ព័ត៌មានជាតិ

ស្រុកសំរោង៖ ឆ្នាំនេះគ្មានទំនាស់ ដោយសារទឹកជន់លិច ក្រោយចៅហ្វាយខេត្តបញ្ជា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានឱ្យដឹងថា អស់រយៈកាលរាប់ឆ្នាំមកហើយទំនាស់រវាង ប្រជាជននិងអាជ្ញាធរមូលដ្ឋាន តែងតែតឹងសរសៃកដាក់គ្នា រហូតពេលខ្លះ ប៉ះពាល់ដល់នយោបាយ ទៀតផង ពិសេស ជិតដល់បោះឆ្នោតម្តងៗ។

លោកសយ សុភាព បន្តថា នៅរដូវវស្សាម្តងៗ ជាពិសេសចាប់ពីពេល ទឹកបឹងបត់រការ ស្ថិតនៅស្រុកសំរោងចូលដល់ភូមិនិងស្រែម្តងៗ មិនតិចជាងមួយខែទេ ទើបទឹកចាប់ផ្តើមស្រក នៅពាក់កព្តាលខែវិច្ឆិកា ឬដើមខែធ្នូ ហើយទឹកចាប់ផ្តើមចូល ចន្លោះ ខែតុលា រៀងរាល់ឆ្នាំ។

លោកបន្ថែមថា អ្នកស្រុកដែលតែងតែ រងការលិចយូរបានតវ៉ា ចាប់ពីមេភូមិ រហូតដល់មេឃុំ ថាសុំឱ្យជួយប្រាប់ថ្នាក់លើ ជួយបើកទ្វារទឹកខាងក្រោមបន្តិច ដើម្បីកុំឱ្យស្រែនិងភូមិស្ថាន របស់គាត់លិចខូចខាត។ ថ្នាក់ភូមិនិងឃុំបានត្រឹមតែស្តាប់ ហើយរាយការណ៏ទៅស្រុក គ្មានបានលទ្ធផលទេ ទីចុងបំផុតបានត្រឹមតែស្រែ របស់គាត់លិចខូចខាត។

លោក សយ សុភាព បានឱ្យដឹងថា «នៅឆ្នាំនេះមិនដូចឆ្នាំមុន មិនមានការតវ៉ាដូចមុនទេព្រោះទឹកបានស្រកទៅវិញ យ៉ាងឆាប់ដោយសារតែទ្វារទឹក បើកទាន់ពេល។ ពោលទឹកបឹងចូលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ ដូច្នេះឆ្នាំនេះ ពួកគាត់រំពឹងថាស្រូវ របស់ពួកគាត់ នឹង ទទួលបានទិន្និនផល ល្អនៅរដូវច្រូតកាត់នេះ»។

លោកថា ស្រុកសំរោង មានទ្វារទឹក២សំខាន់ សម្រាប់រំដោះទឹកពេលរដូវវស្សា។ យ៉ាង តិច៤ឃុំ( រវៀង ជំរៈពេន សំរោង ស្លា) តែងតែរងជន់លិច មិនតិចជាងមួយខែ និងរាប់សិបឆ្នាំមកហើយ។
ទី១ ទ្វារទឹក បឹងបត់រការដែល បឹងនេះ មានទំហំធំគួរ។
ទី២ ទ្វារទឹក អង្គចង្អេរដែល ទ្វារទឹកសំខាន់បំផុត សម្រាប់រំដោះទឹកជន់ នៅទូទាំងស្រុកសំរោង។

លោក បន្តថា ទ្វារទឹកនេះហើយ ដែលជាប្រភពទំនាស់រវាង អ្នកស្រុកដែលលិចជាមួយរដ្ឋអំណាច ភូមិ ឃុំ ដែលពួកគាត់ពិបាកជល់ជាមួយថ្នាក់ស្រុក។

លោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា សំណាងល្អនៅឆ្នាំនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានយល់និងបញ្ជប់ទំនាស់ ដោយមិនឱ្យប្រជាជនរងទឹកលិច តវ៉ាមករដ្ឋអំណាចថ្នាក់ក្រោម តទៅទៀតទេដោយបានបញ្ជា ឱ្យចៅហ្វាយស្រុក បើកទ្វារទឹក អង្គចង្អេរ តែម្តង ដោយមិនឱ្យជន់លិច ហើយក៏មិនឱ្យអស់ទឹកទុក សម្រាប់ប្រើប្រាស់ដែរ។

លោកថា ទាំងប្រជាជននិងទាំងរដ្ឋអំណាចថ្នាក់ក្រោមបំផុត សូមអរគុណ លោក អភិបាលខេត្ត ដែលបានយល់លើបញ្ហានេះ ហើយបានបញ្ចប់ការ បក់ផ្សែង។

លោក សយ សុភាព សង្កត់ធ្ងន់ថា «មិនបាច់អធិប្បាយទេ តែថ្នាក់ស្រុក គួរយល់បានដោយខ្លួនឯង ត្រូវឈប់ ហើយគិតប្រយោជន៏ប្រជាជនជាធំ។ សូមកុំយកលេសថា ទ្វារទឹកចាស់ ឬប្រការផ្សេង បើដឹងថាជិតខូចត្រូវ រាយការណ៏ទៅខេត្តបន្ទាន់ ឬអង្គភាពជំនាញ កុំឆ្លើយដោះសារ រាយការណ៏ ភូតថ្នាក់លើ ដើម្បីប្រយោជន៏ បុគ្គល៣ឬ៤នាក់ បើមិនមានពិត កុំរើសដាក់ខ្លួនអី ព្រោះជាព័ត៌មានដែលប្រមូលបាន»៕

To Top