ភ្នំពេញ ៖ លោកស្រី ធីណា រេតស (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានស្នើក្រសួងរ៉ែ និងថាមពលពិនិត្យ និងគាំទ្រគម្រោងវិនិយោគថាមពល ដើរដោយពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុនអង់គ្លេសនៅកម្ពុជា។ នេះបើយោងតាម គេហទំព័រហ្វេសក្រសួង។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រីឯកអគ្គរាជទូត បានសាទរចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍថាមពលរបស់កម្ពុជា ដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។
លោកស្រីក៏បានលើកឡើង អំពីជំនួយហិរញ្ញវត្ថុ ក្នុងគម្រោងអភិវឌ្ឍន៍ ថាមពលសម្រាប់កម្ពុជា ក៏ដូចជាស្នើឲ្យក្រសួង ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ដែលខ្លួនបាននិងកំពុងអនុវត្តក្នុងវិស័យនេះ ទៅក្នុងថ្នាក់តំបន់ផងដែរ ក្នុងនាមកម្ពុជាជា ប្រធានអាស៊ាននាពេលខាងមុខ ។
លោកស្រីបញ្ជាក់ថា «ស្នើសុំឲ្យក្រសួង ពិនិត្យនិងគាំទ្រ គម្រោងវិនិយោគថាមពល ដើរដោយពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុនអង់គ្លេស នៅកម្ពុជាផងដែរ»។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានរាយការណ៍ថា គិតត្រឹមពេលបច្ចុប្បន្ន ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ មានភូមិចំនួន ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនី ពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់។
សូមបញ្ជាក់ថា កម្ពុជាបានចូលរួមចំណែក យ៉ាងច្រើនរួចមកហើយ ក្នុងការផលិតថាមពលអគ្គិសនី ពីថាមពលកកើតឡើងវិញ ហើយបេ្តជ្ញាចិត្តបន្តទៀត ក្នុងការផលិតថាមពលអគ្គិសនី ពីថាមពលកកើតឡើងវិញ ឲ្យបានយ៉ាងតិច ២៥% ក្នុងល្បាយថាមពល នៅឆ្នាំ២០៣០។ កម្ពុជា ក៏នឹងបន្តជំរុញនិងលើកកម្ពស់បន្ថែម លើការកែច្នៃគម្រោងមុនៗ ដែលប្រើឥន្ធនៈហ្វូស៊ីល ឲ្យមានលក្ខណៈស្អាតជាងមុន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ៕