ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានប្រាប់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងបំពេញទស្សនិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយអមមកជាមួយអ្នវិនិយោគជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ហ្សាក់ ប៉ឺឡេត បានកត់សម្គាល់ឃើញថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោក ជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។
លោកបញ្ជាក់ថា «នាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា»។
នាឱកាសនោះ សម្ដេច សាយ ឈុំ បង្ហាញការរីករាយដោយបានមើលឃើញពីទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាកដឹកនាំជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ ប្រទេសទាំងពីរបានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៕