ព័ត៌មានជាតិ

យន្តការអាស៊ានបូកបី ជាកម្លាំងចលករមិនអាចខ្វះបាន សម្រាប់ការឆ្លើយតប វិបត្តិនានា ប្រកបដោយប្រសិទ្ធភាព (Video)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី ជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំកំពូល អាស៊ានបូក៣ លើកទី២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យន្តការអាស៊ានបូកបី ជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបវិបត្តិនានា ប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាត ក្តី ក៏តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច សម្រាប់តំបន់ និងពិភពលោកទាំងមូល»។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តប្រទេសបូកបី ឱ្យពង្រីកការគាំទ្រកាន់តែខ្លាំង ជាងមុនដល់គំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ របស់អាស៊ាន រួមមាន មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED ស្តុកបម្រុងបរិក្ខារពេទ្យ តំបន់អាស៊ាន សម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ (RRMS) ក្របខ័ណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ របស់អាស៊ាន (ACRF) និងក្របខ័ណ្ឌរៀបចំ ច្រកធ្វើដំណើរអាស៊ាន (ATCAF)។

សម្រាប់ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសអាស៊ានបូកបី (APT) ពន្លឿនដំណើរការផ្ដល់ សច្ចាប័ន ដើម្បីបើកផ្លូវដល់ការអនុវត្តឱ្យ បានឆាប់នៃកិច្ចព្រមព្រៀង ដើម្បីអាចទាញយក ផលបយោជន៍ សេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការធ្វើឱ្យពាណិជ្ជកម្ម មានសកម្មភាពសកម្មឡើង។

សម្តេចតេជោនាយករដ្ឋមន្តី បានអំពាវនាវឱ្យដាក់បញ្ចូល វិស័យអាទិភាពទាំង៤ ទៅក្នុងផែនការ ការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ជំនាន់ថ្មី ២០២៣-២០២៧ រួមមាន៖
១) សន្តិសុខ សុខភាពសាធារណៈ
២) ការកសាងសមត្ថភាព សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs)
៣) ផលិតកម្មកសិកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ
៤) ថាមពលប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានអនុម័តទៅលើឯកសារមួយ គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពី កិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយគឺ របាយការណ៍វឌ្ឍនភាពលើកទី៤ស្ដីពីអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២ ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូក៣ នេះដែលចាប់ផ្ដើម តាំងពីឆ្នាំ១៩៩៧ មកដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីនេះ។ ហើយតាំងពីនោះមក មេដឹកនាំអាស៊ានបូក៣មានកិច្ចប្រជុំ រាល់ឆ្នាំ ដែលចាត់ទុកថាជាយន្តការមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបីបានគូសបញ្ជាក់អំពី ការងារដែលបានធ្វើរួមគ្នា ទី១ គឺការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩នេះ ហើយប្រទេសបូកបី ដែលរួមមានប្រទេសចិន ជប៉ុន និងកូរ៉េ ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រទេសអាស៊ាន ជាពិសេសក្នុងការជួយ លើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់ ។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាល ពីប្រទេសអាស៊ានបូកបី បានគូសបញ្ជាក់ អំពីសារសំខាន់នៃការ បន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងអស់។ ហើយក្នុងនេះប្រមុខរដ្ឋាភិបាលអាស៊ានបូកបី បានលើក ពីយន្តការ ដែលមានស្រាប់ជាពិសេស ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយទៀត គឺអំពីការតភ្ជាប់ ជាពិសេសគឺនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ២០២៥ , ហើយក៏មានចក្ខុវិស័យក្នុងការកសាងសហគមន៍ មិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូកបីនេះ ។

ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានគូសបញ្ជាក់អំពីផែនការ ការងារនិងកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ ហើយនឹងត្រូវធ្វើនៅក្នុងឆ្នាំក្រោយ ហើយនិងការជំរុញធ្វើផែនការការងារនៃ អាស៊ានបូក៣ ថ្មីសម្រាប់ ឆ្នាំ ២០២៣-២០២៧ ហើយដែលត្រូវអនុម័តនៅឆ្នាំក្រោយ ឆ្នាំ២០២២ នៅក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ក៏បានគូសបញ្ជាក់អំពី កិច្ចសហប្រតិបត្តិការដែលត្រូវបន្តទៀត គឺការស្ដាសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការជំរុញជាពិសេស ការជំរុញក្របខណ្ឌភាពជាដៃគូ សេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ ដែលត្រូវជំរុញធ្វើយ៉ាងណាឲ្យបានផ្ដល់សច្ចាប័ន ពីប្រទេសអាស៊ានបូកបីដើម្បី ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើសុំឲ្យ ប្រទេសបូកបីបន្តគាំទ្រនូវយន្តការដែលមានជាពិសេស ក្របខណ្ឌច្រកការធ្វើដំណើរ និងការបង្កើតយន្តការថ្មីជាពិសេសសម្រាប់ សុខភាពសាធារណៈក្នុងក្របខណ្ឌអាស៊ាននេះ។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ានបូកបីក៏បាន ពិភាក្សាអំពីសភាពការណ៍ក្នុងតំបន់ជាពិសេសសភាពការណ៍នៅឧបទ្វីបកូរ៉េ និងនៅមីយ៉ាន់ម៉ាជាដើម។ ថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងជំរុញ ការទទួលបាន និងចែកចាយនូវវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ក្នុងចំណោមប្រទេសអាស៊ានបូកបី (APT)។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការចល័តរបស់និស្សិត បណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ សន្តិសុខស្បៀង ការត្រៀមបម្រុងស្រូវប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ

ថ្នាក់ដឹកនាំ ក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភសម្រាប់សន្តិភាព និង សន្តិសុខក្នុងតំបន់ រួមមានស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការរំសាយអាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ ជាដើម៕

To Top