រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានទទូចថានឹងមិនមានការ បោះឆ្នោតជាតិប៉ាឡេស្ទីននោះទេលើកលែងតែអ៊ីស្រាអែល អនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនបោះឆ្នោតនៅចំកណ្តាល ក្រុងយេរ៉ូសាឡឹមខាងកើត។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) បានចុះផ្សាយថាលោកអាបាស បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រឹក្សាចលនាហ្វាតាហ៍ ដែលធ្វើឡើងនៅទីស្នាក់ការ គណៈប្រធានប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
លោក អាបាស បានលេីកឡេីងថា “យើងនឹងមិនរៀបចំការបោះឆ្នោតណាមួយឡើយ ប្រសិនបើគ្មានក្រុងយេរូសាឡឹមជាផ្នែកមួយនៃក្រុងនោះទេ។ អ្នករស់នៅទីក្រុងយេរ៉ូសាឡឹមត្រូវតែទៅបោះឆ្នោតនៅចំកណ្តាល ក្រុងយេរ៉ូសាឡឹមខាងកើត” ។
ការទទូចរបស់លោកអាបាស ក្នុងការរៀបចំការបោះឆ្នោតនៅយេរ៉ូសាឡឹមខាងកើត គឺពិតជាបញ្ហាប្រឈមចំពោះ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅចុងឆ្នាំ ២០១៧ ថាទីក្រុងយេរ៉ូសាឡឹមនឹងក្លាយជា រដ្ឋធានីរបស់អ៊ីស្រាអែល៕
ដោយ ឈូក បូរ៉ា