ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសេដ្ឋកិច្ច ប្រាប់ធុរកិច្ចអាស៊ី-អឺរ៉ុប ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនចាប់យកបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា ត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿនចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក។

ក្នុងពិធីបិទវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កត្តាគន្លឹះសម្រាប់ធានាចីរភាពនៃការអភិឌ្ឍ នៅក្នុងសភាពការណ៍ថ្មីនេះ គឺការប្ដេជ្ញាចិត្ត ក្នុងការរួមគ្នាប្រកាន់យកមាគ៌ា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីធានាការផ្លាស់ប្តូរនៃទិសដៅពិភពលោក ឱ្យប្រព្រឹត្តទៅប្រកបដោយភាពសុខដុម។

លោក បានបន្ដថា ក្នុងស្មារតីនេះ ត្រូវតែពុះពារបង្កើតគោលនយោបាយជាតិ ប្រកបដោយភាពឆ្នៃប្រឌិត បន្តជំរុញការចូលរួមនៅក្នុងផលិតកម្មនៃខ្សែច្រវាក់តម្លៃសកល និងចាប់យកកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

លោក បានបញ្ជាក់ថា «ក្រោមដំបូលសន្តិភាព និងស្ថិរភាព ដ៏ពេញលេញ និងឋិតថេរ កម្ពុជាបានរៀបចំត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿនការចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងសកល សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០»។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ពិតជាបានជួយជំរុញដល់ដំណើរការនៃការអភិវឌ្ឍ តាមអភិក្រមថ្មី ទូលំទូលាយមួយ ដែលច្របាច់បញ្ចូលទិដ្ឋភាពសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ទៅក្នុងក្របខណ្ឌនៃការគិតគូរអំពីកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់។

លោក បង្ហាញក្ដីសង្ឃឹមថា បណ្តាប្រទេសជាសមាជិកអាសិមទាំងអស់ ក៏ដូចជាស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា នឹងបន្តរៀបចំវេទិកាដ៏មានអត្ថប្រយោជន៍ និងសារៈសំខាន់បែបនេះ ជាបន្តបន្ទាប់ទៅទៀត៕

To Top