នយោបាយ

សាលាឧទ្ធរណ៍ សម្រេចដោះលែង លោក រ៉ុង ឈុន តែព្យួរទោសនៅសល់

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចដោះលែងលោក រ៉ុង ឈុន, កញ្ញា ស កន្និកា និងលោក តុន និមល តែព្យួរទោសនៅសល់ សម្រាប់ពួកគាត់ទាំង៣។ នេះបើយោងតាមការចេញផ្សាយ របស់អង្គការលីកាដូ។

អ្នកទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយសារការអនុវត្តសិទិ្ធសេរីភាព ក្នុងការបញ្ចេញមតិរបស់អ្នកទាំងនោះ ។

សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ១៥ ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ ។ កញ្ញា កន្និកា ត្រូវបានសាលាឧទ្ធរណ៍ សម្រេចឲ្យជាប់ពន្ធនាគារចំនួន ១៥ ខែ និង៥ថ្ងៃ នៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។ រីឯលោក និមល ត្រូវបានសាលាឧទ្ធរណ៍ សម្រេចឲ្យជាប់ពន្ធនាគារ ចំនួន១៤ខែ និង ២៤ថ្ងៃនៃទោសសរុប ចំនួន២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ ។

លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បានជាប់ពន្ធនាគារ អស់រយៈពេលជាង១៥ខែ មកហើយ រីឯលោក តុន និមល បានជាប់ពន្ធនាគារ អស់រយៈពេលជាង១២ខែ ។ ក្រៅពីនេះ អ្នកទាំង៣ ក៏ត្រូវបានសាលាឧទ្ធរណ៍ បានសម្រេចព្យួរទោសសាកល្បង ចំនួន៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង ដោយតម្រូវឲ្យអ្នកទាំង៣ គោរពនូវវិធានការដ៏តឹងរ៉ឹងជាច្រើន ដូចជាមិនអាចទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូន ព្រះរាជអាជ្ញានៅពេលអ្នកទាំងបី ផ្លាស់ប្តូរទីលំនៅ ឬការងារ យោងតាមមាត្រា ១១៩ និង ១២០ នៃក្រមព្រហ្មទណ្ឌ ។

សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាដំបូង ដែលឲ្យសកម្មជនទាំង៣នាក់ បង់ប្រាក់ពិន័យម្នាក់ៗចំនួន ២លានរៀល (៥០០ដុល្លារ) និងបង្គាប់ឲ្យអ្នកទាំង៣នាក់ សងសំណងជំងឺចិត្តរួមចំនួន ៤០០លានរៀល (១០០.០០០ ដុល្លារ) សម្រាប់ការខូចខាតផ្សេងៗ ដែលការពិន័យទាំងពីរនេះ គឺជាការពិន័យ ដែលមានទឹកប្រាក់ច្រើនហួសហេតុ ។

លោក រ៉ុង ឈុន ដែលជាប្រធានសហជីព និងជាសកម្មជនការពារសិទ្ធិការងារ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២០ ជុំវិញការអត្ថាធិប្បាយ របស់លោកទាក់ទង នឹងបញ្ហាព្រំដែន ប្រទេសកម្ពុជា-វៀតណាម ក្រោយពេលដែលលោក បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កញ្ញា កន្និកា និងលោក និមល ត្រូវបានចាប់ខ្លួន អំឡុងពេលតវ៉ា ដោយអហិង្សា កាលពីខែសីហា និងកញ្ញា ឆ្នាំ២០២០ ដើម្បីអំពាវនាវ ឱ្យមានការដោះលែងលោក រ៉ុង ឈុន ៕

To Top