តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារ នាពេលថ្មីៗនេះ របស់អ៊ីស្រាអែល លើកំពង់ផែ Latakia របស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យ ក្រសួងការបរទេសលោក Saeed Khatibzadeh បានឲ្យដឹងដោយយោងតាម គេហទំព័ររបស់ក្រសួងថា “មេដឹកនាំនៃរបប Zionist (របស់អ៊ីស្រាអែល) មិនឈរលើស្ថិរភាព សន្តិសុខ និងភាពស្ងប់ស្ងាត់ នៃតំបន់នោះឡើយ” ។
លោកបានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែល គឺជាការវាយប្រហារលើរដ្ឋ សមាជិកអង្គការសហប្រជាជាតិ និងជាការរំលោភយ៉ាងច្បាស់លាស់ លើអធិបតេយ្យភាពរបស់ខ្លួន ដោយលោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ វាត្រូវបានចាត់ទុកថាជា “អំពើអមនុស្សធម៌ និងអសីលធម៌”។
លោក Khatibzadeh បានជំរុញសហគមន៍អន្តរជាតិ ឱ្យចាត់វិធានការចាំបាច់ ដើម្បីការពារការកើតឡើងវិញ នៃការវាយប្រហារបែបនេះ ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបាញ់មីស៊ីល ពីសមុទ្រមេឌីទែរ៉ាណេ មកលើកំពង់ផែពាណិជ្ជកម្ម នៃទីក្រុង Latakia ក្នុងប្រទេសស៊ីរី កាលពីព្រឹកថ្ងៃអង្គារ ដោយបានវាយប្រហារ ស្ថានីយកុងតឺន័រ និងបានឆាបឆេះ ស្ទើតែទាំងស្រុង៕ ដោយ ឈូក បូរ៉ា