បច្ចុប្បន្នភាព
ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីរបបសឹក បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល សហភាពមីយ៉ានម៉ា កំពុងឯកោកាន់តែខ្លាំង នៅលើឆាកអន្តរជាតិ ដោយអវត្តមាន ក្នុងកិច្ចប្រជុំសំខាន់ៗ ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ ។
មីយ៉ានម៉ា មិនត្រឹមតែឯកោ នៅលើឆាកអន្តរជាតិទេ សូម្បីតែវិបត្តិនយោបាយ នៅក្នុងប្រទេសនេះ ក៏នៅតែបន្តជាប់គាំង និងផុងខ្លួនកាន់តែជ្រៅ ដោយមិនទាន់ដំណោះស្រាយណាមួយ ក្នុងការបញ្ចប់វិបត្តិនយោបាយនេះទេ រហូតដល់ពេលបច្ចុប្បន្ននេះ ។
ជាការកត់សម្គាល់ ប្រមុខដឹកនាំកំពូល របបសឹកមីយ៉ានម៉ា គឺឧត្តមសេនីយ៍ Min Aung Hlaing បានអវត្តមានក្នុងកិច្ចប្រជុំសំខាន់ៗ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ឬក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ។
កាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកានេះ ប្រទេសចិនបានធ្វើជាម្ចាស់ ផ្ទះក្នុងការរៀបចំជំនួបកំពូលអាស៊ាន-ចិនលើកទី៣០ ដោយមានការចូលរួមពីមេដឹក នាំមកពីប្រទេសទាំងអស់ជាសមាជិកអាស៊ាន ប៉ុន្តែមិនមានវត្តមានឧត្តមសេនីយ៍ Min Aung Hlaing នោះទេ ។
នេះជាលើកទី២ ហើយ ដែលប្រមុខដឹកនាំកំពូល របស់របបសឹកមីយ៉ានម៉ា ឧត្តមសេនីយ៍ Min Aung Hlaing មិនត្រូវបានអញ្ជើញអោយ ទៅចូលរួមក្នុង ជំនួបកំពូលពាក់ព័ន្ធនឹងអាស៊ាន ដោយសារមេដឹកនាំមីយ៉ានម៉ា មិនមានកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បាននិយាយថា មូលហេតុដែលប្រទេសនេះ មិនអញ្ជើញឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុងកិច្ចប្រជុំ អាស៊ាន-ចិន គឺដោយសារអនុលោម ទៅតាមការសម្រេចចិត្ត របស់អាស៊ាន ដែលមុនពេលកិច្ចប្រជុំនេះ បានចាប់ផ្តើម ចិនបានសួរយោបល់ដល់អាស៊ានផងដែរ អំពីថាតើគួរអញ្ជើញប្រមុខដឹកនាំរបបសឹកមីយ៉ានម៉ាអោយចូលរួមដែរ ឬអត់ ។
ជាការឆ្លើយតបវិញ ប្រទេស៤ ដែលជាសមាជិកអាស៊ាន មានប្រទេសឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី និងសិង្ហបុរី បានបង្ហាញនូវការជំទាស់ ចំពោះវត្តមានរបស់ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងកិច្ចប្រជុំអាស៊ាន-ចិន ដែលជាហេតុនាំអោយប្រទេសចិន សម្រេចចិត្តមិនអញ្ជើញ មេដឹកនាំកំពូលមីយ៉ានម៉ា រូបនោះអោយចូលរួមប្រជុំ ។
លោក Zhao Lijian បានបញ្ជាក់ថា ប្រទេសចិនគាំទ្រចំពោះកិច្ចពិភាក្សា ក្នុងការដោះស្រាយបញ្ហានានា ដែលបានកើតឡើងនៅសហភាពមីយ៉ានម៉ា ក៏ដូចជាបញ្ហាដែលបានកើតឡើង ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់ ។
ប្រទេសចិន គាំទ្រអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយ ក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ហើយចិននឹងមិនជ្រៀតជ្រែក ក្នុងកិច្ចការរបស់អាស៊ាននោះទេ ហើយអាស៊ាន គឺជាតួអង្គសំខាន់បំផុត ក្នុងការស្វែងរកដំណោះស្រាយ ក្នុងវិបត្តិនយោបាយនៅមីយ៉ានម៉ា ។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ប្រទេសព្រុយណេ ដែលជាប្រធានប្តូរវេនរបស់អាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ និងមិនបានអញ្ជើញ ប្រមុខដឹកនាំរបបសឹកមីយ៉ានម៉ា ឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុងកិច្ចប្រជុំនោះទេ ។
លោក Erywan Yuso ប្រេសិតពិសេសអាស៊ាន ទទួលបន្ទុកកិច្ចការសហភាពមីយ៉ានម៉ា បាននិយាយថា មូលហេតុដែលអាស៊ានមិនបានអញ្ជើញ ឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួម ក្នុងជំនួបកំពូលអាស៊ាន កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ គឺដោយសារមេដឹកនាំរូបនេះ មិនមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននោះទេ ។
មិនមានកិច្ច សហប្រតិបត្តិការ ជាមួយអាស៊ាន នៅត្រង់ថា ក្នុងជំនួបកំពូលអាស៊ាន កាលខែមេសា ឆ្នាំ២០២១ដដែលនេះ អាស៊ាន បានអញ្ជើញ មេដឹកនាំកំពូល របបសឹកមីយ៉ានម៉ា ឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមប្រជុំនៅប្រទេស ឥណ្ឌូនេស៊ី ហើយឧត្តសេនីយ៍រូបនេះ បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកុងសង់ស៊ី ៥ចំណុចជាមួយអាស៊ាន ប៉ុន្តែឧត្តមសេនីយ៍ Min Aung Hlaing មិនបានអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ សហភាពមីយ៉ានម៉ា ឯកោកាន់តែខ្លាំងនៅលើឆាក អន្តរជាតិ គឺដោយសារសំអាង លើហេតុផលមួយចំនួន ដែលរបបសឹកបានធ្វើចាប់តាំង ពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
ហេតុផលនោះ គឺស្ថាប័នធំ ៗ ជាលក្ខណៈអន្តរជាតិ មានអង្គការសហប្រជាជាតិ និងអាស៊ាន ជាដើម មិនទាន់ ប្រកាសទទួល ស្គាល់របបសឹកមីយ៉ានម៉ា ជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែចាត់ទុករបបសឹក ជារដ្ឋាភិបាលកើតចេញ ពីរដ្ឋប្រហារដណ្តើមអំណាចប៉ុណ្ណោះ ។
អង្គការសហប្រជាជាតិ នៅតែទទួលស្គាល់លោក U Kyaw Moe Tun ដែលរដ្ឋាភិបាលស៊ីវិល មីយ៉ានម៉ា បានតែងតាំងជាអគ្គរដ្ឋទូត របស់ខ្លួនប្រចាំ នៅអង្គការនេះ ជាតំណាងរបស់សហភាពមីយ៉ានម៉ាដដែល ដោយមិនទទួលស្គាល់ អ្នកតំណាងថ្មី ដែលត្រូវបានតែងតាំង ដោយរបបសឹកនោះឡើយ ។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ របបសឹកសហភាព មីយ៉ានម៉ា បានតែងតាំងលោក Aung Thurein ជាអគ្គរដ្ឋទូត របស់ខ្លួនប្រចាំអង្គការ សហប្រជាជាតិ ប៉ុន្តែក្នុងមហាសន្និបាត អង្គការ សហប្រជាជាតិ អង្គការនេះមិនបានទទួល ស្គាល់អគ្គរដ្ឋទូតថ្មី របស់សហភាពមីយ៉ានម៉ានោះទេ ។
ចំពោះអាស៊ានវិញ ក៏បានទុកសហភាពមីយ៉ានម៉ា អោយនៅមួយឡែកដែរ ដោយសារតែអាស៊ានមិនពេញចិត្តនឹងទង្វើរបស់ប្រមុខដឹកនាំរបបសឹក ដែលមិនបានគោរពកិច្ចព្រមព្រៀង ទាំង៥ចំណុច ដែលខ្លួនបានចុះហត្ថលេខា រួចហើយ ។
អាស៊ាន បានតែងតាំង លោក Erywan Yuso អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសព្រុយណេ ជាប្រេសិតពិសេស អាស៊ាន ទទួលបន្ទុកកិច្ចការ សហភាពមីយ៉ានម៉ា ដើម្បីធ្វើជាអន្តរការី សម្របសម្រួលភាគីជម្លោះមីយ៉ានម៉ា ដើម្បីបញ្ចប់ វិបត្តិនយោបាយ ប៉ុន្តែរបបសឹកមីយ៉ានម៉ា មិនទទួលស្វាគមន៍ ប្រេសិតអាស៊ានទេ ។
មូលហេតុនេះហើយ បានជាទាំងអង្គការសហប្រជាជាតិ និងទាំងអាស៊ាន បានទុកមីយ៉ានម៉ាអោយនៅឯកោ ដោយមិនអញ្ជើញឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ៕
ដោយ ៖ អ៊ី ជិន