ព័ត៌មានអន្តរជាតិ

ចិន៖ កិច្ចសហប្រតិបត្ដិការ នាវាមុជទឹកនុយក្លេអ៊ែរ AUKUS គំរាមកំហែងខ្លាំង ដល់សន្ដិសុខ និងស្ថេរភាពក្នុងតំបន់

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលមានចេតនាបង្កើនភាព តានតឹងក្នុងតំបន់ ជំរុញការប្រណាំងសព្វាវុធ គំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ គឺជាការមិនទទួល ខុសត្រូវខ្លាំងបំផុត ។

លោក ចាវ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មាន នៅពេលផ្តល់យោបល់លើអនុស្សរណៈ ស្តីពីកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល សហរដ្ឋអាមេរិក រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តីពីការជំរុញនុយក្លេអ៊ែររបស់កងទ័ពជើងទឹក ។

លោក ចាវ បានលើកឡើងថា ប្រទេសចិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការនាវាមុជទឹក នុយក្លេអ៊ែររវាង AUKUS ហើយប្រទេសជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង របស់ពួកគេ ចំពោះផលវិបាកអវិជ្ជមាន ដែលអាចកើតមាន នៃកិច្ចសហប្រតិបត្តិការនេះ។

ដោយកត់សម្គាល់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ មិនអាចត្រួតពិនិត្យ ប្រកបដោយប្រសិទ្ធភាពនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ និងសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធ ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្រោងនឹងផ្តល់ដល់ប្រទេស អូស្ត្រាលី ក្រោមយន្តការការពារបច្ចុប្បន្ន លោក ចាវ បានលើកឡើងថា ការផ្លាស់ប្តូររបស់ AUKUS បានបង្កជាបញ្ហា ។

ហានិភ័យដ៏ធំនៃការរីក សាយភាយនុយក្លេអ៊ែរ បានបំពានយ៉ាងច្បាស់លើវត្ថុ និងគោលបំណង នៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់របបមិនរីកសាយភាយ នុយក្លេអ៊ែរអន្តរជាតិ ។

លោក ចាវ បានបន្ដថា វាគឺជាការគ្មានទំនួលខុសត្រូវយ៉ាងខ្លាំង សម្រាប់ប្រទេសទាំងបី ក្នុងការលុបចោលនូវ កិច្ចព្រមព្រៀង ដែលគេហៅថា ការផ្លាស់ប្តូរព័ត៌មាន ស្តីពីការជំរុញនុយក្លេអ៊ែររបស់កងទ័ពជើងទឹក ជំរុញកិច្ចសហប្រតិបត្តិការ លើនាវាមុជទឹកនុយក្លេអ៊ែរ ដោយមិនគោរពច្បាប់អន្តរជាតិ និងការប្រឆាំងពីភាគីនានា ៕

ដោយ ឈូក បូរ៉ា

To Top