ព័ត៌មានអន្តរជាតិ

វិភាគ៖ តៃវ៉ាន់ កំពុងក្លាយជាទីលានប្រកួតដណ្តើម ឥទ្ធិពលរវាងចិន និងអាមេរិក

បច្ចុប្បន្នភាព

​កោះតៃវ៉ាន់ កំពុងក្លាយជាទីលានប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២ នៅលើពិភពលោក ។

ចាប់តាំងពីឆ្នាំ២០១៧រហូតមកទល់នឹងបច្ចុប្បន្ននេះ ភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ រវាងចិន និងសហរដ្ឋអាមេរិក បានឡើងកម្តៅកាន់តែខ្លាំង ដោយប្រទេសចិនបានព្យាយាមដាក់សម្ពាធយោធាលើកោះនេះ ស្របពេលដែលសហរដ្ឋអាមេរិក បានព្យាយជួយជ្រោមជ្រែងផ្នែកសព្វាវុធដល់កោះនេះទៅវិញ ។

គិតត្រឹមខែតុលា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក បានលក់គ្រឿងសព្វាវុធជាច្រើនប្រភេទអោយទៅកោះតៃវ៉ាន់ មានដូចជាយន្តហោះចម្បាំង នាវាចម្បាំង រថក្រោះ មីស៊ីលបាញ់តម្រង់គោលដៅ និងកាំភ្លើងធំជាដើមក្នុងតម្លៃទឹកប្រាក់ប្រមាណជាង ៥០០ពាន់លានដុល្លារ ក្នុងគោលដៅពង្រឹងសមត្ថភាពកងកម្លាំងយោធាតៃវ៉ាន់ អោយទប់ទល់ជាមួយឥទ្ធិពលយោធារបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅពេលបច្ចុប្បន្ន ។

សហរដ្ឋអាមេរិក មិនត្រឹមតែលក់គ្រឿងសព្វាវុធអោយទៅកោះតៃវ៉ាក់ទេ ប្រទេសមហាអំណាចមួយនេះ ក៏បានបញ្ជូនគណៈប្រតិភូសភាទៅកាន់កោះតៃវ៉ាន់ផងដែរ ដែលធ្វើអោយប្រទេសចិន បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង ។

ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមពង្រឹងសមត្ថភាពកងកម្លាំងយោធារបស់កោះតៃវ៉ាន់ តាមរយៈការលក់គ្រឿងសព្វាវុធអោយកោះនេះ ប្រទេសចិន ក៏បានដាក់សម្ពាធខាងយោធាកាន់តែខ្លាំងផងដែរទៅលើកោះតៃវ៉ាន់ តាមរយៈការបញ្ជូនយន្តហោះចម្បាំងទៅហោះហើរក្នុងដែនអាកាសកោះតៃវ៉ាន់ បញ្ជូននាវាចម្បាំងទៅកាន់ដែនសមុទ្រក្បែរកោះតៃវ៉ាន់ និងកងទ័ពរំដោះប្រជាជនចិន​ ក៏បានធ្វើសមយុទ្ធយោធានៅក្នុងដែនទឹកក្បែរកោះនេះផងដែរ ដែលជាការដាក់សម្ពាធខាងយោធាកាន់តែខ្លាំង ។

បើតាមរបាយការណ៍មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានអោយដឹងថា​ ចាប់តាំងពីឆ្នាំ២០១៨ ប្រទេសចិន បានដាក់ពង្រាយគ្រា់មីស៊ីលគ្រប់រយៈចម្ងាយប្រមាណជាង ២០០០គ្រាប់នៅបណ្តាខេត្តតាមឆ្នេរសមុទ្រ ហើយគ្រាប់មីស៊ីលមួយចំនួន បានដាក់តម្រង់ទៅកាន់កោះតៃវ៉ាន់ ។

មន្ត្រីមន្ទីរបញ្ចកោណ បាននិយាយថា គ្រាប់មីស៊ីលរបស់ប្រទេសចិនទាំងជាង​២០០០គ្រាប់ ដែលត្រូវបានដាក់ពង្រាយនៅតាមឆ្នេរសមុទ្រ មិនត្រឹមតែអាចវាយប្រហារលើកោះតៃវ៉ាន់ប៉ុណ្ណោះទេ គ្រាប់មីស៊ីលទាំងនោះ ក៏អាចវាយប្រហារលើកងកម្លាំងយោធា ឬនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលចូលទៅកាន់ដែនទឹករបស់កោះតៃវ៉ាន់ផងដែរ ។

ក្រោយពីមានភាពតានតឹង និងមានការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធាកាន់តែខ្លាំង ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាតាមវីដេអូន កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកានេះ​ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ។

ក្នុងជំនួបនោះ មេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទជាច្រើន ដែលជាសំណុំរឿងនាំអោយមានភាពតានតឹងរវាងប្រទេសទាំងពីរ ដូចជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការប្រឈមុខដាក់គ្នាខាងកងកម្លាំងយោធា ។

លោក ស៊ី ជីនពីង និងលោក ចូ បៃដិន បានពិភាក្សាគ្នាអស់រយៈពេលជិត៤ម៉ោង ដែលផ្តោតសំខាន់លើការប្រកួតប្រជែងដោយមានការទទួលខុសត្រូវ និងជាការប្រកួតប្រជែងដោយមិននាំទៅរកជម្លោះ ដែលនាំអោយអន្តរាយដល់ពិភពលោកទាំងមូល ។

ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ដែលបានបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូផ្នែកសន្តិសុខជាមួយប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ដែលហៅកាត់ថា AUKUS ដោយសម្រេចលក់បច្ចេកវិទ្យាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៨គ្រឿងអោយទៅប្រទេសអូស្ត្រាលី ដែលប្រទេសចិនបានចោទប្រកាន់ថា ជាការត់ប្រណាំងសព្វាវុធសាជាថ្មីដែលបង្កឡើងដោយសហរដ្ឋអាមេរិក ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយកោះតៃវ៉ាន់ក្លាយជាទីលានប្រកួតប្រជែងដណ្តើមយកឥទ្ធិពលយោធារវាងមហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិក គឺដោយសារតៃវ៉ាន់ ជាដែនដីកាន់លទ្ធិប្រជាធិបតេយ្យ និងទទួលបានការគាំទ្រផ្នែកសន្តិសុខពីសហរដ្ឋអាមេរិក ។

កោះតៃវ៉ាន់ មិនមែនជាប្រទេសទេ ហើយក៏មិនមានស្ថានទូតនៅក្នុងប្រទេសនានានៅលើពិភពលោកដែរ ដោយសារតែចិន បានចាត់ទុកកោះនេះជាដែនខេត្តរបស់ខ្លួន និងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងរវាងកោះតៃវ៉ាន់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ ទោះបីជាកោះនេះ ទទួលបានការគាំទ្រផ្នែកសន្តិសុខពីសហរដ្ឋអាមេរិកក៏ដោយ ។

ក្តីបារម្ភនៅត្រង់ថា អាមេរិកលក់គ្រឿងសព្វាវុធកាន់តែច្រើនអោយកោះតៃវ៉ាន់ ប្រទេសចិនបានដាក់សម្ពាធខាងយោធាកាន់តែខ្លាំងទៅលើកោះនេះដែរ ហើយពេលដែលចិនដាក់សព្ធាធខាងយោធាកាន់តែខ្លាំងលើកោះតៃវ៉ា់ន់ សហរដ្ឋអាមេរិកក៏លក់អាវុធកាន់តែច្រើនអោយកោះនេះ ដែលនាំអោយមានការប្រឈមុខដាក់គ្នាខាងយោធាកាន់តែខ្លាំង ។

សូមរំលឹកជូនថា កាលពីឆ្នាំ១៩៦២កន្លងទៅ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ធ្លាប់មានវិបត្តិមីស៊ីលយ៉ាងតឹងតែងជាមួយគ្នា ដែលប្រទេសទាំងពីរស្ទើរតែផ្ទុះទៅជាសង្គ្រាម មីស៊ីល ដែលភាពតានតឹងបានអូសបន្លាយអស់រយៈពេល១៣ថ្ងៃ ។

កាលនោះ អាមេរិកបានដាក់ពង្រាយមីស៊ីលនៅប្រទេសទួរគី ក្នុងគោលដៅវាយប្រហារលើអតីតសហភាពសូវៀត និងសូវៀត បានដាក់ពង្រាយមីស៊ីលនៅប្រទេសគុយបា ក្នុងបំណងវាយប្រហារលើសហរដ្ឋអាមេរិកដែរ ។

ស្ថានភាពកោះតៃវ៉ាន់នៅពេលបច្ចុប្បន្ននេះ មានភាពប្រហាក់ប្រហែលគ្នាទៅនឹងវិបត្តិមីស៊ិលរវាងអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៦២ដែរ ប៉ុន្តែគ្រាន់តែមិនទាន់ក្លាយទៅជាវិបត្តិតែប៉ុណ្ណោះ ៕           

អ៊ី ជិន

To Top