ភ្នំពេញ៖ ដើម្បីកាត់បន្ថយភាពចង្អៀត ណែនតាមពន្ធនាគារ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានណែនាំការអនុវត្ត វិធានការនិរន្តរាយ ក្នុងដំណាក់កាលស៊ើបសួរ ដូច្នេះចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ ពន្លឿនអនុវត្តនីតិវិធីស៊ើបសួរ របស់ខ្លួនឲ្យបានឆាប់រហ័ស ប្រកបដោយទទួលខុសត្រូវ ចំពោះមុខច្បាប់។
យោងតាមសេចក្ដីណែននាំរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ តុលា លោក កើត រិទ្ធ បានពិនិត្យឃើញថា រយៈពេល ១ឆ្នាំ ១ខែ នៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ តាមសាលាដំបូងរាជធានី-ខេត្ត បានចូលរួមអនុវត្តប្រកប ដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្ដថា ដោយផ្អែកលើលទ្ធផលល្អប្រសើរ នៃការអនុវត្តគោលការណ៍ណែនាំ ក្នុងក្របខណ្ឌនៃការ អនុវត្តយុទ្ធនាការនេះ និងដោយយោងតាម ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមព្រហ្មទណ្ឌ ព្រមទាំងសេចក្ដីណែនាំរួម នឹងសារាចរពាក់ព័ន្ធនានា ក៏ដូចជាដើម្បីពន្លឿនចំណាត់ការ នីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីចូលរួមចំណែក ដោះស្រាយភាពចង្អៀត ណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងយុត្តិធម៌ ធ្វើការណែនាំជាថ្មី ដល់សាលាដំបូងរាជធានី-ខេត្ត ឲ្យបន្តអនុវត្តគោលការណ៍ ណែនាំដែលត្រូវបានកំណត់។
លោកបន្ថែមថា កន្លងមក ក្រសួងបានពិនិត្យឃើញ វិធានការនៃការដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការពុំសូវត្រូវបាន ប្រើឲ្យបានទូលំទូលាយស្របតាមស្មារតី នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយទេ ហើយជាទូទៅ ចៅក្រមស៊ើបសួរ បានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចជ្រើសយកការឃុំខ្លួន បណ្តោះអាសន្នជាវិធានការនិរន្តរាយ ដើម្បីធានាដល់ដំណើរការ នៃការស៊ើបសួរ ដែលជាកត្តារួមចំណែកនាំ ឲ្យមានការកើនឡើង នៃជនជាប់ឃុំនៅតាមពន្ធនាគារ។
លោកបញ្ជាក់ថា «ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំ ចំពោះការអនុវត្តវិធានការនិរន្តរាយ នៅក្នុងដំណាក់កាលស៊ើបសួរ ដូចតទៅ ៖ ចៅក្រមស៊ើបសួរ គប្បីយកចិត្តដាក់ក្នុងការពន្លឿន ការអនុវត្តនីតិវិធីស៊ើបសួរ របស់ខ្លួនឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតី ទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃ ក្រមនីតិវិធីព្រហ្មទណ្ឌ»។
លោក កើត រិទ្ធិបញ្ជាក់ទៀតថា ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ ប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមមាត្រា ២០៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់ នៃក្រមនីតិវីធីព្រហ្មទណ្ឌ ទាក់ទងនឹងការឃុំខ្លួន បណ្តោះអាសន្ន ជាពិសេសស្មារតីនៃការគោរព គោលការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មត ទុកជាមុនថាគ្មានទោស។ លោកថា ការឃុំខ្លួនបណ្តោះអាសន្ន គប្បីត្រូវបានប្រើសម្រាប់ តែចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយក្នុងលក្ខខណ្ឌដែលមាន ចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេស ក្នុងករណីដែលការ ឃុំខ្លួនបណ្តោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់ និងចាំបាច់ដើម្បីធានា ដល់ដំណើរការស៊ើបសួរតែប៉ុណ្ណោះ។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏លើកទឹកចិត្តឲ្យចៅក្រម ស៊ើបសួរប្រើឲ្យអស់លទ្ធភាព និងឲ្យបានទូលំទូលាយ ដោយផ្អែកតាមអង្គហេតុ ជាក់ស្តែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសសយក ការដាក់ឲ្យស្ថិតនៅក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការនិរន្តរាយ ជំនួសឲ្យវិធានការនៃ ការឃុំខ្លួនបណ្តោះអាសន្ន ដើម្បី ធានាដល់ដំណើរការនៃការស៊ើបសួរ ស្របតាមបញ្ញត្តិ៕