នយោបាយ

សម្តេចតេជោ ៖ កុំបន្ទោសកម្ពុជា រឿងមីយ៉ាន់ម៉ា និងរឿងចេញ សេចក្តីថ្លែងការណ៍ (COC) មិនរួច (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានទុកជាមុន ទៅបណ្តាប្រទេសខ្លះ និងមនុស្សមួយចំនួនផងដែរ ដែលតែងតែបង្ហាញការ មិនពេញចិត្តកម្ពុជា ក៏ដូចជាការរិះគន់នោះថា កុំបន្ទោសកម្ពុជារឿងមីយ៉ាន់ម៉ា និងរឿងចេញសេចក្តីថ្លែងការណ៍ (COC) មិនរួច ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ។

សម្តេចតេជោបានរំលឹកថា កាលពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាន នាឆ្នាំ២០១២ បានស្តីបន្ទោសកម្ពុជាម្តងហើយ រឿងមិនអាចចេញ សេចក្តីថ្លែងការណ៍ (COC) ដោយចោទថា កម្ពុជា លំអៀងទៅរកចិន អំពីបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ ដែលនៅសល់ ១៥ថ្ងៃទៀតនោះ ដល់វេនកម្ពុជា ធ្វើជាម្ចាស់ផ្ទះម្តងទៀត កុំស្តីបន្ទោស ព្រោះកម្ពុជា មិនមែនធ្វើជាចៅក្រម កាត់សេចក្តី ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ។ បើតាមសម្តេច គឺសម្តេចបានធ្វើជាប្រធាន អាស៊ាន៣លើក រួចមកហើយ ។ នេះជាប្រសាសន៍របស់សម្តេច ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។

សម្តេចតេជោបន្តថា សម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ឬភូមានោះ សម្តេចបានថ្លែងសុំឱកាសថា គួរតែទុកពេលវេលាឲ្យ សម្តេចបានធ្វើការ សម្របសម្រួលផង ព្រោះក្នុងនាមជាប្រធានអាស៊ានមានភារកិច្ចលើកិច្ចការអាស៊ាន ដើម្បីឲ្យមានអាស៊ាន ជើង១០ នៅឆ្នាំ២០២២ ។ ដោយសម្តេចអះអាងថា សម្តេច បានជួបពិសោធន៍ ច្រើនដងហើយ ក្នុងការចរចាដោយលទ្ធផល បានសម្រេចច្រើនជាង ការធ្វើសង្រ្គាម។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ដាច់ខាតនៅអំឡុងថ្ងៃ៧-៨ មករាខាងមុខនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូ ទៅមីយ៉ាន់ម៉ា ព្រោះក្នុងនាម ជាប្រធានអាស៊ាន ត្រូវតែធ្វើ។ រឿងជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហាមឃាត់សម្ដេច មិនបាននោះទេ ។ សម្ដេចថា កុំឲ្យរំពឹងខ្លាំងពេក មកលើកម្ពុជា ចំពោះការស្រាយបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែក៏មិនគួរប្រមាថ ចំពោះកម្ពុជា ដែលជាប្រធានអាស៊ានដែរ ។

សម្ដេចតេជោ មានប្រសាសន៍ថា «កុំរំខាន់ខ្ញុំ ទុកពេលវេលាឲ្យខ្ញុំធ្វើ ។ ខ្ញុំមិនមែនធ្វើគ្រូអស់លោកអ្នកទេ ក៏ប៉ុន្ដែអស់លោកអ្នក ក៏កុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ តើខ្ញុំសូមប៉ុណ្ណឹងបានទេ? ខ្ញុំអត់ត្រូវការតាំងខ្លួន ធ្វើមេដឹកនាំ ឬគ្រូ តែសូមអ្នកដ៏ទៃទុកឱកាសឲ្យខ្ញុំធ្វើ ហើយសូមកុំធ្វើគ្រូខ្ញុំបានទេ ចំពោះបញ្ហាមីយ៉ាន់ម៉ា។ បញ្ហា COC បើមិនសម្រេចបាននូវកម្ពុជាទេ សូមកុំបន្ទោសកម្ពុជា ដូចឆ្នាំ២០១២ ហើយឆ្នាំ២០១២ បន្ទោសកម្ពុជា ចេញសេចក្ដីថ្លែង ការណ៍មិនរួច តើអ្នកដឹងអ្វីនៅពីក្រោយចេញមិនរួចទេ?» ។

សម្ដេចតេជោ បានទម្លាយមូលហេតុដែលកម្ពុជា មិនអាចចេញសេចក្តីថ្លែង ការណ៍ COC កាលពីឆ្នាំ២០១២នោះគឺថា បានចាប់បង្ខំឲ្យកម្ពុជា ធ្វើជាចៅក្រមកាត់សេចក្តី ឲ្យកោះនេះ ទៅប្រទេសនេះ ឲ្យកោះនោះ ទៅប្រទេសនោះ ដូច្នេះហើយទើបមិនអាចចេញ សេចក្តីថ្លែងការណ៍ COC។ សម្ដេច ដាក់ជាសំណួរថា ចុះប្រទេសផ្សេងទៀត ដែលធ្វើជាប្រធានអាស៊ានមុនៗ ម្ដេចក៏មិនអាចចេញ សេចក្តីថ្លែងការណ៍ COC នេះបាន?។

សម្ដេចតេជោបន្ដថា កម្ពុជា នឹងខិតខំរួមជាមួយប្រទេស អាស៊ាន ដ៏ទៃទៀត ព្រមទាំង ចិនដែរ ដើម្បីធ្វើការចរចាសម្រេចឲ្យចេញ COC ដោយមានប្រសិទ្ធភាព និងទទួលយកបាន ហើយក៏ជាខួប នៃការចុះហត្ថលេខាលើ COC ។ សម្ដេច បានលើកទឹកចិត្ត ឲ្យប្រទេសពាក់ព័ន្ធ នឹងជម្លោះសមុទ្រចិនខាងត្បូង សម្របសម្រួល ដោះស្រាយគ្នាដោយសន្តិវិធី ។

សម្ដេចតេជោ បន្ថែមថា កុំឲ្យកម្ពុជា ធ្វើជាចៅក្រម ដើម្បីកាត់សេចក្ដីបញ្ហា សមុទ្រចិនខាងត្បូង គោលជំហរ របស់កម្ពុជា មិនផ្លាស់ប្ដូរឡើយ ។ សម្ដេច បញ្ជាសារជាថ្មីថា គោលជំហររបស់កម្ពុជា ទី១-អនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងនូវ DOC ,ទី២-ប្រទេស ដែលពាក់ព័ន្ធ ត្រូវរកដំណោះស្រាយគ្នា ដោយសន្តិវិធី និងទី៣-ត្រូវខិតខំប្រឹងប្រែង សម្រេចឲ្យបាន នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ជាដើម។

ទោះបីមិនពេញចិត្ត ពីក្រុមប្រឆាំង ឬប្រទេសខ្លះក៏ដោយ ករណីសម្តេច ប្រកាសទៅភូមានេះ តែ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម បានបង្ហាញទស្សនៈយល់ឃើញ ផ្ទុយមកវិញ តាមបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃ១២ធ្នូថា ការមិនឲ្យភាគីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ទៅជួបចរចាជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហើយសង្ឃឹមថា វិបត្តិនយោបាយនៅភូមា នឹងត្រូវបានបញ្ចប់ គឺ ជាគំនិតដ៏ឆ្អួតលីលាបំផុត ។

លោកថា “តើយុទ្ធសាស្រ្តទ្វារ ក្រោយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់ប្រើជោគជ័យ ជាមួយខ្មែរក្រហម នឹងអាចប្រើជោគជ័យ ម្តងទៀត សម្រាប់វិបត្តិ នៅភូមាដែរឬទេ? អាស៊ានឆ្នាំ២០២២ នឹងក្លាយជាអាស៊ាន ដែលគួរឲ្យចាប់អារម្មណ៍បំផុត ! តើអាស៊ាននឹងបែក ឬនឹងអាចរួមគ្នា ជាអាស៊ានជើង១០ វិញ? សូមរងចាំទស្សនាទាំងអស់គ្នា!”

To Top