ភ្នំពេញ៖ ដូចការគ្រោងទុក លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ត្រាលីបានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។មុនការអញ្ជេីញមកដល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខរិះគន់ចំៗ ចំពោះការសន្យាផ្ដល់ជំនួយវ៉ាក់សាំង ពីសំណាក់រដ្ឋាភិបាល អូស្រ្តាលី តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ។
សូមរំលឹកថា ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រពន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមកឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្ស សីវិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួប សម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ផងដែរ។
ក្នុងឱកាសស្នាក់នៅ រាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជា ដើម្បីជួយស្ដ្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវ ការបេ្តជ្ញាចិត្តរបស់អូស្ដ្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ ទៅវិញទៅមក នៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រនូវអ្វីដែរជា ភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ( AUKUS) ដែលជាគំនិតផ្ដួចផ្ដើមដោយប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី៕