ព័ត៌មានអន្តរជាតិ

អាមេរិកនិងសហភាពអឺរ៉ុប ប្រារព្ធធ្វើកិច្ចប្រជុំលំដាប់ខ្ពស់ ស្តីពីការទប់ទល់ នឹងប្រទេសចិន

បរទេស៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រារព្ធធ្វើកិច្ចប្រជុំលំដាប់ខ្ពស់លើកទី២ ពាក់ព័ន្ធនឹងបញ្ហាប្រទេសចិន ស្របពេលដែលភាគីទាំងពីរ មានបំណងជំរុញបង្កើន គោលនយោបាយរួមសាមគ្គីគ្នា ដើម្បីប្រឈមមុខនឹង ធ្វើការងារជាមួយប្រទេសអាស៊ី ស្របពេលមានភាពតានតឹងកើនឡើង។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងលេខាធិការទីភ្នាក់ងារចំណាត់ការ ខាងក្រៅអឺរ៉ុប លោក Stefano Sannino បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសចិន នៅក្នុងទីក្រុងវ៉ាស៊ីនតោន និងបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបង្ហាញពីសារៈសំខាន់ នៃការរក្សាទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធបន្តទៀតជាមួយគ្នា។

ក្រៅពីនេះ តាមសេចក្តីរាយការណ៍ ភាគីទាំងពីរក៏បានពិភាក្សាគ្នា បញ្ជីកំណើនសកម្មភាព របស់ប្រទេសចិន ដែលថាគួរឲ្យព្រួយបារម្ភ រួមមានទាំងសកម្មភាពទាំងឡាយ ដែលបំពានច្បាប់អន្តរជាតិ និងការប្រឆាំងទៅនឹង តម្លៃរួមគ្នារបស់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក បាននិងកំពុងតែតាំងគោលជំហរដ៏រឹងមាំ ប្រឆាំងប្រទេសចិន ចាប់ផ្តើមតាំងពីស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាលលោក ត្រាំ បន្តមកដល់រដ្ឋបាលលោក ចូ បៃដិន ហើយជំនួបនាថ្ងៃព្រហស្បតិ៍នោះ បង្ហាញថា សហភាពអឺរ៉ុបអាចនឹងចួលរួមជាមួយការប៉ុនប៉ងរបស់លោកប្រធានាធិបតី ចូ បៃដិន បង្កើនមិត្តភាពមួយទប់ទល់នឹងទីក្រុងប៉េកាំង៕

ប្រែសម្រួល៖ប៉ាង កុង

To Top