ព័ត៌មានជាតិ

កម្ពុជា ចង់ឃើញសិង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រ ដល់ការអនុវត្តយន្តការ ភូមិអស់ការគំរាម ដោយសារមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ចង់ឃើញប្រទេស សិង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រ ដល់ការអនុវត្តយន្តការភូមិ អស់ការគំរាម ដោយសារមីន ដើម្បីឈានឆ្ពោះទៅរកកម្ពុជា មួយដែលគ្មានមីន ឆ្នាំ២០២៥ ។

ក្នុងជំនួបពិភាក្សា ការងារ ជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការ អាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសសឹង្ហបុរី ដែលបានចូលរួមគាំទ្រ ជួយដល់កម្ពុជា ក្នុងការកសាង សមត្ថភាព ដល់ មន្រ្តីរាជការ រួមមាន ៖ ការរៀបចំគោលនយោបាយ, ការផ្តល់អាហារូបករណ៍ និង ការផ្លាស់ប្តូរ បទពិសោធន៍ ព្រមទាំង ជួយដល់ វិស័យសកម្មភាពមីន តាមរយៈការធ្វើជាប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃមជ្ឈមណ្ឌលតំបន់ អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨ ។

លោក បានបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីបំណងចង់ ឃើញប្រទេសសឹង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រ ដល់ការអនុវត្តយន្តការភូមិអស់ការ គំរាមដោយសារមីន ដើម្បីឈានឆ្ពោះទៅរកកម្ពុជា មួយដែលគ្មានមីនឆ្នាំ២០២៥ និងការចូលរួមកសាងសមត្ថភាពផ្នែករៀបចំគោលនយោបាយ និងអភិបាលកិច្ចដល់មន្ត្រី អាជ្ញាធរមីន» ។

លើសពីនេះទៀត លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងថា ថ្មីៗនេះ បន្ទាប់ពីទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានចាប់ផ្តើមអនុវត្តយន្តការ ភូមិអស់ការ គម្រាម ដោយសារមីន ហើយបានទទួលជោគជ័យ នៅភូមិមួយក្នុងខេត្តកែប ព្រមទាំងគ្រោងនឹង អនុវត្តន៍នៅតាមភូមិ ផ្សេងៗទៀត នៅទូទាំងប្រទេស តាមរយៈការចលនាកៀរគរធនធាន ឧបត្ថម្ភគាំទ្រដល់ការងារ បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ពីវិស័យឯកជន និងសប្បុរសជននានា ដែលមានបំណងចង់ចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីនតាមភូមិ៕

To Top