ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​ មិនត្រូវធ្វើ​តែម្នាក់ឯង​នោះទេ មានតែ​​ធ្វើ​កិច្ចសហប្រតិបត្តិការ​ ដោយ​សាមគ្គីភាព​ ទើបអាចមាន​កម្លាំងដ៏ខ្លាំងក្លា

ឆ្នាំ២០២១ ​ជិតផុតទៅ​ហើយ ​ប៉ុន្តែវីរុសកូវីដ​១៩ នៅតែ​បន្តរីករាលដាល​ដដែល ។​ បើរំលឹក​ឡើងវិញ​ពីរយៈពេល ​ពីរឆ្នាំ​កន្លងទៅនេះ​អាចឃើញថា​ ​ជំងឺកូវីដ១៩ ជា​សកល​បានធ្លាក់​ក្នុង​វដ្តដ៏អាក្រក់​ “អាប់អួរ-​បន្ធូរបន្ថយ​-រីករាលដាល​យ៉ាងខ្លាំង​ឡើងវិញ”​ ជាប់រហូតមក​ ហើយ​ប្រទេសនិង​តំបន់ខុសៗគ្នា​ បានក្លាយជា​កន្លែង​រីករាលដាល​ខ្លាំងបំផុត​ជាបន្តបន្ទាប់ ។ ​ការរីករាលដាល​នៃជំងឺកូវីដ១៩​ មានភាពធ្ងន់ធ្ងរ​ឡើងវិញ​ឥតឈប់ឈរ ​មិនត្រឹមតែ​បានពន្លឿន​ ការប្រែប្រួល​នៃស្ថានការណ៍ ​អន្តរជាតិ​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏បាននាំ​មកនូវ​ផលប៉ះពាល់​ ដល់កំណើន​សេដ្ឋកិច្ច​សកល​ផងដែរ ។

ក្នុងរយៈពេល​ពីរឆ្នាំកន្លង​ទៅនេះ ​បទពិសោធន៍​ក្នុង​ការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ​ជាសកល​បានបង្ហាញ​ម្តងហើយ​ម្តងទៀតថា​ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​ មិនត្រូវធ្វើ​តែម្នាក់ឯង​នោះទេ​ មានតែធ្វើ​កិច្ចសហប្រតិបត្តិការ​ ដោយ​សាមគ្គីភាពទើប​អាចមាន​កម្លាំងដ៏​ខ្លាំងក្លា ។

បើចង់ធ្វើ​កិច្ចសហប្រតិបត្តិការ​ ប្រកបដោយ​សាមគ្គីភាព ​ដើម្បីរួមគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ នោះ ​ក៏ចាំបាច់​ត្រូវបញ្ឈប់​ការលេង​ កលល្បិចខាង​នយោបាយ ​។ ប៉ុន្តែ ​ប្រទេសមួយ​ចំនួនបាន​លេងកលល្បិច​ ខាង​នយោបាយ​យ៉ាងគឃ្លើន ​ដូចជា​យកវីរុស​ធ្វើជា​លេសដើម្បី​ដាក់ បន្តុះ​បង្ខូច​កិត្តិយសគ្នា ​​និង​ធ្វើឱ្យ​បញ្ហា​តាមដាន ​រកប្រភពដើម​នៃវីរុស​ទៅជា​កិច្ចការ​នយោបាយ​ជាដើម ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។ 

ទង្វើ​ទាំងនេះ​មិនត្រឹមតែ​បានបំផ្លាញ​ យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ទូទៅ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​សកល​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏បានបាត់បង់​អាយុជីវិត​ ដ៏ច្រើន​រាប់មិនអស់​ផងដែរ​ ។ នៅចំពោះ​មុខស្ថានការណ៍​បង្ការ និង​គ្រប់គ្រង​ជំងឺកូវីដ១៩ ​ដ៏តឹងរ៉ឹង​នាពេល​បច្ចុប្បន្ន​ សហគមន៍​អន្តរជាតិ ​ចាំបាច់ត្រូវ​រួមគ្នាខិតខំ​ប្រឹងប្រែង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​យកឈ្នះលើជំងឺ​កូវីដ១៩ ដោយ​អាកប្បកិរិយា​យ៉ាងហ្មត់ចត់​ បែប​វិទ្យាសាស្ត្រ​ ក៏ដូចជា​ទប់ទល់នឹង​រាល់ទង្វើ​ទាំងអស់​ ដែលផ្ទុយ​នឹងស្មារតី​ប្រយុទ្ធ ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​ ដោយ​សាមគ្គីគ្នា​ផងដែរ ។

បើចង់ធ្វើ​កិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា​ ក៏ចាំបាច់ត្រូវ​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍរួម​ ។ ប្រឈមមុខ​នឹងផលប៉ះពាល់​ ដ៏ធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ជំងឺកូវីដ១៩​ ប្រទេសនានា​លើពិភពលោក​ចាំបាច់ត្រូវ ​ខិតខំប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​ឡើងវិញ ​ជំរុញឱ្យ​សម្រេច​បាននូវ ​ការអភិវឌ្ឍ​សកលដែល​មាន ភាព​កាន់តែ​ខ្លាំងក្លា ​បៃតងនិង​ល្អប្រសើរ ។

ភារកិច្ច​ជាបន្ទាន់​ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ សកល​នាពេល​បច្ចុប្បន្ន​គឺលុបចោល​ “គម្លាតខ្លាំង​ក្នុង​ការចែកចាយ​វ៉ាក់សាំង​” ។ នៅ​ពេល​ដំបូងនៃ​ការផ្ទុះជំងឺ​កូវីដ១៩ ​ប្រទេសចិន​ក៏បាន​លើកឡើងថា​ ​ត្រូវចាត់ទុក​វ៉ាក់សាំង​ជំងឺកូវីដ១៩ ​ជាផលិតផល​សាធារណៈ​សកល ។​ គិតមកទល់​បច្ចុប្បន្ននេះ​ ប្រទេសចិន​បានផ្តល់​វ៉ាក់សាំងលើស​ពី១ពាន់៨រយ​លានដូសដល់​ ប្រទេសនិង​អង្គការអន្តរជាតិ​ជាង ១២០ នៅ​លើពិភពលោក ។

ក្នុងពិធី​អបអរសាទរ​ការផ្តល់​វ៉ាក់សាំង ដោយ​ជោគជ័យរបស់​ប្រទេស​ចិន​លើកទី៧ ​សម្តេចហ៊ុនសែន​ នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ថ្លែងថា ​ជោគជ័យនៃ​យុទ្ធនាការជាតិ​ចាក់វ៉ាក់សាំង​របស់កម្ពុជា ​គឺមិនអាច​កាត់ផ្តាច់​ចេញពី​ការ ផ្តល់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ ដោយ​ប្រទេសចិន​បានឡើយ​ វ៉ាក់សាំង​ដែលមាន​ប្រភពមកពី​ប្រទេសចិន​ជាកូនសោគន្លឹះ​ក្នុងការការពារ​ សុខភាព​សាធារណៈ និង​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា ។

“វ៉ាក់សាំង​របស់ចិនមាន​សង្ឃឹម​ ក្លាយជាខ្សែ​ជីវិតរបស់​ប្រទេស​ កំពុងអភិវឌ្ឍន៍​” កាសែត ​The ​New ​York ​Times​ របស់​សហរដ្ឋអាមេរិក​បាន ចុះផ្សាយ​បទអត្ថាធិប្បាយ​ថា ​បន្ទាប់ពី​កើតជំងឺកូវីដ​១៩មក​ ប្រទេសចិន​បានខិតខំ​ប្រឹងប្រែង​ចាត់ទុក​វ៉ាក់សាំង​ជំងឺកូវីដ១៩​ជាផលិតផល​សាធារណៈ​សកល ​ដើម្បីជំរុញ​ភាពអាចទទួលបាន​និងភាព​អាចរ៉ាប់រង​បានរបស់​វ៉ាក់សាំង​ក្នុង ប្រទេស​កំពុងអភិវឌ្ឍន៍ ។

ប្រទេសចិន​បានបង្កើត​របាំង​ ភាពស៊ាំ​ដ៏រឹងមាំដល់​ពិភពលោក ​តាមរយៈ​ការអនុវត្ត​ជាក់ស្តែង​របស់ខ្លួន​ ហើយ​ក៏បាន​ដើរតួនាទីដ៏​សំខាន់ ក្នុង​ការណែនាំ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ​ទូទាំង​ពិភពលោក​ផងដែរ ។ 

ប្រទេសចិន​នឹង បន្តអនុវត្ត​តាមពាក្យសន្យា​ ដែលនឹង​ខិតខំប្រឹងប្រែង​ផ្តល់វ៉ាក់សាំង​ចំនួន ២ពាន់​លានដូស ដល់​ទូទាំង​ពិភពលោក ​និងរួមវិភាគទាន​វ៉ាក់សាំង​ឥតសំណង​ចំនួន១រយ​លានដូសទៀត ​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​ ក្នុងឆ្នាំ២០២១ ។

ការរីករាលដាល​នៃជំងឺកូវីដ១៩​ បានផ្ទុះឡើង​ម្តងហើយ​ម្តងទៀត​ បាន​បង្ហាញថា​ មនុស្សជាតិ​ជាសហគមន៍​រួមវាសនា ​ដែលរួមសុខ​រួមទុក្ខ​ជាមួយគ្នា ​។ ក្នុងយុគសម័យ​នៃការធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ មនុស្សជាតិ​នឹងត្រូវ​ប្រឈម នូវ​បញ្ហាសន្តិសុខ​មិនមែន​ ប្រពៃណី​គ្រប់បែបយ៉ាង​ឥតឈប់ឈរ​ ។ “ការប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​រៀងៗខ្លួន​”មិនសមស្រប​នឹង​យុគសម័យ​នេះឡើយ​ ហើយ “​ការរួមគ្នា​ខិតខំប្រឹង​ប្រែង និង​ផ្តល់មធ្យោបាយ​ជាមួយគ្នា”​ទើបអាច​ទប់ទល់នឹង​រាល់ បញ្ហា​ប្រឈម​ទាំងអស់។ ​ប្រឈមមុខ​នឹងហានិភ័យ​និងបញ្ហា​ប្រឈម ​មានតែ​ធ្វើកិច្ចសហប្រតិបត្តិការ​ ដោយ​រួមចិត្ត​រួមកម្លាំង​នោះទេ ​ទើបអាច​ទទួលបាន​ជោគជ័យ នៅ​ទីចុងបំផុត ៕

To Top