អាមេរិកបានចាត់ទុក “ការការពារសិទ្ធិមនុស្ស” ជាមូលហេតុមួយសម្រាប់ផ្សព្វផ្សាយ ប្រជាធិបតេយ្យបែប អាមេរិកទៅកាន់បរទេស ។ ប៉ុន្តែ ការរីកសាយភាយរបស់កាំភ្លើង បានគំរាមកំហែងដល់សិទ្ធិមនុស្ស មូលដ្ឋានរបស់ជនជាតិអាមេរិកគ្រប់រូប ហើយបានក្លាយជាការឈឺចាប់ ដែលពិបាកដោះស្រាយ ក្នុងប្រព័ន្ធរបបប្រជាធិបតេយ្យ អាមេរិកផងដែរ ។
តាមស្ថិតិ អាមេរិកមានច្បាប់ស្ដីពី កាំភ្លើងដែលមានលក្ខណៈ ទន់ខ្សោយបំផុតនៅលើពិភពលោក តែមានកាំភ្លើងច្រើនជាងគេ ប្រហែលដល់ទៅ ៣៩៣លានគ្រឿងឯណោះ។ ហានិភ័យដែលជនជាតិអាមេរិក ក្លាយជាជនរងគ្រោះនៃ ការបាញ់ប្រហារខ្ពស់ជាង ២៥ដង បើប្រៀបធៀបនឹងប្រជាជននៃ ប្រទេសចំណូលខ្ពស់ផ្សេងទៀត ។ “ជនជាតិអាមេរិក ស្ទើរតែគ្រប់រូបសុទ្ធតែអាចស្គាល់ អ្នករងគ្រោះអំពើហិង្សា ដោយកាំភ្លើងយ៉ាងហោចណាស់ចំនួន ១នាក់ ក្នុងមួយជីវិតរបស់គេ” ។
ប៉ុន្តែ អាមេរិកបានអួតអាងថាខ្លួនជា “ប៉មប្រជាធិបតេយ្យ”និង “អ្នកគាំពារសិទ្ធិមនុស្ស” មែនទេ ? ចុះហេតុអ្វីបានជាជីវិតមនុស្ស ដែលបានស្លាប់យ៉ាងអយុត្តិធម៌ ក្នុងអំពើហិង្សាដោយ កាំភ្លើងច្រើនដូច្នេះ ហើយក៏នៅតែមិនអាចដាស់តឿន ឱ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការ ?
ដើមឡើយប្រព័ន្ធរបបនយោបាយ និងការកំណត់ច្បាប់របស់អាមេរិក មានកង្វះខាតជាច្រើន នេះជាមូលហេតុផ្ទាល់ ដែលបានរារាំងដល់ការអនុម័ត ពង្រាងច្បាប់ស្តីពីការគ្រប់គ្រងកាប់កាំភ្លើង ។ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ លើកទីពីររបស់អាមេរិក ស្ដីពីសិទ្ធិកាន់កាប់កាំភ្លើង គ្មានការកំណត់ច្បាស់លាស់ និងបានក្លាយជាខ្នងបង្អែកខាងផ្លូវច្បាប់ សម្រាប់អ្នកកាន់កាំភ្លើង ពោលគឺអនុញ្ញាតឱ្យ ប្រជាពលរដ្ឋអាមេរិក ប្រើប្រាស់កាំភ្លើង ហើយច្បាប់នេះពិបាក នឹងកែប្រែណាស់ ។ ក្រៅពីនេះ ក្នុងបញ្ហាគ្រប់គ្រងកាំភ្លើង រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋបាលតំបន់ក៏មាន គោលជំហរខុសគ្នាដែរ រហូតដល់រឹតត្បិតគ្នាទៅវិញទៅមក ។
ទាក់ទិននឹងបញ្ហានេះ ក៏បូករួមទាំងការប្រកួតប្រជែង រវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈដែលបណ្ដាលឱ្យ ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង ។
ក្នុងបញ្ហាគ្រប់គ្រងកាំភ្លើង នយោបាយលុយកាក់ ក៏មិនរលាយសាបសូន្យដែរ ។ សមាគមកាំភ្លើងជាតិរបស់ អាមេរិកហៅកាត់ថា NRA គឺជាអង្គការពាក់ព័ន្ធកាំភ្លើងធំ ជាងគេនិងជាក្រុមផលប្រយោជន៍ ដ៏ខ្លាំងក្លារបស់អាមេរិក យ៉ាងហោចណាស់មានសមាជិកចំនួន ៥លាននាក់ និងមូលធនដ៏ច្រើនសន្ធឹក។ សមាគមនេះមានឥទ្ធិពល យ៉ាងសំខាន់ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសរើសរដ្ឋសភា រហូតដល់ការតែងតាំងចៅក្រម នៃតុលាការកំពូលទៀតផង ។
ដូច្នេះហើយបានជា ទោះបីជាប្រជាជនអាមេរិក បានចេញសេចក្តីអំពាវនាវស្តីពី គ្រប់គ្រងកាំភ្លើងកាន់តែខ្លាំងឡើងៗ ប៉ុន្តែមតិសំឡេងទាំងនេះ ត្រូវបានគេមិនអើពើជារៀងរហូត ។ នេះជាការពិតជាក់ស្តែងដែល គួរឱ្យអ្នកផងព្រួយបារម្ភ ពោលគឺ៖ នៅអាមេរិក ជីវិតស្រស់ៗបានបាត់បង់ ជាបន្តបន្ទាប់ដោយសារកាំភ្លើង តែអ្នកនយោបាយទាំងឡាយ មិនគ្រាន់តែមិនអើពើប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញ ការកាន់កាប់កាំភ្លើងទៀតផង ។
តាមរយៈបញ្ហានេះអាចឃើញ សភាពការណ៍ជាទូទៅ ។ ត្រឹមតែបញ្ហាគ្រប់គ្រង កាំភ្លើងតែមួយប៉ុណ្ណោះ ក៏បានលាតត្រដាងនូវ ជំងឺប្រជាធិបតេយ្យបែបអាមេរិក យ៉ាងច្បាស់ក្រលែត សូមសួរថា តើអ្នកនយោបាយអាមេរិក ហ៊ានលើកយកបញ្ហាដែលពាក់ព័ន្ធ នឹងសិទ្ធិមូលដ្ឋានរស់រានមានជីវិតនេះ មកពិភាក្សានៅក្នុងអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ឬអត់ ? អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” គ្រាន់តែជាការសម្តែងឆាកល្ខោន ខាងនយោបាយមួយលើក ដែលរៀបចំដឹកនាំដោយក្រុងវ៉ាស៊ីនតោន ពោលគឺស្រែកថាប្រជាធិបតេយ្យបានតែមាត់ តែតាមពិតទៅគឺប្រឆាំង ប្រជាធិបតេយ្យហ្នឹងឯង ៕