ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងបរិបទ នៃវិបត្តិកូវីដ-១៩ កម្ពុជា មិនត្រឹមតែអាចបញ្ចៀស នូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បឿង តាមរយៈការដាក់ចេញវិធានការជាបន្ដបន្ទាប់។
តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៨ ក្រោមប្រធានបទ «ការព្រឹង ប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព» ចេញផ្សាយថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀស បាននូវវិបត្តិស្បៀង អាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង»។
សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល មានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តា សន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើត បាននូវបរិយាកាសមួយដ៏រឹងមាំឈាន ទៅសម្រេចបាន ចក្ខុវិស័យ ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។
សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាង សកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ដូចជា ៖ ការដាក់ចេញសេចក្ដីថ្លែងការណ៍ រួមស្តីពីអាហារូបត្ថម្ភ ក្នុងបរិបទ នៃការរាតត្បាត ជាសកលនៃជំងឺវីដ-១៩, ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ផែនការ សកម្មភាព សកលដើម្បីឆ្លើយតប ចំពោះបញ្ហាស្គមស្គាំងរបស់កុមារ, ការចូលជាសមាជិក នៃចលនាបង្កើនអាហារូបត្ថម្ភ ពិភពលោក (Global SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន (Nutrition for Growth) កិច្ចសន្ទនា ស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្តួចផ្តើម ស្ដីពីការកាត់បន្ថយភាពអត់ឃ្លានឲ្យ ដល់កម្រិតសូន្យ របស់អង្គការ សហប្រជាជាតិ។
សម្ដេចតេជោ បានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹងបន្តជំរុញ ដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់ មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹង បន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយ រងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញ ឲ្យប្រព័ន្ធស្បៀងឆ្ពោះ ទៅរកការអភិវឌ្ឍបៃតង ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទជាសេនាធិការ ក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង ដោយបង្កើនការ ខិតខំប្រឹង ប្រែងរួមគ្នា ដើម្បីអនុវត្តផែនការ សកម្មភាពអាទិភាពនានា នៅក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងនៅក្នុងផែនទី បង្ហាញ ផ្លូវសម្រាប់ប្រព័ន្ធស្បៀង ប្រកបដោយចីរភាព នៅកម្ពុជាឆ្នាំ២០៣០ ឈានឆ្ពោះទៅសម្រេច ឲ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ «ដោយមិនទុកនរណាម្នាក់ ចោលនោះឡើយ» ពិសេសគោលដៅទី២ «គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យ បានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើង ស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្ម ប្រកបដោយចីរភាព» ៕