ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Semeru ផ្ទុះឡើងនៅភាគខាងកើត ឥណ្ឌូនេស៊ី បង្កឲ្យរបួស និងធ្វើឲ្យខូចខាតស្ពាន និងផ្ទះជាច្រើនខ្នង

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា ភ្នំភ្លើង Semeru ក្នុងខេត្តជ្វាភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានផ្ទុះនៅថ្ងៃសៅរ៍នេះ ដោយបានធ្វើឱ្យអ្នកភូមិ ជាច្រើនរងរបួស ខណៈដែលស្ពានមួយ និងផ្ទះជាច្រើនខ្នង ត្រូវបានខូចខាតក្នុងអំឡុងពេលជម្លៀស ។

លោក Eka Yekti Hananto អធិការនគរបាលស្រុក Lumajang បានប្រាប់ដល់ទូរទស្សន៍ TVOne ថា “មនុស្សជាច្រើនកំពុងទទួលរងរបួស ដោយសារពួកគេភ័យស្លន់ស្លោ ពេលរត់គេចពីការផ្ទុះ ។

អ្នកសម្របសម្រួល នៃផ្នែកកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង នៃមជ្ឈមណ្ឌលតាមដានបន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយ Kristianto បានលើកឡើងថា ការរីករាលដាលនៃផេះក្តៅ គឺប្រហែល៥គីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៃមាត់រណ្ដៅ ។

មន្ត្រីរូបនេះបានប្រាប់ដល់ស៊ិនហួថា “ផេះក្តៅមានទំនោររាលដាល ពីលើផ្ទៃនៃទន្លេជាច្រើន ដែលជាដីទាបបំផុត ដោយសារផេះទាំងនោះ ត្រូវបានប៉ះពាល់ដោយទំនាញផែនដី” ។

លោក Kristianto បានបញ្ជាក់ថា “នេះមានគ្រោះថ្នាក់ សម្រាប់អ្នកដែលមានសកម្មភាព នៅតាមដងទន្លេដូចជាអ្នកជីកខ្សាច់និងអ្នកដទៃ” ។

លោក Kristianto បានឲ្យដឹងទៀតថា កម្ពស់នៃផេះភ្នំភ្លើងនេះ មិនអាចត្រូវបានគេសង្កេតឃើញនោះទេ ដោយសារតែភ្នំភ្លើងនេះត្រូវបាន គ្របដណ្តប់ដោយផ្សែង ប៉ុន្តែគាត់បានព្យាករណ៍ថា វាស្ថិតនៅចន្លោះ ពី២០០ទៅ៥០០ម៉ែត្រទៅលើមេឃ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top