ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់​ ដោយសារព្យុះទីហ្វុង Rai នៅហ្វីលីពីន កើនឡើងដល់៣៨៩នាក់

ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាល បានឲ្យដឹង នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៨៩នាក់ហើយ និង៦៤នាក់ ទៀតកំពុងបាត់ខ្លួន ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយជាតិ ហៅកាត់ (NDRRMC) បានឲ្យដឹងថា ព្យុះទីហ្វុង ដែលបានបោកបក់ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែធ្នូ បានធ្វើឱ្យមនុស្ស១.១៤៦នាក់រងរបួសផងដែរ ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ព្យុះទីហ្វុងនេះបានប៉ះពាល់ ដល់មនុស្សជាង៤,២លាននាក់នៅក្នុងតំបន់ចំនួន១១នៅភាគកណ្តាល និងភាគខាងត្បូង នៃប្រទេសហ្វីលីពីន ក៏ដូចជាផ្នែកខ្លះនៃកោះ Luzon ដ៏សំខាន់ផងដែរ។

ព្យុះទីហ្វុង ដែលជាទី១៥ និងមានឥទ្ធិពលបំផុត ដែលបានវាយប្រហារ ប្រទេសក្នុងឆ្នាំនេះបានបង្ខំឱ្យ អ្នកភូមិចំណាយពេលថ្ងៃបុណ្យ របស់ពួកគេនៅក្នុងមជ្ឈមណ្ឌលជម្លៀស ដោយសារតែផ្ទះត្រូវបានខូចខាត ។

យោងតាមទីភ្នាក់ងារ នេះ មនុស្សជិត៣១៥.០០០នាក់ ក្នុងចំណោមជាង៥៧០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅបណ្តោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលជម្លៀស ចំនួន១.១៧៩នាក់ ។ ផ្ទះជាង៥០០.០០០ខ្នង ត្រូវបានបំផ្លាញ ។

ព្យុះទីហ្វុង បង្កការខូចខាត ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានកើនឡើងដល់ជាង២២ពាន់លានប៉េសូ (ប្រហែល ៤៤០លានដុល្លារអាមេរិក)៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top