ភ្នំពេញ ៖ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងចំអកទៅកាន់អតីត គណបក្ស សង្គ្រោះជាតិថា ការធ្វើអំពើល្អ ពិតជាមិនរលាយកៅអី ឃុំ-សង្កាត់ ដូចអតីតបក្សប្រឆាំងសង្រ្គោះជាតិទេ ដូច្នេះ គណបក្សយុវជនកម្ពុជា នឹងប្រព្រឹត្តអំពើល្អ កុំធ្វើអំពើទុរិច្ច ដែលសង្គមស្អប់ខ្ពើម ជាពិសេសកុំធ្វើអំពើណាខាត បង់ប្រយោជន៍រាស្ដ្រ ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានចេញសាលដីការ រំលាយអតីតគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់ សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ ។
ក្នុងសន្និសីទសារព័ត៌មាន អំពីការដាក់ចេញគោល នយោបាយត្រៀមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៃគណបក្សយុវជន កម្ពុជា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានឲ្យដឹងថា បោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ គណបក្សយុវជន កម្ពុជា ដាក់បេក្ខភាពឈរឈ្មោះធ្វើមេឃុំ-ចៅសង្កាត់ នៅទូទាំងប្រទេស ចំនួន២៥០ ឃុំ-សង្កាត់ ក្នុងចំណោម ឃុំ-សង្កាត់ ទូទាំងប្រទេសចំនួន ១៦៥២ឃុំ-សង្កាត់ ។ លោកថា នៅអាណត្តិក្រោយៗទៀត គណបក្សនឹងដាក់បេក្ខភាព ឈរឈ្មោះធ្វើមេឃុំ-ចៅសង្កាត់ ពេញទូទាំងប្រទេស។
លោកបញ្ជាក់ថា «តើមានវិធីសាស្ដ្រអ្វី? ដែលអាចការពារកៅអី ឃុំ-សង្កាត់បាន កុំឲ្យរលាយដូចអតីតគណបក្ស សង្គ្រោះជាតិ? វិធីសាស្ដ្រមានតែមួយគត់ ប្រព្រឹត្តអំពើល្អ កសាងតម្លៃល្អ កុំធ្វើអំពើទុរិច្ច កុំធ្វើអំពើណា ដែលសង្គមស្អប់ខ្ពើម ជាពិសេស កុំធ្វើអំពើណាខាតបង់ ប្រយោជន៍រាស្ដ្រ»។
លោក ពេជ្រ ស្រស់បន្ដថា បើមានមេឃុំ-ចៅសង្កាត់ របស់គណបក្សយុវជនកម្ពុជា ដែលជាប់ឆ្នោតនាពេលខាងមុខនោះ គឺត្រូវធ្វើការជូនប្រជាពលរដ្ឋ ដោយមានប្រសិទ្ធភាព មិនអាចពុករលួយ តាមអំពើចិត្តឡើយ។ លោកថា គណបក្សយុវជនកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ។
លើសពីនេះទៀត ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស បោះឆ្នោតជូនគណបក្ស យុវជនកម្ពុជា ដើម្បីបញ្ចប់ភាពឈឺចាប់ តាមមូលដ្ឋាន។
ជាមួយគ្នានេះ គោលនយោបាយ ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នាឆ្នាំ២០២២ដែលលោក ពេជ្រ ស្រស់ ប្រកាសដាក់ឲ្យប្រើប្រាស់ចំនួន៧ចំណុច រួមមាន ៖ទី១-បើកវេទិកា សាធារណៈរៀងរាល់មួយខែម្តង ជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋាន ឃុំ-សង្កាត់ , ទី២-បោសសំអាត ការចរាចរ និងការ ប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ , ទី៣-ទិញ រថយន្តពេទ្យ សង្គ្រោះបន្ទាន់ ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋាន ឃុំ-សង្កាត់ បញ្ជូន ទៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃ , ទី៤-ចាស់ៗគ្មានទីពឹង ចាប់ពីអាយុ៦០ឆ្នាំឡើង ទៅទទួលបានប្រាក់ ឧបត្ថម្ភ១០ម៉ឺនរៀល ក្នុងម្នាក់ ជារៀងរាល់ខែ និងទទួលបានការថែទាំ ពីរដ្ឋបាល ឃុំ-សង្កាត់ , ទី៤-ពង្រឹងការផលិត វិស័យកសិកម្ម ដើម្បីទទួល បានទីផ្សារឲ្យមានតម្លៃខ្ពស់ , ទី៦-បើកវគ្គបណ្តុះបណ្តាល ពហុជំនាញដល់យុវជន ដែលបោះបង់ការសិក្សា នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ឲ្យមានមុខរបរចិញ្ចឹម ជីវិតច្បាស់លាស់ និង ទី៧-បង្កើនថវិកា៦០ម៉ឺនដុល្លារអភិវឌ្ឍន៍ឃុំ-សង្កាត់ ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឲ្យមានតម្លាភាព ដើម្បីពន្លឿន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់៕