ព័ត៌មានជាតិ

សម្តេចតេជោរំលឹកថា ករណីបាក់អគារនៅព្រះសីហនុ មានលឺសំឡេងមនុស្សហៅឲ្យជួយ នៅក្នុងត្រចៀកសម្តេច

ភ្នំពេញ ៖ ក្នុងករណីបាក់អគារនៅព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកថា ក្នុងពេលនោះគឺមានសំឡេងរបស់មនុស្សហៅឲ្យជួយគឺបន្លឺឡើងក្នុងត្រចៀកសម្តេចតែម្តង ។

ករណីនេះសម្តេចថា ដូចមានវិញ្ញាណទី៣ឲ្យសម្តេចបានលឺ។ ក្នុងពេលលឺគេហៅឲ្យជួយនោះសម្តេចថា គឺសម្តេចនៅគេហដ្ឋានរបស់សម្តេចនៅភ្នំពេញទេ។ ដោយមិនអស់ចិត្តសម្តេចក៏បានសម្រេចធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចុះទៅបញ្ជាករណីអ្នកបាត់ខ្លួន។ ក្នុងពេលនោះសម្តេចបានចង្អុលកន្លែងមួយនៃអគារបាក់រលំ ក៏បានរកឃើញមនុស្ស២នាក់ នៅរស់រានមានជីវិត ។ នេះជាប្រសាសន៍សម្តេចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីចុងខែមិថុនា ឆ្នាំ២០១៩ មានករណីអគារខុនដូ កម្ពស់៧ជាន់ កំពុងសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលមានម្ចាស់ និងអ្នកម៉ៅការសាងសង់ជនជាតិចិន បានបាក់ដួលរំលំសង្កត់កម្មករ -កម្មការិនី កំពុងដេកនៅការដ្ឋានសំណង់ ស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់៕

To Top