ហាវ៉ាណា ៖ ក្រសួងការបរទេសគុយបា (MINREX) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” គឺជាលំហាត់មួយ នៅក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ ដោយគ្មានផលប្រយោជន៍ សម្រាប់សហគមន៍អន្តរជាតិ។
ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទម្រង់និម្មិត “គ្រាន់តែបម្រើដើម្បីបង្ហាញ ពីការកើនឡើង នៃភាពឯកោ ការផ្តាច់ខ្លួន និងការបាត់បង់ឥទ្ធិពល នៃប្រទេសដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក” ។
ប្រភពពី MINREX បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន បានខ្ជះខ្ជាយឱកាស ដើម្បីអំពាវនាវឱ្យមានកិច្ចប្រជុំ រួមបញ្ចូលមួយ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងដើម្បីរួមចំណែកក្នុងការស្វែង រកដំណោះស្រាយ ចំពោះបញ្ហាបន្ទាន់បំផុតរបស់ពិភពលោក ។
ប្រភពបានឲ្យដឹងទៀត “ពិភពលោកអំពាវនាវ ឱ្យមានសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំនួសឱ្យការបែងចែក ការជ្រើសរើស និងការដាក់ ទណ្ឌកម្មឯកតោភាគី”។
នៅក្នុង សេចក្តីថ្លែងការណ៍បានបន្ថែមថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក ដឹកនាំយុទ្ធនាការដ៏គ្រោះថ្នាក់មួយ សំដៅបង្កើតការបែកបាក់អន្តរជាតិ និងបែងចែកភពផែនដី” ៕
ដោយ ឈូក បូរ៉ា