ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅទីក្រុងភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) បានសហការធ្វើជាម្ចាស់ផ្ទះ សិក្ខាសាលាកូនកាត់ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានឱ្យដឹងមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា ក្នុងវគ្គបើក លោកបណ្ឌិត ពូ សុធីរ៉ៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងសុន្ទរកថាបើក ដោយមានប្រសាសន៍ថា “គំនិតផ្តួចផ្តើមមេគង្គ-កូរ៉េ គឺជាកិច្ចខិតខំប្រឹងប្រែង ដែលបានក្រិតតាមខ្នាត យ៉ាងល្អ ពីសាធារណរដ្ឋកូរ៉េ ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍នៃប្រទេសមេគង្គ និង លើកកំពស់ការតភ្ជាប់ ក្នុងតំបន់អាស៊ាន” ដោយសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការកូរ៉េ-មេគង្គ គួរតែប្រាថ្នា ឱ្យកាន់តែរួមបញ្ចូល និងបើកចំហ ដើម្បីក្លាយជាការបំពេញបន្ថែម ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត ចំពោះក្របខ័ណ្ឌមេគង្គ ដែលមានស្រាប់ផ្សេងទៀត”។
លោកបណ្ឌិត Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍របស់លោកថា “តំបន់មេគង្គ មិនត្រឹមតែសម្រេចបាន នូវកំណើនសេដ្ឋកិច្ច ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈម រយៈពេលវែង ដូចជាការប្រែប្រួលអាកាសធាតុ ការដាក់មូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ លោកបានរំលឹកឡើងវិញថា “នៅពេលយើងប្រារព្ធខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ ស្វែងរកការជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ផ្អែកលើតម្រូវកា រនៅក្នុងតំបន់” ដោយរំលឹកថា “ជាមួយនឹងការបំពេញបន្ថែមសេដ្ឋកិច្ច និងភាពស្រដៀងគ្នា នៃវប្បធម៌រវាងប្រទេសមេគង្គ និងកូរ៉េ និងជាមួយនឹងចំណេះដឹងរបស់ប្រទេសកូរ៉េ។ និងបទពិសោធន៍ដែលទទួលបាន តាមរយៈប្រវត្តិនៃការអភិវឌ្ឍន៍ស្រដៀងគ្នា ភាពជាដៃគូមេគង្គ-កូរ៉េ អាចសម្រេចបាននូវភាពជឿនលឿន កាន់តែច្រើន នៅក្នុងវិស័យផ្សេងៗ។
លោកបណ្ឌិត សុខ ខេម ពេជ្រ ទីប្រឹក្សាក្រសួងការបរទេស ថ្លែងក្នុងសុន្ទរកថាគន្លឹះថា “កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ សម្រេចបានលទ្ធផល ជាប្រវត្តិសាស្ត្រ ចាប់តាំងពីសេចក្តីប្រកាសទន្លេមេគង្គ-កូរ៉េ អនុម័តក្នុងឆ្នាំ ២០១១” ដោយបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ អាចក្លាយជា កាន់តែមានយុទ្ធសាស្ត្រ និងមិនអាចខ្វះបានក្នុងការបំពេញបន្ថែម កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ ក្នុងអាស៊ាន” ជាមួយនឹងការអនុវត្ត យ៉ាងខ្ជាប់ខ្ជួន នូវផែនការសកម្មភាព មេគង្គ-កូរ៉េ ឆ្នាំ ២០២១-២០២៥។
ការវាយតម្លៃនៃកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េនា ពេលបច្ចុប្បន្ន និងដំណើរឆ្ពោះទៅមុខ លោក ស៊ូរីយ៉ាន វិឈីតលេកាន នាយកប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ បានណែនាំគម្រោងដែលកំពុងដំណើរការរបស់មូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) អមដោយបទបង្ហាញ អំពីគម្រោងគ្រប់គ្រង ទឹកទន្លេមេគង្គ។ ដោយលោកវេជ្ជបណ្ឌិត Park Jin-hyeog នាយកមជ្ឈមណ្ឌលស្រាវជ្រាវ កិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹក កូរ៉េ-មេគង្គ។ ជាលំដាប់ចុងក្រោយនៃវគ្គទី១ ឯកអគ្គរដ្ឋទូតមកពីប្រទេសមេគង្គ ; H.E. Panyarak Poolthup ឯកអគ្គរាជទូតនៃប្រទេសថៃ H.E. Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវ H.E. U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា និង H.E. លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាម បានចូលរួមបង្ហាញគំនិតរបស់ពួកគេ លើផ្លូវឆ្ពោះទៅមុខ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ។
ក្នុងវគ្គទី២ តួនាទីរបស់ប្រទេសកូរ៉េ សម្រាប់ការអភិវឌ្ឍន៍តំបន់មេគង្គ លោកបណ្ឌិត Choe Wongi សាស្ត្រាចារ្យនៃនាយកដ្ឋានសិក្សាអាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានមជ្ឈមណ្ឌល សម្រាប់ការសិក្សាអាស៊ាន-ឥណ្ឌា នៅបណ្ឌិតសភាការទូតជាតិកូរ៉េ លោកបណ្ឌិត អាន ពេជ្រ ហាតា នាយកប្រតិបត្តិនៃគណៈកម្មការទន្លេមេគង្គ និងលោក កាវី ចុងគីតាវ៉ន អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ បានចូលរួមជាក្រុមពិភាក្សា ដើម្បីចែករំលែកទស្សនៈរបស់ពួកគេលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ។
សិក្ខាសាលាមេគង្គ-សាធារណរដ្ឋកូរ៉េ បានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៃតំបន់មេគង្គ។
សិក្ខាសាលានេះ ត្រូវបានផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក CICP ដោយមានអ្នកចូលរួមសរុបជាង ៥០០នាក់ ចូលរួមតាមអ៊ីនធឺណិត និងក្រៅបណ្តាញ។ វីដេអូពេញ អាចចូលមើលបានតាមរយៈ Facebook Link: https://www.facebook.com/cicp.org.kh/videos/167718085572323/ ៕