បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការសាមគ្គីរួមគ្នា ស្របពេលដែលមាន ភាពតានតឹងកើនឡើង ជាមួយសហដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច របស់អាមេរិក។
តាមសេចក្តីរាយការណ៍ លោក ស៊ី ជីនពីង បានគាំទ្រដល់ការទាមទាររបស់លោក ពូទីន ឲ្យមានការធានាសន្តិសុខ នៅក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានព្រមានថា លោក ពូទីន កំពុងតែប្រមូលផ្តុំកងកម្លាំងយោធា នៅតាមព្រំដែនអ៊ុយក្រែន ជាមួយនឹងសមត្ថភាពអាចធ្វើការ ឈ្លានពានដោយកងទ័ព ១៧៥.០០០នាក់ ។
ចំណែលោក ពូទីន បាននិយាយប្រាប់ប្រធានាធិបតីចិនថា លោកនឹងចូលរួមក្នុងកីឡា អូឡាំពិកទីក្រុងប៉េកាំង នៅក្នុងខែកុម្ភៈស្របពេល ដែលសហរដ្ឋអាមេរិក និងប្រទេសដទៃផ្សេងទៀត បានធ្វើការពហិការការទូត កីឡាអូឡំាពិកនោះ។ មេដឹកនាំទាំងពីរ ក៏បានបង្ហាញនូវការរួបរួមសាមគ្គីគ្នា ទប់ទល់ការដាក់ពង្រាយយោធា របស់អាមេរិក និងមហាអំណាចលោកខាងលិច នៅក្នុងអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងបណ្ដា មហាអំណាចលោកខាងលិចផ្សេងទៀត កំពុងតែរក្សាវត្តមានយោធាខ្លួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បញ្ជូននាវាចម្បាំងកាត់ តាមដែនទឹកអន្តរជាតិ នៅច្រកសមុទ្រតៃវ៉ាន់ និងនៅជិតកោះសិប្បនិម្មិតរបស់ចិន ៕
ប្រែសម្រួល៖ ប៉ាង កុង