ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រកាសគោរពតាម ការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើស បេក្ខភាពនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។

តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត» ។

សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា «ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន» ៕

To Top