ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលនៅទីតាំងចាស់ នឹងបើកការដ្ឋានសាងសង់អគារថ្មីនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយចំណាយថវិកា ប្រមាណជា ៦០លានដុល្លារ។
ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាមខ្ញុំសួរ សម្ដេចក្រឡាហោម ស ខេង គឺនៅថ្ងៃទី១១ ខាងមុខនេះ នឹងធ្វើពិធីបញ្ចុះបឋមសីលា កសាងក្រសួមហាផ្ទៃថ្មីដែលនឹងត្រូវចំណាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក ឯណោះ គឺមានថវិការួចស្រេចទៅហើយ ដើម្បីនឹងកសាងអគារថ្មីនេះ»។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អគារទីស្ដីការថ្មី នៃក្រសួងការពារជាតិ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ផ្ទាល់។
សម្ដេចតេជោ ក៏បានរំលឹកថា នៅឆ្នាំ២០២១នេះ សម្ដេច អញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្រសួងចំនួន៣ ។ សម្ដេចរៀបរាប់ថា ក្រសួងសាធារណការ ចាស់ប្ដូរទៅ ក្រសួងរ៉ែ និងថាមពល ចំណែកក្រសួងរ៉ែចាស់ប្ដូរទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយក្រសួងរៀបចំដែនដី ចាស់ប្ដូរទៅ ក្រសួងអភិវឌ្ឍជនបទ ចំណែកក្រសួងអភិវឌ្ឍជនបទ ចាស់ប្ដូរទៅមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសថា សម្តេចបានគាំទ្រឲ្យមានការផ្លាស់ប្ដូរក្រសួងបែបនេះ ផងដែរ ដើម្បីឲ្យសាកសម ។ សម្តេចថា បច្ចុប្បន្នអាគារខុនដូ សណ្ឋាគារ និងផ្ទះរបស់ពលរដ្ឋមួយចំនួនស្ទើរតែខ្ពស់ជាងអគាររដ្ឋអស់ហើយ ៕