆ្នោតគាំទ្រភាគច្រើន លើសលប់នូវសេចក្តីសម្រេចចិត្ត លេខ២៧៥៨ ស្តីពីការរៀបចំឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងអស់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅអង្គការសហប្រជាជាតិ។នេះជាជ័យជម្នះរបស់កិច្ចការទូតនៃប្រទេសចិនថ្មី ជាជ័យជម្នះរបស់សច្ចធម៌និងយុត្តិធម៌ នៅលើពិភពលោក ហើយក៏ជាជ័យជម្នះ នៃកម្មវត្ថុនិងគោលការណ៍របស់ធម្មនុញ្ញ អង្គការសហប្រជាជាតិ ផងដែរ។

លោក ម៉ៅ សេទុង ប្រធានរដ្ឋចិន កាលនោះធ្លាប់លើកឡើងថា ការរៀបចំឡើងវិញនូវអាសនៈស្របច្បាប់ របស់ប្រទេសចិនថ្មី នៅអង្គការសហប្រជាជាតិ គឺពឹងអាស្រ័យដោយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ ។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ប្រទេសចិន បានគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងមុតមាំ មិនងាករេ ដោយស្មារតីនៃការរួមសុខ រួមទុក្ខ ជាមួយគ្នា ហើយក៏បានបញ្ចេញមតិ ដ៏ត្រឹមត្រូវក្នុងន័យ ផ្តល់ការគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ យ៉ាង មុតមាំ មិនងាករេ ផងដែរ។

ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ប្រទេសចិន ហ៊ានរ៉ាប់រងតួនាទីរបស់ខ្លួន និងបង្ហាញឱ្យឃើញនូវកាតព្វកិច្ច និងទំនួលខុសត្រូវ របស់ប្រទេសធំ គាំពារនិងអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដជាប់រហូតមក ក៏ដូចជាជំរុញឱ្យ ទំនាក់ទំនងអន្តរជាតិមាន ប្រជាធិបតេយ្យ ផងដែរ។

ប្រទេសចិន ធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្រេចបាននូវ ការងើបឡើងរួមជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រកាន់ខ្ជាប់ទស្សនៈ អភិបាលកិច្ចសកល ដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាង និងចែករំលែក ជាមួយគ្នា ក៏ដូចជាបង្ហាញពីមតិត្រឹមត្រូវ ក្នុងន័យផ្តល់ការគាំទ្រ ដល់ប្រទេសណាមួយ ដែលគាំពារ ភាពសច្ចយុត្តិធម៌ នៅលើពិភពលោក ជាដរាបមក។

ប្រទេសចិន បានឆ្លងកាត់ការលំបាកវេទនា យ៉ាងខ្លាំង ទាំងជាតិនិងអន្តរជាតិ និងមិនដែលកែប្រែគោលបំណងដើម របស់ខ្លួនក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ធំជាងគេ នៅលើពិភពលោក និងរដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវកម្មវត្ថុនិងគោលការណ៍ របស់ធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាប់រហូតមក ហើយបានផ្សាយទូលាយយ៉ាងខ្លាំងក្លា នូវស្មារតីនិងទស្សនៈនៃពហុភាគីនិយម។

ប្រទេសចិន បានបង្កើតអច្ឆរិយនៃការវិវឌ្ឍរីកចម្រើន របស់មនុស្សជាតិ តាមរយៈការអភិវឌ្ឍរបស់ខ្លួន ព្រមពេលជាមួយគ្នានេះ ក៏បានរួមចំណែកកាន់តែច្រើនឡើងៗ ក្នុងការជំរុញ បុព្វហេតុសនិ្តភាពនិងការអភិវឌ្ឍ នៃពិភពលោកផងដែរ ។

ពីការត្រូវបដិសេធ មិនឱ្យចូលរួម អង្គការសហប្រជាជាតិ ដល់ការក្លាយជាសមាជិក នៃអង្គការអន្តរជាតិ អន្តររដ្ឋាភិបាល ជាទូទៅស្ទើរតែទាំងអស់ ប្រទេសចិនបានចុះហត្ថលេខា លើអនុសញ្ញាអន្តរជាតិ ចំនួនជាង៦០០ បំពេញកាតព្វកិច្ចអន្តរជាតិ ដោយស្មោះ ត្រង់ ក៏ដូចជាធ្វើតាមពាក្យសន្យា អន្តរជាតិ យ៉ាងប្រាកដប្រជាផងដែរ។

ប្រទេសចិន បានគោរពតាមស្មារតី នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាប់រហូតមក ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវប្រព័ន្ធអន្តរជាតិ ដែលចាត់ទុក អង្គការសហប្រជាជាតិ ជាស្នូល គាំពាររបៀបរៀបរយអន្តរជាតិ ដែលតម្កល់ទុកច្បាប់អន្តរជាតិ ជាមូលដ្ឋាន ក៏ដូចជាគាំពារតួនាទីជាស្នូល របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចការអន្តរជាតិ ផងដែរ ។

ពីការចាត់បញ្ជូន អ្នកសង្កេតការរណ៍ យោធាចំនួន៥នាក់ ទៅកាន់អង្គការត្រួតពិនិត្យ ការឈប់បាញ់ នៃអង្គការសហប្រជាជាតិ ជាលើកដំបូង ដល់ការក្លាយទៅជាប្រទេសផ្តល់ប្រាក់ទុនធំទីពីរ ដល់សកម្មភាព រក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ និងជាប្រទេសដែលបានចាត់ បញ្ជូនកងទ័ពច្រើនបំផុត ក្នុងចំណោម សមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិន គឺជាកម្លាំងគន្លឹះ នៃសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។

ពីប្រទេស ដែលមានចំនួន ប្រជាជនក្រីក្រ ច្រើនបំផុត នៅលើពិភពលោក ដល់ប្រទេស ដែលបានការដោះស្រាយ បញ្ហាក្រីក្រ ដាច់ខាត ជាប្រវត្តិសាស្ត្រ រហូតដល់ការសម្រេចបាន នូវគោលដៅ កាត់បន្ថយភាពក្រីក្រ នៃរបៀបវារៈ អភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ មុនពេលកំណត់១០ឆ្នាំ អត្រារួមចំណែក របស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រជាសកល គឺ លើសពី៧០ ភាគរយ។

ក្នុងនាមជា អង្គភាព សេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក អត្រារួមវិភាគទាន ចំពោះ កំណើនសេដ្ឋកិច្ចពិភពលោក បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងរយៈពេល១៥ ឆ្នាំជាប់ៗគ្នា។ ប្រទេសចិនបានយកការអភិវឌ្ឍ របស់ខ្លួន តភ្ជាប់គ្នា យ៉ាងជិតស្និទ្ធជាមួយ ការអភិវឌ្ឍរបស់ពិភពលោក ដោយម្ចាស់ការ គំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការឆ្លើយតប យ៉ាងសកម្ម ពីប្រទេសចំនួន១៤០ និងអង្គការអន្តរជាតិចំនួន៣២ ។

ប្រទេសចិន បានពង្រីកយ៉ាងសកម្មនូវ “កិច្ចសហប្រតិបត្តិការ រវាងប្រទេស កំពុងអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួនជិត៤០០ពាន់លានយាន់ប្រាក់ចិន ដល់ប្រទេសនិងអង្គការ អន្តរជាតិ ចំនួន១៦៦ ក៏ដូចជាបានអនុវត្តគម្រោងជួយឧបត្ថម្ភ ជិតចំនួន៣០០០ និងចាត់បញ្ជូនបុគ្គលិកជួយឧបត្ថម្ភ ចំនួនជាង៦០ ម៉ឺននាក់ ដែលបានផ្តល់ការគាំទ្រ យ៉ាងខ្លាំងក្លា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាង១២០ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ សហសវត្សន៍ នៃអង្គការសហប្រជាជាតិ។

ពីកង្វះខាតធនធាន ព្យាបាលជំងឺ និងសុខាភិបាល រហូតដល់ការដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតប នឹងវិបត្តិសុខាភិបាលសាធារណៈសកល ប្រទេសចិនបានពង្រីក យ៉ាងសកម្មនូវ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាល នៃជំងឺកូវីដ១៩ និងបានផ្តល់សម្ភារៈជំនួយបន្ទាន់ សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដល់ប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន១៣ ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំង និងវត្ថុធាតុដើម នៃវ៉ាក់សាំងចំនួន១២០០លានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិ ជាង១០០ ដែលបានឈរនៅលំដាប់ទីមួយ នៅលើពិភពលោក ។

ពីការអភិវឌ្ឍដែលខ្វះបច្ចេកទេសថ្មី និងការច្នៃប្រឌិតថី្ម កាលពីមុនដល់ការដឹកនាំ យ៉ាងសកម្មនូវ អភិបាលកិច្ច បរិស្ថាននិងអាកាសធាតុពិភពលោក នាពេលបច្ចុប្បន្ន ប្រទេសចិនបានអនុវត្តយ៉ាងប្រាកដប្រជានូវ 《អនុសញ្ញាសី្តពី បម្រែបម្រួល អាកាសធាតុ ក្នុងក្របខណ្ឌ អង្គការ សហ ប្រជាជាតិ》និង《កិច្ចព្រមព្រៀង ក្រុងប៉ារីស》 ជំរុញឱ្យ សម្រេចបាននូវទស្សនាទាន ដែលមនុស្សជាតិនិងធម្មជាតិ រួមរស់នៅ ដោយសុខដុមរមនា ក៏ដូចជាបានលើកឡើងនូវគោលដៅ កាត់បន្ថយ ការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន ព្រមនិងវិធានការថ្មី ស្តីពីការរួមចំណែក ដោយម្ចាស់ការរបស់ប្រទេសជាតិ ដែលបានបង្ហាញពី មនសិការ ជាប្រវត្តិសាស្រ្ត និងទំនួលខុសត្រូវ របស់ប្រទេសធំនិងបានជំរុញ យ៉ាងខ្លាំងក្លា នូវការបង្កើតជានិម្មាបនកម្ម សហប្រតិបត្តិការ ជាសកល ដែលទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ និងការពារអេកូ-បរិស្ថាន ។

ឈរនៅ ចំណុចចាប់ផ្តើមថ្មី នៃប្រវត្តិសាស្ត្រ ប្រទេសចិននឹង បន្តជ្រោងទង់នៃពហុភាគីនិយម បន្តគាំទ្រការងារយន្តការពហុភាគី ដែលចាត់ទុក អង្គការសហប្រជាជាតិជាស្នូល តាមរយៈការអនុវត្តជាក់ស្តែង ក៏ដូចជាជំរុញពហុភាគីនិយម ឱ្យចាប់ផ្តើម ដំណើរការថ្មី និងជំរុញ អង្គការសហប្រជាជាតិ ឱ្យដើរតួនាទីកាន់តែធំ ក្នុងដំណើរប្រវត្តិសាស្ត្រថ្មី ដើម្បីជំរុញការបង្កើត សហគមន៍រួម ជោគវាសនាតែមួយ របស់មនុស្សជាតិ ៕

To Top